ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្កក​មូលនិធិ​បរទេស​របស់​អាមេរិក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ប្រឈម​អនាគត​មិន​ច្បាស់


គេហទំព័រ​របស់​សារព័ត៌មានជាតិ​អ៊ុយក្រែន National Union of Journalists កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២៥។
គេហទំព័រ​របស់​សារព័ត៌មានជាតិ​អ៊ុយក្រែន National Union of Journalists កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២៥។

នៅ​ជួរ​មុខ​នៃ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន កាសែត​ក្នុង​ស្រុក​គឺ​ជា​មូលដ្ឋាន​ផ្ដល់​ព័ត៌មាន​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​ដែល​រុស្ស៊ី​បាន​បំផ្លាញ​អង់តែន​ទូរស័ព្ទ​និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត។

អ្នកកាសែត​នៅ​ប្រទេស​អ៊ុយក្រែន​ផ្ដល់​ព័ត៌មាន​អំពី​ច្រក​នានា​ដែល​ប្រើ​សម្រាប់​ការ​ជម្លៀស កត់ត្រា​ឧក្រិដ្ឋកម្ម​នានា​ដែល​គេ​ចោទ​ថា​រុស្ស៊ី​ជា​អ្នក​ប្រព្រឹត្ត​និង​ការ​ចល័ត​ទ័ព ក៏​ដូចជា​ផ្សព្វផ្សាយ​ទប់ទល់​នឹង​ការ​ឃោសនា​របស់​រុស្ស៊ី​ផងដែរ។

ការ​បង្កក​បណ្ដោះ​អាសន្ន​នៃ​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ក​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តូចៗ​ដែល​ពឹងផ្អែក​លើ​ម្ចាស់​ជំនួយ​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន។

លោក Sergiy Tomilenko ប្រធាន​សហជីព​ជាតិ​អ្នកកាសែត​អ៊ុយក្រែន បាន​ប្រាប់ VOA ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អ៊ុយក្រែន​ជាច្រើន​ប្រឈម​នឹង​ការ​គំរាម​កំហែង​បិទ​ឬ​ការ​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ខ្លួន»។

ប៉ុន្តែ ស្ថានភាព​បែប​នេះ​មិន​កើត​មាន​តែ​នៅ​ប្រទេស​អ៊ុយក្រែន​នោះ​ទេ ដោយ​ប្រទេស​ផ្សេង​ទៀត​ក៏​រង​ការ​ប៉ះពាល់​ពី​ការ​បង្កក​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ដោយ​តម្រូវ​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ទាំងអស់​ផ្អាក​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​បរទេស​រយៈពេល ៩០ ថ្ងៃ។ បទបញ្ជា​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Marco Rubio បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា​ថា៖ «រាល់​ប្រាក់​ដុល្លារ​ដែល​យើង​ចំណាយ រាល់​កម្មវិធី​ដែល​យើង​ផ្ដល់​មូលនិធិ និង​រាល់​គោលនយោបាយ​ដែល​យើង​ព្យាយាម​អនុវត្ត ត្រូវតែ​ឆ្លើយតប​ទៅ​នឹង​សំណូរ​សាមញ្ញ ៣ ដែល​នោះ​គឺ តើ​ការ​ចំណាយ​នោះ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​កាន់តែ​មាន​សុវត្ថិភាព​ឬ​ទេ? តើ​វា​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំង​ឬ​ទេ? និង​តើ​វា​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​កាន់តែ​មាន​វិបុលភាព​ឬ​ទេ?»។

ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ពឹងផ្អែក​លើ​ការ​ផ្ដល់​មូលនិធិ​ពី​សហរដ្ឋ​អាមេរិក ដោយសារតែ​ពួកគេ​រាយការណ៍​នៅ​ក្នុង​បរិយាកាស​រឹតត្បិត។ នេះ​បើ​យោង​តាម​អង្គការ JX Fund នៅ​ទីក្រុង​ប៊ែរឡំាំង ប្រទេស​អាល្លឺម៉ង់។

ដោយសារ​តែ​ការ​បង្កក​មូលនិធិ​នេះ ស្ថាប័ន​ព័ត៌មាន​នៅ​លើ​ពិភពលោក​កំពុង​ស្វះស្វែង​រក​ប្រភព​មូលនិធិ​ផ្សេង​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅកាន់​អ្នកអាន​និង​អ្នកស្ដាប់​របស់​ខ្លួន និង​បញ្ចៀស​ការ​បិទ​ស្ថាប័ន។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​អ្នក​វិភាគ​ជាច្រើន​ដែល​បាន​ថ្លែង​ប្រាប់ VOA។

អ្នកស្រី Penelope Winterhager នាយក​គ្រប់គ្រង​អង្គការ JX Fund បាន​និយាយ​ថា ស្ថាប័ន​ព័ត៌មាន​ទាំងនេះ «ត្រូវបាន​គេ​ទម្លាក់​ចូល​ទៅក្នុង​ស្ថានភាព​អាសន្ន»។

វិធានការ​នេះ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​កំពុង​ប៉ះពាល់​ដល់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​រាប់​សិប​ស្ថាប័ន​នៅ​ក្នុង​ប្រទេស​ជាង ៣០។ នេះ​បើ​យោង​តាម​សហព័ន្ធ​អ្នកកាសែត​អឺរ៉ុប (EFJ) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

យោង​តាម​បទបញ្ជា​របស់​លោក Trump ក្នុង​រយៈពេល ៩០ ថ្ងៃ​នៃ​ការ​ផ្អាក​ជំនួយ​នេះ ក្រសួង​និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា​របស់​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​ការ​ផ្ដល់​មូលនិធិ​បរទេស​របស់​ខ្លួន និង​សម្រេច​ថា​តើ​ជំនួយ​របស់​ពួកគេ​គួរតែ​បន្ត កែ​សម្រួល ឬ​ត្រូវ​បញ្ចប់។

ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់ VOA ទេ ហើយ​បាន​ប្រាប់ VOA ឲ្យ​យោង​ទៅ​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី ២៩ ខែ​មករា​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថ្លែង​ថា៖ «ពលរដ្ឋ​អាមេរិកាំង​គឺ​ជា​ពលរដ្ឋ​ដែល​ប្រឹង​ប្រែង​ធ្វើការ​និង​មាន​សន្ដាន​ចិត្ត​ល្អ ដែល​បាន​លះបង់​ញើសឈាម​និង​ទ្រព្យ​សម្បត្តិ​ដើម្បី​ជួយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មិន​ត្រូវ​មាន​ប្រទេស​ជាតិ​ដទៃ​ដែល​គួរ​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​នេះ​ទេ ហើយ​មិន​គួរ​មាន​កម្មវិធី​ផ្ដល់​ជំនួយ​បរទេស​ណា​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ដិតដល់​នោះ​ដែរ»។

លោក Tomilenko បាន​ថ្លែង​ថា ការ​បង្កក​ជំនួយ​នេះ​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​សម្រាប់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​សមរភូមិ​ជួរមុខ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Tomilenko បាន​លើកឡើង​ដូច្នេះ​ថា៖ «នៅ​តាម​តំបន់​ជា​ច្រើន​ដែល​កៀក​ទៅ​នឹង​ទីលាន​ប្រយុទ្ធ យើង​អាច​និយាយ​បាន​ថា​មានតែ​កាសែត​ក្នុង​ស្រុក​ទេ​ដែល​ជា​ប្រភព​ព័ត៌មាន​ដ៏​គួរឲ្យ​ទុកចិត្ត»។

ចាប់តាំង​ពី​ការ​ឈ្លានពាន​ពេញ​ទំហឹង​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០២២ មក រុស្ស៊ី​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​ខ្លួន​នៅ​លើ​សាកលលោក ស្របពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង។

លោក Tomilenko បន្ត​ថា សង្គ្រាម​នេះ​ក៏​បាន​ដាក់​កំហិត​ទៅ​លើ​ទីផ្សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ចម្បង​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​នេះ​ផងដែរ។

នៅ​ពេល​និយាយ​អំពី​ការ​គាំទ្រ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សហរដ្ឋ​អាមេរិក​គឺជា​តួអង្គ​មួយ​ដែល​ខ្លាំង​ជាងគេ​ទាំងអស់។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី Winterhager នៃ​អង្គការ JX Fund។

អ្នកស្រី​បន្ត​ថា ទោះបីជា​ស្ថាប័ន​ព័ត៌មាន​ទាំង​នេះ​ទទួល​ជំនួយ​ពី​បរទេស​ក៏​ដោយ ក៏ «ការ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ពួក​គេ​មាន​ភាព​ឯករាជ្យ»។

ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ពឹង​លើ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ក៏​មើល​ឃើញ​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​មិន​ច្បាស់​ផងដែរ។

បន្ទាប់ពី​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ ២០២១ យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​អ្នក​កាសែត​និង​ហាម​ឃាត់​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ។ ការ​បង្ក្រាប​នេះ​បាន​បង្ខំ​ឲ្យ​ស្ថាប័ន​ជាច្រើន​ភៀសខ្លួន​ទៅ​បរទេស។

បច្ចុប្បន្ន​នេះ ស្ថាប័ន​ខ្លះ​រាយការណ៍​ចេញ​ពី​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​មីយ៉ាន់ម៉ា ខណៈ​ដែល​ស្ថាប័ន​ខ្លះ​ទៀត​អាច​ដំណើរការ​ចេញ​ពី​តំបន់​នានា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ប្រសិនបើ​ការ​បង្កក​មូលនិធិ​នេះ​បង្ខំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​ត្រូវ​បញ្ឈប់​ដំណើរការ​របស់​ខ្លួន លោក​ Karol Luczka នៃ​អង្គការ IPI ព្រមាន​ថា ការ​ឃោសនា​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដូចជា​នៅ​ប្រទេស​រុស្ស៊ី​ជាដើម​អាច​នឹង​កើនឡើង​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នេះ។

លោក​និយាយ​ថា៖ «នៅ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផុត​រលត់​ទៅ វា​បង្កើត​បាន​នូវ​ភាព​ចន្លោះ​ប្រហោង​មួយ ហើយ​ភាព​ចន្លោះ​ប្រហោង​នោះ​ចាំបាច់​ត្រូវ​បំពេញ​ដោយ​អ្វី​ម្យ៉ាង»៕


VOA ផ្នែក​ភាសា​ភូមា​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG