រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងវេទិកាប្រចាំឆ្នាំធំជាងគេបំផុតស្តីពីសន្តិសុខរបស់តំបន់អាស៊ី ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារប្រទេសនិងមេបញ្ជាការយោធាមកពីទូទាំងពិភពលោក។
លោក Ash Carter ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានគេស្គាល់ថាជាកិច្ចសន្ទនា Shangri-La ដែលមានរយៈពេលបីថ្ងៃនេះដែរ ហើយលោកនឹងថ្លែងសុន្ទរកថានៅថ្ងៃសៅរ៍ស្អែកនេះ។
កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំដែលនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទំនងជានឹងផ្តោតសំខាន់ទៅលើការបន្តសាងសង់កោះសិប្បនិម្មិតរបស់ចិននៅសមុទ្រចិនខាងត្បូង។
លោក Carter បានព្រមានកាលពីសប្តាហ៍មុនថា ចិនកំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសាងសង់ជញ្ជាំងដ៏អស្ចារ្យមួយឲ្យខ្លួនឯងឯកោ តាមរយៈប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនោះ។
ប្រទេសចិនបានទាមទារយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ហើយចាប់តាំងពីឆ្នាំមុនមក ចិនបានចាប់ផ្តើមបង្កើតប៉ុស្តិ៍យោធាជួរមុខនៅលើបណ្តាកោះតូចៗ ដែលខ្លួនបានទន្រ្ទានយកពីសមុទ្រនោះ។ តំបន់នេះក៏ត្រូវបានទាមទារដោយប្រទេសហ្វីលីពីននិងប្រទេសវៀតណាមផងដែរ។ មានរដ្ឋាភិបាលចំនួន៦ទាមទារយកផ្នែកមួយចំនួននៃដែនទឹកដែលសម្បូរទៅដោយធនធានមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ គ្មានកិច្ចប្រជុំផ្លូវការរវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះទេ។
លោក Carter បានមានប្រសាសន៍ថា តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដ៏សំខាន់ខ្លាំងបំផុតតែមួយគត់សម្រាប់អាមេរិកនាពេលអនាគត៕