ប្រធានាធិបតីស.រ.អា. លោក Donald Trump បានផាត់ចោលសេចក្តីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងការបណ្តេញពួកបុគ្គលិកការទូតស.រ.អា.រាប់រយនាក់ចេញពីប្រទេសរុស្ស៊ី ដោយគាត់បានអរគុណ Putin ហើយគាត់បាននិយាយទទូចថាចំណាត់ការរបស់រុស្ស៊ីបានធ្វើឱ្យស.រ.អា.សន្សំប្រាក់បានច្រើនគួរសម។
នៅក្នុងកំណត់សម្គាល់ជាច្រើនរបស់គាត់ដល់ពួកអ្នកកាសែតនៅឯកន្លែងលេងកីឡាកូនហ្គោលរបស់គាត់ក្នុងផ្នែកកណ្តាលនៃរដ្ឋ New Jersey កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា «ខ្ញុំចង់អរគុណ Putin ពីព្រោះយើងកំពុងខិតខំព្យាយាមកាត់បន្ថយចំណាយលើប្រាក់បៀវត្សរ៍ ខ្ញុំអរគុណខ្លាំងណាស់ដែលគាត់បើកឱ្យមនុស្សច្រើននាក់ចេញពីប្រទេសគាត់ពីព្រោះនៅពេលនេះយើងត្រូវបង់ប្រាក់បៀវត្សរ៍តិចជាងមុន»។ លោកប្រធានាធិបតី Trump បាននិយាយបន្ថែមថា «...យើងនឹងសន្សំប្រាក់បានច្រើន»។
គ្មានប្រតិកម្មជាផ្លូវការជាបន្ទាន់ពីក្រសួងការបរទេសស.រ.អា.ចំពោះសេចក្តីថ្លែងការណ៍របស់លោក Trump ទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ពាក្យសម្តីអតីតមន្ត្រីក្រសួងការបរទេសអាមេរិកាំងម្នាក់ដែលគេមិនបញ្ចេញឈ្មោះដែលបាននិយាយថា ក្រសួងនេះ «រន្ធត់ និងវិលក្បុង» ដោយកំណត់សម្គាល់ទាំងនេះរបស់លោក Trump។
គេដឹងមិនច្បាស់លាស់ទេថាតើលោកប្រធានាធិបតីអាមេរិកាំងរូបនេះនិយាយលេងសើចនៅក្នុងកំណត់សម្គាល់ទាំងនេះរបស់គាត់ឬយ៉ាងណានោះទេ។ លោក Nicholas Burns សាស្ត្រាចារ្យនៅសាលារដ្ឋាភិបាលនៃមហាវិទ្យាល័យ John F. Kennedy របស់សាកលវិទ្យាល័យ Harvard បានមានប្រសាសន៍ថាប្រសិនបើ លោក Trump និយាយលេងសើច «គាត់គួរដឹងល្អប្រសើរជាងនេះ» ក៏ប៉ុន្តែបើគាត់មិននិយាយលេងសើចទេ អត្ថាធិប្បាយទាំងនេះជា» ការមិនដែលមានពីពេលមុនៗទេ»។
សេតវិមានមិនបានធ្វើអត្ថាធិប្បាយជាបន្ទាន់អំពីកំណត់សម្គាល់ទាំងនេះរបស់លោកប្រធានាធិបតី Trump ទេ។ គេបានរិះគន់លោក Trump ថាហាក់ដូចជាមិនបានប្រកាន់គោលជំហរតឹងរ៉ឹងប្រឆាំងនឹងប្រទេសរុស្ស៊ីទេ៕