ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្លួន​ពី​អាមេរិក ​ក្រោយ​អាមេរិក​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​និង​គ្រួសារ


លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​បាឋកថា​មួយ ទទួល​យក​ជនជាតិ​កម្ពុជា ដែល​បញ្ជូន​មកពី​សហរដ្ឋអាមេរិក​វិញ បន្ទាប់​ពី​អាមេរិក​ប្រកាស​លែង​ផ្តល់​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍ ឲ្យ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា​នៅព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៤ កញ្ញា ២០១៧ ។ (អូន​ ឆេងប៉រ/VOA)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​បាឋកថា​មួយ ទទួល​យក​ជនជាតិ​កម្ពុជា ដែល​បញ្ជូន​មកពី​សហរដ្ឋអាមេរិក​វិញ បន្ទាប់​ពី​អាមេរិក​ប្រកាស​លែង​ផ្តល់​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍ ឲ្យ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា​នៅព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៤ កញ្ញា ២០១៧ ។ (អូន​ ឆេងប៉រ/VOA)

បន្ទាប់​ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​ឈប់​ចេញ​ទិដ្ឋាការ​ដល់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការបរទេស​និង​គ្រួសារ ​ រដ្ឋាភិបាល​កម្ពុជា​​​យល់​ព្រម​​បន្ត​ទទួល​យក​ជនជាតិ​កម្ពុជា​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក។

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បន្ត​ទទួល​យក​ពលរដ្ឋ​ខ្លួន​ ដែល​បានប្រព្រឹត្ត​ល្មើស​ច្បាប់​ ហើយ​ដែល​អាមេរិក​ចង់បញ្ជូន​ពី​សហរដ្ឋ​អាមេរិកមក​កម្ពុជា​វិញ​ ​តាមអនុស្សរណៈដែល​មាន​ស្រាប់កាលពី​ឆ្នាំ​២០០២ ​បន្ទាប់ពី​អាមេរិក​ប្រកាសលែង​ផ្តល់ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោ​ប្រវេសន៍ឲ្យ​មន្រ្តី​ជាន់​ខ្ពស់នៃ​ក្រសួង​ការ​បរទេស​កម្ពុជា។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​ប្រាក់ សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសកម្ពុជា​និង​សមាជិក​គ្រួសារ ។​

ក្នុង​ពិធី​ថ្លែងបាឋកថា​ស្ដីពី​ការ​យល់​ដឹង​ពី​ស្ថាន​ការណ៍​ពិភព​លោក​បច្ចុប្បន្ន ​និង​ការ​រៀប​ចំ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​លើក​ឡើង​ថា ​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាសរបស់​ស.រ.អា​ឈប់​ចេញ​ប្រភេទ​ទិដ្ឋាការមិន​មែន​អន្តោ​ប្រវេសន៍​ដល់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា។ ​ទោះជាយ៉ាងណា​ ​លោក​មិន​បាន​បញ្ជាក់ថា ​តើ​ការ​ធ្វើ​កំណត់​ទូត​នោះ​មាន​អត្ថន័យ​បែប​ណា​ខ្លះ​នោះ​ទេ។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA​ ​លោក ប្រាក់ សុខុន ​បញ្ជាក់​ថា ​កម្ពុជា​សម្រេច​បន្ត​ទទួល​យក​ជនជាតិ​កម្ពុជា​ដែល​បញ្ជូន​មក​ពី​សហ​រដ្ឋ​អាមេរិក​វិញ ​ទៅ​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU) ​ចេញ​កាល​ពី​ឆ្នាំ​២០០២ ​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​សហ​រដ្ឋ​អាមេរិក​និរទេស​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​នៅ​អាមេរិក​ ​ត្រឡប់​មក​កម្ពុជា​វិញ ​និង​ត្រៀមបញ្ជូន​មន្រ្តី​ទៅអាមេរិកដើម្បី​សម្ភាស​ជនជាតិ​ខ្មែរ​ចំនួន​២៦​នាក់​ទៀត ​ដែល​ស.រ.អា​គ្រោង​បញ្ជូន​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ទទួល​យក​បន្ត​កម្មវិធី​នេះ​ផ្អែក​ទៅ​លើ​អនុស្សរណៈ​ដែល​មាន​ស្រាប់ ​បាន​ន័យ​ថា ​លក្ខខណ្ឌ​ដែល​មាន​នៅ​ក្នុងអនុស្សរណៈដែល​មាន​ស្រាប់​ឆ្នាំ​២០០២​ហ្នឹង ​គឺ​យើង​បន្ត​សិន ​ទម្រាំ​តែ​ថា យើង​អាច​ចរចា​គ្នា​ ​ក្រែង​រក​ដំណោះស្រាយ​អី​ធូរស្រាល​ជាង ​ចំពោះ​អ្នក​ដែល​ត្រូវត្រឡប់​មក​វិញ​នោះ។​ យើង​ចាំ​មើល​ដល់​ថ្ងៃក្រោយ​ មើល​ស្ថាន​ការណ៍​ក្រែង​ធូរ​ស្រាល​ឡើង​វិញ​ទៅ​ យើង​អាច​សុំ​ឲ្យ​គាត់​ពិចារណា​ឡើង​វិញ​ពី​រឿង​ទិដ្ឋភាព​មនុស្ស​ធម៌​ និង​មេត្តាធម៌»។​

លោក ​ប្រាក់ សុខុន ​បន្ថែម​ថា ​ក្រោយការទទួល​យក​ជនជាតិ​កម្ពុជា​អស់រយៈពេល​១៥​ឆ្នាំ​កន្លង​ទៅ​កម្ពុជា​ក៏​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដើម្បី​ស្នើធ្វើ​វិសោធនកម្ម​អនុស្សរណៈ​យោគ​យល់​នេះ​ជាមួយ​សហ​រដ្ឋ​អាមេរិក ​ឲ្យ​មាន​ការ​បង្កើតមជ្ឈមណ្ឌលបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​អ្នក​ដែល​ត្រូវ​បញ្ជូន​មកវិញ​ និង​ដើម្បី​ឲ្យ​ការ​អនុវត្ត​នោះ​ស្រប​តាម​គោល​ការណ៍​មនុស្ស​ធម៌។ ​ប៉ុន្តែ​លោក​ថា ​រដ្ឋាភិបាល​អាមេរិក​បាន​សម្រេចច្រាន​ចោល​រាល់​ការ​ស្នើ​គ្រប់​ចំណុច​របស់​កម្ពុជា។​

បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក​ ប្រាក់ សុខុន ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ប្រកាស​ថា ​ការ​កំហិត​ទិដ្ឋាការ​គឺ​ជា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក។ ​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា ​ទណ្ឌកម្ម​ទិដ្ឋាការ​នេះ​គឺ មិន​សម​ហេតុផល ​និង​ផ្ទុយ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​សហ​រដ្ឋ​អាមេរិក ​និង​កម្ពុជា។​

សេចក្តីប្រកាស​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ចេញ​កាលពី​ថ្ងៃពុធ​ បញ្ជាក់​ថា ​រដ្ឋាភិបាល​អាមេរិក​សម្រេច​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោប្រវេសន៍ ​ដូចជា​ទេសចរណ៍ ​ជំនួញ ​និងសុខភាព ​ឲ្យ​ទៅ​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គ​នាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ និង​សមាជិក​ក្រុម​គ្រួសារ​របស់​មន្រ្តី​ទាំង​នោះ​ ​ចាប់​ពីថ្ងៃ​ទី​១៣​ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​នេះត​ទៅ។​

ក្រោយ​ពេល​អាមេរិកចេញ​សេចក្តី​ប្រកាស​នោះ​ភ្លាមៗ​ ​លោក​ ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បង្ហោះ​សារ​មួយ​ជា​ភាសា​អង់គ្លេស​លើ​គណនីហ្វេសប៊ុក​របស់​លោក​ ដោយ​សរសេរ​ថា ​ជនជាតិ​អាមេរិកាំងដើម​កំណើត​ខ្មែរ​ជាច្រើន​នាក់​បាន​ទៅ​សុំ​ឲ្យលោក​ជួយ​បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ជន​និរទេស​ដើម​កំណើត​ខ្មែរ​នៅ​អាមេរិក​ ដែល​ត្រូវ​បញ្ជូន​ត្រឡប់មក​កាន់​កម្ពុជា​វិញ។ ​លោក​បន្ថែម​ថា ​ពួកគេ​និយាយ​ថា ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​ នោះ​សហ​រដ្ឋ​អាមេរិក​នឹង​មិន​អាច​បញ្ជូន​ពួកគេ​ឲ្យ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​បាន​ទេ ​ដូច្នេះ​ពួក​គេ​នឹង​អាច​បន្ត​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​សហរដ្ឋ​អាមេរិក​បាន។​

រូបឯកសារ៖ ក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃរបស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា ឆ្នាំ២០១៦ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃរបស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា ឆ្នាំ២០១៦ (ហ៊ាន សុជាតា/VOA)

លោក ​ហ៊ុន ម៉ាណែត ​បាន​សរសេរ​ថា៖​

«រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាមធ្វើ​តាម​សំណើ​របស់ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំងជា​ច្រើន​ ដោយ​មិន​ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​អាមេរិក​និរទេសបញ្ជូន​ត្រឡប់​មក​កាន់​កម្ពុជា​វិញ។ ជា​លទ្ធផល ​រដ្ឋាភិបាល​អាមេរិក​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​និង​គ្រួសារ​របស់​ពួកគេ​ ជា​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​បដិសេធ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជន​ត្រូវ​បាន​និរទេស​ត្រឡប់​មក​កម្ពុជា​ទៅ​វិញ»។​

លោក​ ​David Josar​ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក ​ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ទេ​ នា​ព្រឹក​នេះ ​ដោយ​លោក​បានបង្វែរ​សំណួរ​ទៅ​កាន់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហ​រដ្ឋ​អាមេរិក​វិញ។​

ការ​ដាក់​ទណ្ឌកម្ម​ដោយផ្អាក​ការ​ចេញ​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍​របស់​អាមេរិក​នេះ ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​សង្គម ​និង​នយោបាយ​លើក​ឡើង​ថា ​អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន។​

លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក ​ប្រាប់​ VOA ​តាម​រយៈ​សារ​អេឡិចត្រូនិច ​ឬ​អ៊ីមែល​ថា ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ផ្អាក​ទិដ្ឋការ​មួយ​ចំនួន​សម្រាប់​មន្រ្តី​ក្រសួង​ការបរទេស​គឺ​ជា ​ជម្រើស​ដ៏​ត្រឹមត្រូវ​ ហើយ​ថា ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​អរគុណ​អាមេរិក​ដែល​មិនបានផ្អាក​ទិដ្ឋាការ​ដល់​គ្រប់​ប្រជាជន​កម្ពុជា​ទាំង​អស់។ ​លោក​បន្ថែម​ថា​ លោក​សង្ឃឹម​ថា​ ការ​ផ្អាក​ទិដ្ឋាការ​នេះ​នឹង​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។​

លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក
លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃ​ទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក

លោក​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​ប្រែ​សម្រួល​តាម​ន័យ​ដើម​ជា​ភាសាខ្មែរ​ថា៖​

«ស្ថានភាព​អាច​នឹង​កាន់តែ​អាក្រក់​ជាង​នេះ​ ​ប្រសិន​បើ​គ្មាន​អ្វី​ល្អ​ប្រសើរ។​ អ្នក​អាច​បន្ទោស​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ត្រាំ ​ចំពោះ​អ្វី​ដែល​មិន​បាន​ដំណើរ​ការ​ត្រឹម​ត្រូវ។ ​ការណ៍ពិត​នោះ​គឺ បើ​សិន​ជា​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន​ វា​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដក​កម្ពុជា​ចេញ​ពី​ប្រទេស​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម។​ ប្រទេស​ផ្សេង​ទៀត​ក៏​មិន​បាន​សហ​ការ​ដែរ​ ហើយ​មិនត្រូវ​បាន​បញ្ចេញ​ឈ្មោះ។ ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​ត្រូវ​បាន​គេ​រើស​ជា​គោលដៅ? ​តើវា​ជា​កម្ម​អាក្រក់​មួយ​ដែល​កើតឡើង​ដោយសារ​កម្ពុជា​បាន​រំលោភ​បំពាន​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឬ?​ ធ្វើ​ល្អ​ រឿង​ល្អ​នឹង​កើត​មាន»។​

លោក​ ​ឈាង វណ្ណារិទ្ធ​ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ មាន​ប្រសាសន៍​ថា ​ការ​សម្រេច​របស់​អាមេរិក​ក្នុង​ការ​ដាក់ទណ្ឌកម្មទិដ្ឋាការ​ប្រឆាំង​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ អាច​ជា​ផ្នែក​មួយបណ្តាល​មកពីវិបត្តិ​នយោបាយ​នៅ​កម្ពុជា។​ ​ ​លោក​បន្ត​ថា​ សហ​រដ្ឋ​អាមេរិកអាច​នឹងបន្ត​ដាក់​សម្ពាធ​ផ្សេងៗទៀតលើ​កម្ពុជា​ ដោយសារ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង ​និង​ការ​រិតត្បិត​ស្ថាប័ន​សារ​ព័ត៌មាន​ជាដើម។​

រូបឯកសារ៖ លោក​ ​ឈាង វណ្ណារិទ្ធ​ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ ​ឈាង វណ្ណារិទ្ធ​ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ (ហ៊ុល រស្មី/VOA)

លោក​បញ្ជាក់​ថា៖​

«អាមេរិក​ប្រហែល​ជា​នឹង​បន្ត​នូវយុទ្ធនាការ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​កម្ពុជា ​ទាក់​ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​ឬក៏​ការ​បិទនូវសារ​ព័ត៌មាន​ជាដើម។ ​ខ្ញុំ​គិត​ថា​ អាមេរិក​នឹង​អាចបន្ត​នូវ​យុទ្ធនាការដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​កម្ពុជា​ ​ទាក់ទង​បញ្ហា​ហ្នឹង»។​

ពលរដ្ឋ​ខ្មែរ​ចំនួន​៥៦៦​នាក់​ត្រូវ​បាន​និរទេស​ពី​សហ​រដ្ឋ​អាមេរិក​មក​វិញ​ ចាប់​តាំង​ពី​ពេល​កម្ពុជា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MOU)​ ​ក្នុង​ឆ្នាំ​២០០២​ ​ដែលអនុញ្ញាត​ឲ្យ​សហ​រដ្ឋ​អាមេរិក​និរទេស​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​នៅ​អាមេរិក​ ​ត្រឡប់​មក​កម្ពុជា​វិញ។ ​ជនជាតិ​ខ្មែរ​ទាំង​នោះ​ ​ភាគច្រើន​កើត​នៅ​ជំរំ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ ​បន្ទាប់ពី​គ្រួសារ​របស់​ពួកគេ​គេច​ពី​សង្គ្រាម​នៅ​កម្ពុជា​ ​ហើយ​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហ​រដ្ឋ​អាមេរិក​ពេល​ពួកគេ​នៅ​ជា​កុមារ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានដាច់​ដោយ​ឡែក​មួយទៀត ​ដែល​ចេញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ផ្ញើ​សារប្រាប់​ពលរដ្ឋ​របស់ខ្លួន​ដែល​កំពុង​រស់នៅ​កម្ពុជា​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​អសន្តិសុខ​ផ្សេងៗ។ ​សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា ​ស្ថាន​ការណ៍​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ចាប់ខ្លួន​អ្នក​នយោបាយ​ជាច្រើន​នាក់ ​ការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល ​និង​ការ​បណ្តេញ​បុគ្គលិក​បរទេស​ចេញពី​កម្ពុជា ​ការ​ប្រឆាំង​រាល់​សម្ដី​របស់​អាមេរិក​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ រួមទាំង​បញ្ហា​តានតឹង​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ផង​ដែរ។​

ស្ថានទូត​អាមេរិក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជា​ភាសាអង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរក្នុង​ន័យ​ដើម​ថា៖​

«បើទោះបីជាស្ថានទូត​មិន​អាច​បញ្ជាក់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ ​ចំពោះ​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម​នានា​ ឬ​បញ្ហា​សន្តិសុខ​នៅ​ពេល​នេះ​ក៏ដោយ​ ​ ប៉ុន្តែ​យើង​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ។ ​ហើយ​បើ​ទោះ​ជា​ការ​តវ៉ា ​ឬ​ព្រឹត្តិ​ការណ៍​ដែល​អាចកើត​ឡើង​នោះ​មានគោល​បំណង​ស្វែងរក​សន្តិភាព​ក្តី​ ស្ថានការណ៍​នេះក៏​អាច​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ឬ​ក៏​អាច​ក្លាយ​ទៅ​ជា​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ធំ​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន​ផង​ដែរ»។​

អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​គឺ​លោក ផៃ ស៊ីផាន ​ចាត់ទុក​ថា​ សាររបស់​ស្ថានទូត​អាមេរិក​នេះជា​ការ​បំផុស​បំផុល​ព័ត៌មាន​មិន​ពិត ​និង​លាប​ពណ៌​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG