ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ជូន​ខ្មែរ​ចេញ​ច្រើន​ជាង​រាល់ឆ្នាំ ​ក្រោយពី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា


រូបឯកសារ៖ ទីភ្នាក់ងារ​​ប៉ូលិស​អន្តោប្រវេសន៍​និង​គយ​របស់​សហរដ្ឋ​អាមេរិក ចាប់ខ្លួនបុរសម្នាក់ នៅទីក្រុង Los Angeles ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ ទីភ្នាក់ងារ​​ប៉ូលិស​អន្តោប្រវេសន៍​និង​គយ​របស់​សហរដ្ឋ​អាមេរិក ចាប់ខ្លួនបុរសម្នាក់ នៅទីក្រុង Los Angeles ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ជន​ដែល​ត្រូវ​បណ្តេញ​ចេញ​ទាំងនោះ​ ត្រូវ​បាន​ដឹកតាម​ជើងយន្តហោះ​រួម​មួយ​ចេញ​ពី​ទីក្រុង​អេល​ប៉ាសូ រដ្ឋតិចសាស ​កាលពី​ថ្ងៃច័ន្ទ​ ទី​១៧ ​ហើយ​បាន​ទៅដល់​ទីក្រុង​ភ្នំពេញ ​ប្រទេស​កម្ពុជា ​នៅថ្ងៃអង្គារ​ទី១៨​ ខែ​ធ្នូ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន​៣៦នាក់​ ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​សប្តាហ៍​នេះ​ ដោយ​អះអាង​ថា​ ចំណាត់ការ​នេះ​នឹង​ធ្វើ​ឱ្យ​សហគមន៍មាន​សុវត្ថិភាពជាង​មុន។ ប៉ុន្តែ​សកម្មជន​សិទ្ធិ​មនុស្ស​យល់​ថា​ អ្នក​ទាំងនោះ​មិន​មែន​ជា​ឧក្រិដ្ឋជន​ទេ ហើយ​ចំណាត់​ការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ បណ្តាលឱ្យ​សង្គម​បែកបាក់​កាន់តែ​ខ្លាំង។

ជន​ដែល​ត្រូវ​បណ្តេញ​ចេញ​ទាំងនោះ​ ត្រូវ​បាន​ដឹកតាម​ជើងយន្តហោះ​រួម​មួយ​ចេញ​ពី​ទីក្រុង​អេល​ប៉ាសូ រដ្ឋតិចសាស ​កាលពី​ថ្ងៃច័ន្ទ​ ទី​១៧ ​ហើយ​បាន​ទៅដល់​ទីក្រុង​ភ្នំពេញ ​ប្រទេស​កម្ពុជា ​នៅថ្ងៃអង្គារ​ទី១៨​ ខែ​ធ្នូ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ទីភ្នាក់ងារប៉ូលិស​អន្តោប្រវេសន៍​និង​គយ​របស់​សហរដ្ឋ​អាមេរិក។

ក្នុងចំណោម​ជន​ដែល​ត្រូវ​បញ្ជូន​ចេញ​នេះ​ មាន​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​មនុស្ស​ឃាត​ ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ ការ​រំលោភ​សេពសន្ធវៈ ​ការ​ប្លន់​ប្រដាប់​អាវុធ​ ការធ្វើ​បាបកុមារ ​ចោរកម្ម ​និង​ជួញ​ដូរ​គ្រឿង​ញៀន​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍។​

លោកស្រី ណាតាលី អែស្សឺ ​នាយិកា​រងស្តីទី​នៃ​ប៉ូលិស​អន្តោប្រវេសន៍​ បាន​និយាយ​ថា៖

«ការ​បណ្តេញ​ចេញ​នា​ពេលថ្មីៗ​នេះ​ ដែល​មាន​ជនឧក្រិដ្ឋ​៣៤នាក់ ​ដែល​ពួកគេ​ភាគច្រើន​ត្រូវ​បាន​កាត់ទោស​ពី​បទល្មើស​ដ៏​សាហាវ​បំផុត​ឱ្យ​ផុត​ពី​វិថី​នានា​របស់​យើង​ធ្វើ​ឱ្យ​សហគមន៍​របស់​យើង​មាន​សុវត្ថិភាព​ជាង​មុន។ យើង​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​អនុវត្ត​តាម​បទបញ្ជា​បញ្ជូន​ចេញ​ចុងក្រោយ​ឱ្យ​ស្រប​តាម​ផ្លូវច្បាប់​ ដោយ​ផ្តោត​ជា​អាទិភាព​លើ​អ្នក​ដែល​គំរាម​ដល់​សន្តិសុខ​សាធារណៈ​របស់​យើង‍»។

​សកម្មជន​សិទ្ធិ​មនុស្ស​បាន​រិះគន់​ការ​បណ្តេញ​ចេញ​នេះ​ ហើយ​ថា​ អ្នក​ទាំងនោះ​មិន​មែន​ជា​ឧក្រិដ្ឋជន​ដូច​ការ​លើក​ឡើង​របស់​ប៉ូលិស​អន្តោប្រវេសន៍​នោះ​ទេ។

លោកស្រី​គី្វន ឌីញ ​នាយិកា​ប្រតិបត្តិនៃមជ្ឈមណ្ឌលធនធាន​សកម្មភាព​សម្រាប់​ពលរដ្ឋ​អាស៊ី​អាគ្នេយ៍ ​ហៅកាត់​ថា​សេរ៉ាក់​ ​(SEARAC)​ បញ្ជាក់​ថា​ អ្នកទាំងនោះ​គឺ​ជា​ឪពុក ​ជា​ស្វាមី ​ជា​អ្នកមាន​របរ​ត្រឹមត្រូវ​ និង​ជា​អ្នកដឹកនាំ​សហគមន៍​ជាដើម។

លោកស្រី​បន្ថែម​ថា៖

«ការដែល​និយាយ​ថា​ យើង​មាន​សុវត្ថិភាព​ជាងមុន​ ដោយ​គ្មាន​ពួកគេ​ គឺ​មិន​យុត្តិធម៌​ទេ​ហើយ​ក៏​មិន​ពិត​ដែរ។​ ជាពិសេស​កូនក្មេង​ដែល​បាត់​បង់​ឪពុក។ ស្ត្រី​ដែល​គ្មាន​ស្វាមី​ហើយ​ត្រូវ​មើល​ថែ​គ្រួសារ​តែ​ម្នាក់​ឯង‍។ ដូច្នេះ​សម្រាប់​ពួកយើង​ គឺ​ពួកគេ​មិន​មែន​ជា​ឧក្រិដ្ឋជន​ទេ។ អត្តសញ្ញាណ​ពិតរបស់ពួកគេ​មិន​មែន​កំណត់​លើ​កំហុស​អតីតកាល​ដែល​ពួកគេ​បាន​ទទួល​ទោស​រួចហើយ​ទេ។​ សម្រាប់​ពួកយើង​វា​ជា​អំពើ​អយុត្តិធម៌​ និង​ធ្វើ​ឱ្យ​សហគមន៍​របស់​យើង​កាន់តែ​អត់​សុវត្ថិភាព​ជាងមុន ​នៅ​ពេល​ដែល​សហគមន៍​និង​ក្រុម​គ្រួសារ​ត្រូវបែកបាក់​ដូចនេះ‍»។​

រូបឯកសារ៖ ពលរដ្ឋខ្មែរមួយរូបដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។
រូបឯកសារ៖ ពលរដ្ឋខ្មែរមួយរូបដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។

មាន​ពលរដ្ឋ​ខ្មែរ​ជិត៩០០នាក់​ហើយ​ត្រូវ​បាន​បញ្ជូន​ចេញពីសហរដ្ឋ​អាមេរិក ​ចាប់តំាងពី​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កាលពីឆ្នាំ​២០០២​មក រហូត​ដល់ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អង្គការ​សេរ៉ាក់ (SEARAC)។ ហើយ​ប៉ូលិស​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា ​នៅ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១.៨៥៥នាក់​ទៀត​ ដែល​ទទួល​បទបញ្ជា​ស្ថាពរ​ឱ្យ​បណ្តេញ​ចេញ​ក្នុង​ចំណោម​នោះ ​គឺ​មាន​១.៣៦២​នាក់​មាន​ប្រវត្តិ​ជា​ជនឧក្រិដ្ឋ។

អង្គការ​សហគមន៍​ខ្មែរ​ប្រចាំ​ទីក្រុង​ឡុងប៊ិច​ បាន​បង្ហោះ​ព័ត៌មាន​ស្តីពី​ការ​បណ្តេញ​ចេញ​នេះ​តាម​បណ្តាញ​សង្គម​ ​ដោយ​ចាត់ទុក​ថា«វា​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​‍» សម្រាប់​សហគមន៍។

ក្នុងឆ្នាំ​២០១៨​នេះ ​សហរដ្ឋ​អាមេរិក​បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ចំនួន​១១០នាក់ ហើយ​ប៉ូលិស​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ថា ​បើប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ​គឺ​មាន​ការ​កើន​ឡើង​ចំនួន​២៧៩​ភាគរយ​ ដោយសារតែ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ការទូតដែល​ក្នុង​នោះ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការផងដែរ។

អ្នក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ខ្លះ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ឪពុកម្តាយតាំង​ពី​នៅ​កុមារ ​ដោយ​គេច​ពី​របប​ខ្មែរ​ក្រហម ​ហើយ​អ្នកខ្លះ​ទៀត​បានកើត​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ។ ពួកគេ​ត្រូវបាន​ទទួល​ឱ្យ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់​ជា​ជនភៀស​ខ្លួន​ ប៉ុន្តែ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បណ្តេញ​ចេញ​ជន​ទាំងឡាយ​ណា​ ដែល​ល្មើសច្បាប់​ហើយ​នៅ​មិន​ទាន់​បាន​ចូល​សញ្ជាតិ​អាមេរិកាំង។ អ្នកខ្លះ​បាន​ប្រព្រឹត្ត​កំហុស​តាំងពី​ពួកគេ​នៅ​ក្មេង​ ហើយ​អ្នកខ្លះ​ទៀត​បាន​ចេញ​ពី​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ និង​រស់នៅ​កសាង​ជីវភាព​ជា​ពលរដ្ឋ​ធម្មតា​មាន​មុខ​របរ​ត្រឹមត្រូវ​និង​ក្រុម​គ្រួសារ។

​ក្នុង​ឆ្នាំ​២០១៧ ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ ដោយសារ​តែ​មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​វិញ​ក្រោម​ហេតុផល​មនុស្ស​ធម៌។ នៅខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ប្រទេស​កម្ពុជា​បាន​សុខចិត្ត​ទទួល​យក​វិញ។

លោកស្រី​គ្វីន ឌិញ ​នៃ​អង្គការ​ស៊ីរ៉ាក់ ​បាន​បន្ថែមថា​ រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​សហការ​ជាមួយ​នឹង​សហរដ្ឋ​អាមរិក ​ដោយ​សារ​តែ​សម្ពាធ​នេះ​និង​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត​ដែល​មិន​បាន​បង្ហាញ​ឱ្យ​ដឹង​ជា​សាធារណៈ​ ព្រោះ​តាម​ធម្មតា​អាជ្ញាធរ​ខ្មែរ​ទទួល​យក​ពលរដ្ឋ​តែ​ចំនួន​៤០​នាក់​ទេ​ក្នុង​មួយ​ឆ្នាំៗ។

លោកស្រី​បន្ថែម​ថា៖​

«តាម​ការពិត​ទៅ​ យើង​ឃើញ​មាន​ការ​បណ្តេញ​ចេញ​នៅក្រោម​រដ្ឋបាល​លោក ​ត្រាំ ច្រើន​ជាង​រដ្ឋបាល​ណាៗ​ទាំងអស់។ សម្រាប់​ពួកយើង​នេះ​ គឺ​មិនមែន​ជាអ្វី​ដែល​យើង​មាន​មោទនភាព​ទេ។ នេះ​គឺជា​អ្វី​ដែល​យើង​មើល​ឃើញ​ថា ​ជា​ពេល​វេលា​ដ៏ខ្មៅ​ងងឹត​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក ​ដែល​ត្រូវ​បញ្ជូន​អ្នក​ដែល​រត់​គេចចេញ​ពី​ប្រទេស​មួយ​ ក្នុង​នាម​ជា​ជន​ភៀសខ្លួន ​ក្រោម​ការ​ធ្វើ​ទុក្ខ​ទោស​ខាង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​នោះ​វិញ‍»។

អង្គការ​ស៊ីរ៉ាក់ ​កំពុង​ស្នើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំពោះ​អ្នក​ដែល​ចាកចេញ​ជា​ជ​នភៀស​ខ្លួន​ និង​បាន​ជាប់ទោស​រួចហើយ ​និង​បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​តាក់តែង​គោល​នយោបាយ​ចំនួន​១១៤នាក់ និង​ប្រមូលហត្ថលេខា​បាន​ជាង​៥ម៉ឺន​ពី​សមាជិក​សហគមន៍​ដែល​យល់​ថា​ ចំណាត់ការ​នេះ​មិន​ត្រឹមត្រូវ​ទេ​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ។

មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៥នាក់​ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​ត្រូវ​បញ្ជូនចេញ​កាលពី​ថ្ងៃច័ន្ទ​ដែរ ប៉ុន្តែ​បាន​ប្តឹង​ទាម​ទារ​ប្រឆាំង​នឹង​ដីកា​ស្ថាពរ​ ហើយ​ពួកគេ​អាច​បន្ត​ស្នាក់​នៅចំនួន​៥ខែ​ទៀត​ ដើម្បី​តស៊ូ​ផ្លូវ​ច្បាប់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​ប្រាប់​វីអូអេ៕

XS
SM
MD
LG