តើខ្យល់អាកាសក្នុងទីក្រុងរបស់អ្នកមានការបំពុលកំរិតណា? ស្ថានទូតអាមេរិកអាចនឹងផ្តល់ចម្លើយក្នុងពេលឆាប់ៗនេះ។
ក្រសួងការបរទេសមានគម្រោងនឹងដំឡើងម៉ាស៊ីនត្រួតពិនិត្យគុណភាពខ្យល់នៅតាមស្ថាប័នការទូតរបស់ខ្លួន និងបញ្ចេញទិន្នន័យនោះជាសាធារណៈ។ គោលបំណងនៃការដំឡើងនេះគឺផ្តល់ព័ត៌មានដែលចាំបាច់ ដល់បុគ្គលិករដ្ឋាភិបាលអាមេរិកដែលធ្វើការនៅក្រៅប្រទេស ក៏ដូចជាជួយប្រជាជនក្នុងតំបន់ធ្វើការសម្រចចិត្តណាមួយដែលអាចមានឥទ្ធិពលសម្រាប់សុខភាពរបស់ពួកគេ។ ក្រុមមន្រ្តីបាននិយាយថា ម៉ាស៊ីនត្រួតពិនិត្យនឹងអាចជួយលើកទឹកចិត្តប្រជាជនឲ្យមានការផ្លាស់ប្តូរ។
ស្ថានទូតនានានៅប្រទេសឥណ្ឌា វៀតណាម និងម៉ុងហ្គោលី នឹងជាកន្លែងដំបូងដែលនឹងធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ហើយរាយការណ៍ជាសាធារណៈនៅក្រោមគម្រោងថ្មីនេះ។
ប្រធានទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក លោកស្រី Gina McCarthy បានប្រកាសអំពីកម្មវិធីនេះនៅក្នុងពិធីមួយកាលពីថ្ងៃពុធ ទី១៨ ក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក Joshua Apte សាស្រ្តាចារ្យផ្នែកវិស្វកម្មបរិស្ថាននៅឯសកលវិទ្យាល័យតិចសាស់ (University of Texas at Austin) និយាយថា ព័ត៌មានទាំងនោះគឺមិនមានគ្រប់គ្រាន់ទេនៅក្នុងពិភពលោក។
លោកបានកត់សម្គាល់ថាលោកមិនមានពាក់ព័ន្ធនឹងការប្រកាសនោះទេ។ ប៉ុន្តែលោកកត់សម្គាល់ ដោយសម្លឹងមើលតំបន់ត្រួតពិនិត្យគុណភាពខ្យល់ជាលក្ខណៈសកលមួយដ៏ធំវិញ។
«នៅប្រទេសចិនមានម៉ាស៊ីនត្រួតពិនិត្យជិត២០០០ ដែលបានភ្ជាប់ទៅកាន់អ៊ិនធឺណែត ហើយមានតែ៣០ប៉ុណ្ណោះនៅឥណ្ឌាសម្រាប់ប្រទេសដែលមានចំនួនប្រជាជនប្រហាក់ប្រហែលគ្នានេះ និងមានបញ្ហាការបំពុលខ្យល់ស្រដៀងគ្នា»។
ហើយលោកបាននិយាយថា មានតែទីក្រុងមួយចំនួនប៉ុណ្ណោះនៅអាហ្រ្វិកដែលមានម៉ាស៊ីនត្រួតពិនិត្យនោះ។
នៅឯពិធីក្នុងទីក្រុងវ៉ាស៊ីនតោន លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានសម្គាល់ថា ការដឹងអំពីគុណភាពខ្យល់អាចជារឿងមួយប្រកបដោយឥទ្ធិពល។
លោកនិយាយថា ស្ថានទូតអាមេរិកនៅក្នុងទីក្រុងប៉េកាំងចាប់ផ្តើមប្រកាសអំពីទិន្នន័យនៃគុណភាពខ្យល់កាលពីប៉ុន្មានឆ្នាំមុន។ លទ្ធផលបានបង្ហាញឲ្យឃើញ ថាជាញឹកញយខ្យល់មិនមានសុវត្ថិភាពសោះក្នុងការដកដង្ហើមនោះទេ។
«វាមិនមានភាពងាយស្រួលទេ។ ប្រទេសជាម្ចាស់ផ្ទះទាំងនោះមិនចូលចិត្តវាប៉ុន្មានទេ។ ប៉ុន្តែយើងបានធ្វើវាទៅហើយ»។
ក្រុមមន្រ្តីចិនមានការខឹងសម្បារនឹងរឿងនេះ។ ប៉ុន្តែលោក Kerry និយាយថា ការផ្តល់ទិន្នន័យជាសាធារណៈបានជួយជាកត្តាជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថ។
«កាលពីខែមិនាឆ្នាំមុន នាយករដ្ឋមន្រ្តីចិន លោក Li Keqiang «បានប្រកាសសង្គ្រាម» នៅក្នុងសម្រង់សម្តីមួយ អំពីការបំពុលខ្យល់។ អភិបាលទីក្រុងប៉េកាំង លោក Wang Anshun បានចាត់ទុកសម្តីនោះថា «វាជាស្ថានភាពស្លាប់ឬរស់»។ ហើយក្នុងឆ្នាំ២០១៤ សមាជប្រជាជាតិចិនបានធ្វើការកែប្រែច្បាប់ការពារបរិស្ថានជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ»។
លោកស្រី Gina McCarthy បានសម្គាល់ថា មិនយូរប៉ុន្មានទេ ដែលការបំពុលខ្យល់អាកាសបានធ្វើឲ្យក្រុងមួយចំនួននៅអាមេរិកបានប្រឈមមុខ ហើយប្រទេសជាតិទាំងមូលនៅតែកំពុងប្រយុទ្ធប្រឆាំងនឹងរឿងនេះ។ ប៉ុន្តែលោកស្រីបានបន្ថែមថា អាមេរិកអាចនឹងចែករំលែកនូវបទពិសោធន៍ដែលខ្លួនបានជួបប្រទះ ដើម្បីជួយទីក្រុងផ្សេងទៀតសម្អាតខ្យល់អាកាសនៅក្នុងតំបន់របស់ខ្លួន។
យោងតាមអង្គការសុខភាពពិភពលោក ការបំពុលខ្យល់អាកាសក្រៅផ្ទះ មានការទទួលខុសត្រូវចំពោះការស្លាប់ ៣.៧លាននាក់ទូទាំងពិភពលោកកាលពីឆ្នាំ២០១២៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា