សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថាចាប់ផ្តើមនៅដើមខែវិច្ឆិកាស.រ.អា.នឹងបន្ធូរការរឹតត្បិតអំពីវិធានការកូវីដ១៩សម្រាប់អ្នកដំណើរបរទេសមកប្រទេសនេះ។ការធ្វើដំណើរពីបរទេសមកស.រ.អា.ត្រូវបានរារាំងភាគច្រើនក្នុងកំឡុងមានជំងឺរាតត្បាតរយៈពេល១៨ខែ ទោះបីជាប្រទេសនៅអឺរ៉ុបក្នុងពេលប៉ុន្មានខែថ្មីៗនេះបានបន្ធូរការរឹតបន្តឹងលើអ្នកដំណើរអាមេរិកមុនវិស្សមកាលរដូវក្តៅក៏ដោយ។
លោក Jeff Zients អ្នកសម្របសម្រួលកិច្ចការជំងឺកូវីដ១៩ប្រចាំសេតវិមានបាននិយាយថាអ្នកដំណើរបរទេសនឹងត្រូវបានអនុញ្ញាតឱ្យចូលមកស.រ.អា.ជាថ្មីបើពួកគេអាចបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញមុនពេលពួកគេឡើងយន្តហោះនិងបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩បីថ្ងៃមុនឡើងយន្តហោះ។
លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេសបានសាទរចំណាត់ការរបស់សហរដ្ឋអាមេរិកដោយនិយាយថាអ្នកដំណើរបរទេសនឹងអាចមកសហរដ្ឋអាមេរិកបានមុនថ្ងៃបុណ្យរំឭកគុណThanksgivingប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះនៅថ្ងៃទី ២៥ ខែវិច្ឆិកា។ លោក Johnsonបាននិយាយថា៖ «នោះគឺជារឿងដ៏អស្ចារ្យ។ ខ្ញុំសូមអរគុណលោកប្រធានាធិបតី Joe Biden ចំពោះការរីកចម្រើនដែលយើងអាចធ្វើបាន»។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានប្រាប់អ្នកយកព័ត៌មាននៅឯអង្គការសហប្រជាជាតិនៅទីក្រុង New York ថា«វាដល់ពេល»សហរដ្ឋអាមេរិកធ្វើសកម្មភាពហើយ ដោយលោកបន្ថែមថា«យឺតប្រសើរជាងខកខាន»។
សមាគមទេសចរណ៍អាមេរិកក៏បានទទួលស្វាគមន៍ចំណាត់ការនេះដែរ ដោយនិយាយថាវានឹង«ជួយស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ»។
លោក Roger Dow ជាប្រធាននិងជានាយកប្រតិបត្តិសមាគមទេសចរណ៍អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នេះគឺជាចំណុចរបត់ដ៏សំខាន់ក្នុងការគ្រប់គ្រងវីរុសនេះហើយនឹងពន្លឿនការស្តារឡើងវិញនូវការងារទាក់ទងនឹងការធ្វើដំណើររាប់លានដែលបានខកខានដោយសារការរឹតត្បិតការធ្វើដំណើរអន្តរជាតិ»។
អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមុនមកសហរដ្ឋអាមេរិកនឹងមិនត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កដូចនៅប្រទេសមួយចំនួននោះទេ។
ប៉ុន្តែនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញឱ្យជនជាតិអាមេរិករាប់លាននាក់បន្ថែមទៀតចាក់ថ្នាំបង្ការរោគ រដ្ឋបាលលោក Biden បាននិយាយថាជនជាតិអាមេរិកដែលមិនបានចាក់វ៉ាក់សាំងហើយត្រឡប់មកពីបរទេសនឹងត្រូវធ្វើតេស្តក្នុងរយៈពេលមួយថ្ងៃមុនឡើងយន្តហោះហើយធ្វើតេស្តម្តងទៀតបន្ទាប់ពីត្រឡប់មកវិញ៕
(Margaret Besheer រួមចំណែកក្នុងសេចក្តីរាយការណ៍នេះហើយព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានReutersនិងThe Associated Press)