សហរដ្ឋអាមេរិក និងប្រទេសអេហ្ស៊ីប ត្រូវគេរំពឹងថានឹងឈានទៅដល់ការបង្កើនកិច្ចសហការនៅក្នុងការប្រឆាំងនឹងអំពើភេរវកម្មឥស្លាមជ្រុលនិយមនៅថ្ងៃច័ន្ទស្អែក នៅពេលដែលប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក H.A. Hellyer អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់មកពីមជ្ឈមណ្ឌលសិក្សាតំបន់មជ្ឈិមបូព៌ា Rafik Haririនៃអង្គការ Atlantic Council បាននិយាយថា៖ «សហរដ្ឋអាមេរិក និងអេហ្ស៊ីបមានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះទស្សនៈឥស្លាមបែបនយោបាយ។ ប្រទេសទាំងពីរចាត់ទុកបញ្ហាសន្តិសុខជាបញ្ហាអាទិភាពចម្បងបំផុតនៅក្នុងវិស័យនយោបាយ»។
សេចក្ដីប្រកាសរបស់សេតវិមានដែលបានចេញផ្សាយនៅមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអេហ្ស៊ីបមកកាន់សហរដ្ឋអាមេរិកលើកនេះ បានបញ្ជាក់ថា៖ «ក្នុងប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអេហ្ស៊ីប គឺផ្ដោតជាចម្បងលើផលប្រយោជន៍ផ្នែកសន្តិសុខ ហើយចំណុចនេះនឹងនៅតែជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
សេចក្ដីប្រកាសនោះបានសរសើរដល់គោលនយោបាយម៉ឺងម៉ាត់របស់មេដឹកនាំអេហ្ស៊ីបនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ សេចក្ដីប្រកាសនោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក Sissi បានចាត់វិធានការយ៉ាងតឹងតែងចំពោះបញ្ហារសើបជាច្រើន ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីអេហ្ស៊ីបនៅក្នុងឆ្នាំ ២០១៤ មក»។
អ្នកវិភាគនានា ដែលបានបញ្ជាក់ប្រាប់ VOA បានឯកភាពថា ជំនួបរវាងមេដឹកនាំទាំងពីរនឹងទទួលបានជោគជ័យ។ មេដឹកនាំទាំងពីរត្រូវគេរាយការណ៍ថា មានទំនាក់ទំនងរលូនជាមួយគ្នា នៅពេលដែលពួកគេបានជួបគ្នានៅក្រៅកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំមុន៕