ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដែលមានបំណងលេងឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៩ ប្រុងប្រយ័ត្ន និងមិនត្រូវជឿចំពោះជនខិលខូច ឬក្រុមហ៊ុនណាមួយដែលធានាសម្រាប់កម្មវិធីឆ្នោតនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់ឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក នារសៀល ថ្ងៃពុធ លោក Willaim Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាដាក់ឆ្នោត DV ដើម្បីទទួលបានឱកាសទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់។ លោកបន្ថែមថា ដើម្បីជៀសវាងការចាញ់បោកជនខិលខូច អ្នកដែលមានបំណងចូលរួមលេងឆ្នោតដោយមិនគិតថ្លៃនេះ ត្រូវបំពេញពាក្យសុំដោយខ្លួនឯងតាមរយៈស្ថានទូតអាមេរិក ឬគេហទំព័ររបស់ស្ថានទូត មិនត្រូវពឹងពាក់ក្រុមហ៊ុនណាមួយដើម្បីជួយបំពេញនោះទេ។
លោក Willaim Heidt មានប្រសាសន៍ជាភាសាខ្មែរក្នុងន័យដើមថា៖
«ក្រុមហ៊ុនទាំងនេះមិនមានទំនាក់ទំនងទាល់តែសោះជាមួយរដ្ឋាភិបាលអាមេរិក។ លើសពីនេះទៅទៀត ៣ភាគ៤នៃពាក្យសុំដែលដាក់ដោយក្រុមហ៊ុនខាងក្រៅកាលពីឆ្នាំមុន មិនត្រូវបានទទួលទេ ពីព្រោះពួកគេបំពេញមិនត្រឹមត្រូវ។ អ្វីដែលធ្វើឲ្យយើងមានការព្រួយបារម្ភជាងនេះទៅទៀត គឺថាបេក្ខជនដែលដាក់ឆ្នោតសម្រាប់ DV តាមរយៈក្រុមហ៊ុនទាំងនេះ ត្រូវបានចេញទៅសហរដ្ឋអាមេរិកដោយខុសច្បាប់»។
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលអាមេរិក បានផ្តល់ឱកាសតាមរយៈឆ្នោតផ្សងសំណាងមួយ ដែលមានឈ្មោះថា Diversity Visa (DV) ឲ្យទៅប្រជាពលរដ្ឋរបស់បណ្តាប្រទេសផ្សេងៗទូទាំងពិភពលោកដែលមានបំណងចង់ទៅរស់នៅសហរដ្ឋអាមេរិក អាចទៅរស់នៅទីនោះដោយស្របច្បាប់។ ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាស្ថាប័នគ្រប់គ្រងឆ្នោត Diversity Visa (DV) ផ្តល់ឲ្យបេក្ខជនមានលក្ខខណ្ឌសមស្របចំនួន៥ម៉ឺននាក់ នៅទូទាំងពិភពលោក ទើបតែប្រកាសឲ្យចាប់ផ្តើមដាក់ពាក្យកាលពីយប់ថ្ងៃទី៣ ខែតុលា នេះ។ ការចុះឈ្មោះចូលរួមលេងឆ្នោតនេះ ត្រូវធ្វើឡើងតាមរយៈគេហទំព័រ www.dvlottery.state.gov ដែលនឹងត្រូវបញ្ចប់រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Willaim Heidt បញ្ជាក់ថា មានពលរដ្ឋកម្ពុជាប្រមាណជា៥០០នាក់ បានជាប់ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក កាលពី២០១៦។
យោងតាមសេចក្តីណែនាំពីស្ថានទូតសហរដ្ឋអាមេរិកឲ្យដឹងថា ដើម្បីអាចចូលរួមលេងឆ្នោតផ្សងសំណាង ត្រូវមានលក្ខខណ្ឌចំនួន៣សំខាន់ដូចជា បេក្ខជនត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមានបទពិសោធន៍ការងារគ្រប់គ្រាន់ ត្រូវបញ្ចូលរូបថតថតថ្មីក្នុងរយៈពេលប្រាំមួយខែចុងក្រោយដើម្បីចុះឈ្មោះ និងត្រូវបញ្ចូលព័ត៌មានអំពីប្តី និងប្រពន្ធ និងកូនៗទាំងអស់នៅពេលចុះឈ្មោះអនឡាញ។
លោក Jason Inslee អនុប្រធានកុងស៊ុលផ្នែកទិដ្ឋាការអន្តោប្រវេសន៍សហរដ្ឋអាមេរិក ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនោះថា ការរៀបចំឲ្យមានការចូលរួមលេងឆ្នោតដើម្បីអាចទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ គឺមានគោលបំណងពង្រឹងភាពចម្រុះនៃជាតិសាសន៍ ដោយលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលមានចំនួនប្រជាជនតិច កំពុងរស់នៅទីនោះ។
លោកបន្ថែមថា បេក្ខជនម្នាក់អាចដាក់ពាក្យចូលរួមបានតែម្តងគត់ក្នុងមួយឆ្នាំ ប្រសិនបើបេក្ខជនដាក់ពាក្យចូលរួមលើសពីមួយ នោះនឹងត្រូវបានដកចេញដោយស្វ័យប្រវត្តិ។ សម្រាប់ ប្តី ឬប្រពន្ធអាចមានសិទ្ធិដូចគ្នាក្នុងការដាក់ឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកនេះ។ មានន័យថា ទាំងប្ដី ឬទាំងប្រពន្ធ អាចដាក់ឆ្នោតផ្សងសំណាងក្នុងពេលតែមួយបាន ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមប្តី ឬប្រពន្ធ ជាប់ឆ្នោត នោះគេអាចនាំសមាជិកនៃក្រុមគ្រួសាររបស់គេ ដែលមានទាំងប្តី ឬប្រពន្ធ និងកូននោះ ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកបាន។ ក្នុងករណីដែលបេក្ខជនត្រូវបានជ្រើសរើស ប៉ុន្តែបោះបង់ នោះពួកគេនៅតែអាចមានសិទ្ធិចូលរួមនៅឆ្នាំបន្ទាប់ទៀត។
លោក Jason បន្ថែមថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់តែសិទ្ធិរស់នៅស្របច្បាប់ ឬហៅថា Green Card សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស និងទទួលបានទិដ្ឋាការប៉ុណ្ណោះ ប៉ុន្តែសម្រាប់តម្លៃនៃការស្នើសុំទិដ្ឋាការចំនួន៣៣០ដុល្លារ ការចំណាយផ្សេងៗ ការជ្រើសរើសតំបន់ដើម្បីរស់នៅឯសហរដ្ឋអាមេរិក ការស្វែងរកការងារធ្វើ និងការស្នាក់នៅជាដើមនោះ គឺជាការទទួលខុសត្រូវរបស់បេក្ខជនម្នាក់ៗ។
លោក Jason Inslee បញ្ជាក់ជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលដោយអ្នកប្រែជាភាសាខ្មែរថា៖
«ពេលដែលគាត់ទៅដល់សហរដ្ឋអាមេរិកហើយ គឺគាត់នឹងស្ថិតក្នុងស្ថានភាពជាជនមានសិទ្ធិស្នើសុំរស់នៅស្របច្បាប់ ដែលខ្មែរហៅថា ហ្គ្រីនកាត (Green Card)។ ហើយបន្ទាប់មកក្នុងរយៈពេលប្រហែលជា៥ឆ្នាំហ្នឹង ពួកគាត់អាចស្នើសុំធ្វើសញ្ជាតិអាមេរិកបាន ហើយចំណុចសំខាន់ទៀតដែលជាការយល់ច្រឡំច្រើនគឺថា មួយចំនួនគិតថារដ្ឋាភិបាលអាមេរិកគាត់់នឹងផ្តល់ជាសំបុត្រយន្តហោះ ក៏ដូចជាកន្លែងស្នាក់នៅ ក៏ដូចជាការងារផ្សេងៗ ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនបានផ្តល់ជំនួយអស់ហ្នឹងទេ»។
អនុប្រធានកុងស៊ុលផ្នែកទិដ្ឋាការអន្តោរប្រវេសន៍រូបនេះបន្ថែមថា ឆ្នោត DV នឹងត្រូវចាប់ដោយចៃដន្យតាមរយៈប្រព័ន្ធកុំព្យូទ័រ និងថា បេក្ខជនដែលចង់ដឹងពីលទ្ធផល ត្រូវមើលឈ្មោះរបស់ខ្លួននៅលើគេហទំព័រ www.dvlottery.state.gov ដដែល។
លោក Jason Inslee មានប្រសាសន៍ថា៖
«នៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះតាមវែបសាយក្នុងប្រព័ន្ធអ៊ីនធឺណែតហ្នឹង គឺអ្នកទាំងអស់គ្នានឹងទទួលបាន Confirmation Number ឬជាភាសាខ្មែរហៅថា លេខកូដបញ្ជាក់។ នៅពេលអ្នកទាំងអស់គ្នាទទួលបានហ្នឹង គឺនៅឆ្នាំ ក្រោយខែ៥ ថ្ងៃទី១ អ្នកទាំងអស់គ្នាអាចឆែកនៅតាមប្រព័ន្ធអ៊ីនធឺណិត តាមវែបសាយហ្នឹងដដែល»។
ពលរដ្ឋនៃប្រទេសមួយចំនួនដែលបានធ្វើអន្តោរប្រវេសន៍ទៅសហរដ្ឋអាមេរិកជាច្រើនមកហើយ ដូចជាប្រទេសម៉ិកស៊ិក ចិន ឥណ្ឌា ជាដើម ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យចូលរួមដាក់ឆ្នោតផ្សងសំណាង ដោយសារប្រជាជននៃប្រទេសទាំងនោះមានចំនួនច្រើនកំពុងរស់នៅសហរដ្ឋអាមេរិក៕