ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទទូច​ចង់​ធ្វើ​សង្គ្រាម


លោកស្រី Nikki Haley ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Nikki Haley ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា កន្លង​ទៅ​នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី ៦ ដែល​ជា​ការ​សាកល្បង​ដ៏​ធំ​បំផុត​របស់​ខ្លួន​កន្លង​មក។ ការ​សាកល្បង​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​ការ​ថ្កោល​ទោស​ភ្លាមៗ។ នៅ​ឯ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗ​ប្រឆាំង​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង លោក Kim Jong Un។

លោកស្រី Nikki Haley និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​ប្រើប្រាស់​មីស៊ីល​ខុស​ច្បាប់ និង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​លោក Kim Jong Un បាន​បង្ហាញ​ថា លោក​កំពុង​តែ​ទទូច​ចង់​ធ្វើ​សង្គ្រាម។ សង្គ្រាម​មិន​មែន​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​នោះ​ទេ។ សហរដ្ឋ​អាមេរិក​មិន​ត្រូវការ​សង្គ្រាម​នៅ​ពេល​ឥឡូវ​នេះ​នោះ​ទេ ប៉ុន្តែ​ការ​អត់ធ្មត់​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​ដែន​កំណត់។ សហរដ្ឋ​អាមេរិក​នឹង​ការពារ​សម្ព័ន្ធមិត្ត និង​ដែនដី​របស់​ខ្លួន»។

លោកស្រី Nikki Haley បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​សេចក្ដី​សម្រេច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ហើយ​សហរដ្ឋ​អាមេរិក​រំពឹង​ថា​នឹង​ដាក់​សេចក្ដី​សម្រេច​នេះ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

លោកស្រី Nikki Haley និយាយ​ថា៖ «ពេលវេលា​សម្រាប់​ការ​ចាត់​វិធានការ​មិន​បាន​ពេញលេញ​នានា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គឺ​ចប់​ហើយ។ ពេល​វេលា​បាន​មក​ដល់​ហើយ​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ការទូត​របស់​យើង​ទាំង​អស់​មុន​ពេល​វា​យឺត​ពេល។ ឥឡូវ​នេះ យើង​ត្រូវតែ​អនុម័ត​នូវ​វិធានការ​ខ្លាំង​ក្លា​បំផុត​នានា​ដែល​អាច​ទៅ​រួច»។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទើបតែ​អនុម័ត​នូវ​ទណ្ឌកម្ម​តឹងតែង​បំផុត​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង កាល​ពី​ខែ​មុន។

ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Liu Jieyi បាន​ថ្កោលទោស​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា។

លោក Liu Jieyi ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​គឺ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ ធ្លាក់​ចូល​ទៅ​ក្នុង​ចរន្ត​វិលវល់​ដ៏​អាក្រក់​មួយ។ វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី។ ប្រទេស​ចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ភាព​ច្របូកច្របល់ និង​សង្គ្រាម​កើត​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ​ទេ»។

កន្លង​មក អ្នក​ការទូត​នានា​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្រប់​ផ្នែក​ទាំង​អស់​ហើយ។

សហគមន៍​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​បាន​បង្វែរ​ចំណូល​ពី​ឧស្សាហកម្ម​ជា​ច្រើន​ទៅ​ប្រើប្រាស់​សម្រាប់​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​ខុស​ច្បាប់​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG