ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយប្រហារដោយដ្រូនរបស់អាមេរិកនៅអ៊ីរ៉ាក់បានសម្លាប់មេបញ្ជាការក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់


សមាជិក​កងការពារជាតិស៊ីវិល​របស់អ៊ីរ៉ាក់​ពិនិត្យមើល​ទីតាំង​នៃ​រថយន្ត​ដែល​ត្រូវបាន​បាញ់​បំផ្លាញ​ដោយ​ដ្រូន​របស់​អាមេរិក​នៅ​ភាគខាងកើត​ទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សមាជិក​កងការពារជាតិស៊ីវិល​របស់អ៊ីរ៉ាក់​ពិនិត្យមើល​ទីតាំង​នៃ​រថយន្ត​ដែល​ត្រូវបាន​បាញ់​បំផ្លាញ​ដោយ​ដ្រូន​របស់​អាមេរិក​នៅ​ភាគខាងកើត​ទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​វាយ​ប្រហារ​ពី​ដ្រូន​លើ​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​ទីក្រុង​បាដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់​ដោយ​សម្លាប់​មេដឹកនាំ​ម្នាក់​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល​បាន​លើកឡើង​ថា ការ​វាយ​ប្រហារ​នេះ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​មេបញ្ជាការ​មួយ​រូប​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ Kataib Hezbollah ដែល​ជា​អ្នក «ទទួល​ខុសត្រូវ​លើ​ការ​រៀបចំ​ផែនការ​និង​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​វាយ​ប្រហារ​លើ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់»។

មន្ត្រី​សហរដ្ឋ​អាមេរិក​ពីរ​រូប​បាន​បញ្ជាក់​អះអាង​ប្រាប់ VOA ថា មេបញ្ជាការ​រូប​នោះ​គឺជា​មន្ត្រី​ប្រតិបត្តិការ​ឈ្មោះ Wisam Mohammad al-Saedi។ រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​បាន​បង្ហាញ​ថា អត្តសញ្ញាណប័ណ្ណ​អ៊ីរ៉ាក់​របស់​មេបញ្ជាការ​រូប​នេះ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​សាកសព​របស់​ជន​នេះ។

វីដេអូ​ដែល​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ​បាន​បង្ហាញ​ឱ្យ​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​ឆាបឆេះ​នៅ​ក្នុង​អណ្តាត​ភ្លើង​នៅ​លើ​ផ្លូវ​ជាតិ​ល្បឿន​លឿន​ក្នុង​ទីក្រុង​បាដាដ។

ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន រ៉ុក្កែត និង​មីស៊ីល​ជិត ១៧០ គ្រាប់​លើ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​តាំងពី​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ​មុន​មក ដែល​ក្នុង​នោះ​ដ្រូន​មួយ​គ្រឿង​បាន​សម្លាប់​ទាហាន​សហរដ្ឋ​អាមេរិក ៣ នាក់​និង​ធ្វើ​ឱ្យ​ទាហាន​រាប់​សិប​នាក់​ទៀត​រង​របួស​នៅ​ភាគ​ខាង​ជើង​ប្រទេស​ហ្ស៊កដានី​កាលពី​សប្ដាហ៍​មុន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ៊ីរ៉ាក់​បាន​រិះគន់​ខ្លាំងក្លា​លើ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​សហរដ្ឋ​អាមេរិក​នេះ ដោយ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា «ការ​លួច​ធ្វើ​ឃាត​ដោយ​បើក​ចំហ» ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា «មិន​ខ្វល់​អំពី​ជីវិត​ជន​ស៊ីវិល​ឬ​ក៏​ច្បាប់​អន្តរជាតិ»។

លោក Yehia Rasool អ្នក​នាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​និយាយ​ថា សម្ព័ន្ធភាព​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​តតាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ិស្លាម (Islamic State) «មិន​បាន​ប្រកាន់ខ្ជាប់​តាម​ហេតុផល​និង​គោល​បំណង​នៃ​វត្តមាន​របស់​ខ្លួន​នៅ​លើ​ទឹកដី​របស់​យើង» នោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG