ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិកាំង​តាំង​ពិព័រណ៍​រូបភាព​ទស្សនកិច្ច​លោកស្រី​ ​Jaqueline Kennedy


ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានរៀបចំការតាំងបង្ហាញរូបភាពដើម្បីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ។(ទុំ ម្លិះ/VOA)
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានរៀបចំការតាំងបង្ហាញរូបភាពដើម្បីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ។(ទុំ ម្លិះ/VOA)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​រៀបចំ​ពិព័រណ៍​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​Jaqueline Kennedy​ ​ដែល​ជា​ភរិយា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​បង្ហាញ​ពី​ចំណង​មិត្ត​ភាព​រឹងមាំ​រវាង​កម្ពុជា​-អាមេរិក។​

ក្នុង​ពិធី​តាំង​ពិព័រណ៍​នា​យប់​ថ្ងៃ​ទី​១៤​ ​ខែ​វិច្ឆិកា​ ​មានរូប​ថត​មួយ​ចំនួន​ដែល​ភ្ជាប់​ដោយការ​ពន្យល់​រៀប​រាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​Jacqueline Kennedy​ ​ដែល​ជា​ភរិយា​របស់​អតីត​ប្រធានា​ធិបតី​អាមេរិក​ ​លោក​ John F. Kennedy​ ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​សណ្ឋាគារ​ Raffle Le Royal​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជា​សណ្ឋាគារ​ដែល​លោកស្រី​បាន​ស្នាក់​នៅ​នា​ពេល​ដំណើរ​ទស្សនកិច្ច។ រូបថត​ទាំង​នោះ​បង្ហាញ​ពី​ជំនួប​ផ្ទាល់​រវាង​លោកស្រី​ និង​ព្រះ​មហាវីរក្សត្រ​ព្រះ​បាទ​នរោត្តម​សីហនុ​ និង​អគ្គមហេសី​នរោត្តម​ មុនីនាថ​ សីហនុ។​

លោក​ ​William Heidt​ ​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំកម្ពុជា​ ​ថ្លែង​ក្នុង​ពិធី​កាត់​ខ្សែ​បូរ​សម្ពោធ​ការតាំង​ពិព័រណ៍រូប​ថតរបស់​លោកស្រី​ ​Jacqueline Kennedy​ ​នា​យប់​ថ្ងៃទី​អង្គារ​កន្លង​ទៅ​ថា​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​របស់​លោកស្រី​ Jacqueline ​ ​ក្នុង​ឆ្នាំ​១៩៦៧ ​អាមេរិក​ ​និង​កម្ពុជា​ ​មិនទាន់​មាន​ចំណង​ការទូត​ជាមួយ​គ្នា​ឡើង​វិញ​នោះ​ទេ​ បន្ទាប់​ពីការ​កាត់​ផ្តាច់​ក្នុង​ឆ្នាំ​១៩៦៥។​ ​លោក​បន្ថែម​ថា​ ​បើ​ទោះបី​ជា​ពេល​នោះ​ ​អាមេរិក​ ​និង​កម្ពុជា​មិន​មាន​ទំនាក់​ទំនង​ការទូត​ក្តី​ ​ប៉ុន្តែ​សម្តេច​នរោត្តម​សីហនុ​ ​និង​ប្រជាជន​កម្ពុជា​បាន​ស្វាគមន៍​លោកស្រី​យ៉ាង​កក់ក្តៅ​និង​រាក់ទាក់។​

លោក​ ​William Heidth​ ​បន្ថែមថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​Jacqueline Kennedy​ នៅ​ឆ្នាំ១៩៦៧​ ​គឺ​ជានិមិត្ត​សញ្ញា​នៃ​ទំនាក់​ទំនងរវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ ​ថា​នៅ​មាន​ភាព​រឹងមាំ​ ​បើ​ទោះ​បី​ជា​ស្ថានការណ៍​នយោ​បាយ​មាន​ភាព​ឡើង​ចុះ​ក៏​ដោយ។​

លោក​ឯកអគ្គរដ្ឋ​ទូត​បាន​បន្ថែម​ទៀត​ថា៖

«អ្នក​ប្រហែល​ជា​ដឹង​ពី​ព័ត៌មាន​ ដែល​ថា​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ដូចជា​នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​ ​Jackie​ ​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៦៧​ដែរ។​ ​វា​ជា​រឿង​ធម្មតា​ទេ ​ដែល​ប្រទេស​ពីរ​មិន​យល់​ស្រប​គ្នា​លើ​គ្រប់​បញ្ហា​ទាំង​អស់នោះ។​ ​ដំណើរ​ទស្សនកិច្ច​របស់​ ​Jackie​ ​បង្ហាញ​ពី​របៀប​ដែល​ការ​គោរព​ ​និង​អភិរក្ស​កេរ​ដំណែល​វប្បធម៌​របស់​កម្ពុជា​អាច​នាំ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ។​ ​នេះ​គឺ​ជា​គោលដៅ​ដែល​មាន​សារៈសំខាន់​សម្រាប់​ពេល​បច្ចុប្បន្ន​ ​ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៦៧»។​

សម្រាប់​លោកស្រី​ ​Jaqueline Kennedy​ បានចាត់​ទុក​ថា​ ដំណើរទស្សនកិច្ច​នៅ​កម្ពុជា​ជា​ការ​បំពេញ​ ​«សុបិន​ក្នុង​មួយ​ជីវិត​កាល​ពី​នៅ​ក្មេង»​ ​ក្នុង​ការ​បាន​មើល​ប្រាសាទ​អង្គរ​ដែល​ជា​ប្រាសាទ​បុរាណ​ខ្មែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG