លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំប្រាប់លោកស្រី Theresa May នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសថា ការពិភាក្សាដោយបើកចំហរជាមួយកូរ៉េខាងជើងនៅពេលបច្ចុប្បន្ននេះមិនមែនជាជម្រើសដ៏ល្អបំផុតដើម្បីដោះស្រាយកម្មវិធីអាវុធនុយក្លែអ៊ែរដែលកំពុងរីកកាន់តែធំឡើងរបស់ប្រទេសនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានត្រូវដកស្រង់សម្តីនៅពេលដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលសង្កត់ពីការពិភាក្សារបស់លោកកាលពីថ្ងៃអង្គារជាមួយលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសថា «ឥឡូវនេះ មិនមែនជាពេលវេលាដើម្បីចរចាជាមួយកូរ៉េខាងជើងទេ»។ លោកប្រធានាធិបតីត្រាំបានមានប្រ សាសន៍ថា «ជម្រើសទាំងអស់នៅបើកចំហរដើម្បីការពារសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងភាពគគ្លើនរបស់កូរ៉េខាងជើង»។ មេដឹកនាំទាំង២បានសន្យាបន្តបង្កើនគំនាបខាងការទូតនិងសេដ្ឋកិច្ចលើកូរ៉េខាងជើង ដែលបានចុចបំផ្ទុះការសាកល្បងកាលពីថ្ងៃអាទិត្យដែលត្រូវបានគេជឿជាក់ថា ជាគ្រាប់បែកអ៊ីដ្រូសែន។
នៅថ្ងៃអង្គារនោះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានពិភាក្សាការសាកល្បងអាវុធកាលពីពេលថ្មីៗបំផុតរបស់កូរ៉េខាងជើងជាមួយលោក Malcolm Turnbull នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានប្រាប់ឲ្យដឹងថា មេដឹកនាំទាំង២បានព្រមព្រៀងគ្នាពង្រីកការខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លែអ៊ែរ។
កូរ៉េខាងជើងក៏ត្រូវគេរំពឹងនឹងធ្វើការឆ្លើយតបដែរកាលពីថ្ងៃពុធពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិយាយជាមួយប្រធានាធិបតីចិន ស៊ី ជីងពីងដែលជាប្រទេសជិតខាងរបស់កូរ៉េខាងជើងហើយនឹងជាដៃគូពាណិជ្ជកម្មនិងសម្ព័ន្ធមិត្តយុទ្ធសាស្រ្តដ៏សំខាន់មួយ។
លោកប្រធានាធិបតីត្រាំបានសន្យាបញ្ឈប់ធ្វើពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ហើយលោករដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក Steven Mnuchin និយាយថា លោកកំពុងធ្វើការលើសេចក្តីលម្អិតនៃផែនការនោះដែលមុនដំបូងផ្តោតលើប្រទេសចិន។ ប្រាក់ចំណូលនៃការនាំចេញទំនិញជាង៩០ភាគរយរបស់កូរ៉េខាងជើងមកពីប្រទេសចិន៕