មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថានៅពេលដែលសហរដ្ឋអាមេរិកធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ការធ្វើឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិនគឺជាគន្លឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ។
លោក ខឺត ខេមបល(Kurt Campbell) ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកមានប្រសាសន៍ថាកិច្ចការដ៏សំខាន់បំផុតមួយនៃកិច្ចការសំខាន់បំផុតមួយចំនួនដែលសហរដ្ឋអាមេរិកកំពុងស្វះស្វែងធ្វើនៅឆ្នាំនេះទាំងនៅក្នុងវេទិកាតំបន់ អាស៊ាននិងសន្និសីទកំពូលអាស៊ីខាងកើត គឺបង្ហាញថាសហរដ្ឋអាមេរិកមានការតាំងចិត្តឲ្យកាន់ស៊ីជម្រៅឡើងដើម្បីធ្វើការជាមួយចិន។
«យើងចង់បំបាត់ការព្រួយកង្វល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ថាយើងមើលឃើញតំបន់នេះថាជាទីកន្លែងសម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងឡើងដែលនឹងធ្វើឲ្យមានអស្ថិរភាពឬមិនជួយដល់មិត្តភ័ក្រតំបន់អាស៊ីអាគ្នេយ៍។ ជាការណ៍ពិត ក្នុងទំនាក់ទំនងណាក៏ដោយក៏មានកម្រិតនៃការប្រកួតប្រជែងដែរ ហើយមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ក៏ប៉ុន្តែ យើងចង់ធ្វើឲ្យប្រាកដថាយើងធ្វើការជាមួយគ្នាក្នុងលក្ខណៈត្រឹមត្រូវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាចំណុចផ្តោតការចាប់អារម្មណ៍នៅក្នុងសុន្ទរកថារបស់លោក ខេមបលដែលបានធ្វើកាលពីថ្ងៃអង្គារនៅអង្គការស្រាវជា្រវមួយមានឈ្មោះថាមជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន។នៅពេលដែលសហរដ្ឋអាមេរិក ធ្វើការដើម្បីស្វែងរកមូលបទរួមជាមួយចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនិងជាមហាអំណាចយោធាកំពុងងើបឡើងក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក លោក ខេមបល និយាយថារដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោននឹងស្វះស្វែងគូសបញ្ជាក់វិស័យទិសដៅរួមជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងហើយនឹងស្វែងរកគម្រោងជាក់លាក់ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នានៅក្នុងតំបន់។
ពួកអ្នកវិភាគនិយាយថាសហរដ្ឋអាមេរិកកំពុងបង្កើនការទាក់ទិនរបស់ខ្លួននៅក្នុងតំបន់ដើម្បីទប់ទល់សេដ្ឋកិច្ចដែលកំពុងរីកលូតលាស់និងឥទ្ធិពលនយោបាយរបស់ចិន។ ចិនមានការរកាំចិត្តកាលពីឆ្នាំទៅ នៅពេលដែលសហរដ្ឋអាមេរិកសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួនដើម្បីជួយធ្វើឲ្យមានសេចក្តីសម្រេចចិត្តដោយសន្តិវិធីនៃជម្លោះក្នុងសមុទ្រចិនភាគខាងត្បូង។ ចិន វៀតណាម ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីននិងកោះតៃវ៉ាន់ បានទាមទារយកមួយផ្នែកឬក៏ទាំងអស់នូវសមុទ្រចិនភាគខាងត្បូង ដែលជាទីកន្លែងមានធនធានប្រេងនិងធម្មជាតិដែលគេជឿជាក់ថាមានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចិនជជែកឲ្យហេតុផលថាបញ្ហានេះ គួរតែដោះស្រាយដោយទ្វេភាគី។
នៅពេលគេសួរអំពីឧបទ្ទហេតុថ្មីៗនេះរវាងកប៉ាល់រុករកប្រេងវៀតណាមនិងនាវាយាមល្បាតចិន លោក ខេមបលមិនបាននិយាយត្រង់ៗទេ ប៉ុន្តែ បានសង្កត់ពីសារៈសំខាន់នៃការសន្ទនាក្នុងការដោះស្រាយជម្លោះនោះ។
«នយោបាយទូទៅរបស់យើងនៅដដែល យើងរារាំងមិនឲ្យប្រើប្រាស់អំពើហិង្សានៅក្នុងកាលៈទេសៈទាំងនោះឬក៏គំរាមកំហែងទេហើយយើងចង់ឃើញដំណើរការនៃការសន្ទនាគ្នាកើតមានឡើង។ យើងធ្វើការទាក់ទងយ៉ាងច្រើននិងជាលក្ខណៈឯកជនជាមួយរដ្ឋផ្សេងៗដែលទាក់ទិននិងសមុទ្រចិនភាគខាងត្បូងហើយយើងចង់បន្តធ្វើការងារនេះទៀតនៅពេលខាងមុខ»។
វៀតណាមប្រាប់ឲ្យដឹងថាកប៉ាល់របស់ខ្លួនប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំ៣៧០គីឡូម៉ែត្ររបស់វៀតណាមនៅពេលដែលនាវាចិន៣គ្រឿងបើកមកជិតកប៉ាល់ខ្លួន។ វៀតណាមប្រាប់ឲ្យដឹងទៀតថានាវាចិនមួយគ្រឿង បានកាត់ខ្សែកាបស្ទង់រកប្រេងហើយបង្ខំឲ្យកប៉ាល់វៀតណាមចេញពីតំបន់នោះដោយការគំរាមកំហែងហិង្សា។
លោក ខេមបលមានប្រសាសន៍បន្តទៀតថាចាប់តាំងពីចូលកាន់តំណែងមកលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសហ៊ីលឡារី ក្លីនតុន បានធ្វើការដើម្បីពង្រីកការទាក់ទិនរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងឆ្នាំ២០០៩ ប្រធានាធិបតី អូបាម៉ា ជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូងដែលបានជួបជាមួយសមាជិកប្រទេសជាតិ១០របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាន។
លោកមានប្រសាសន៍បន្តទៀតថាលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេស ក្លីនតុន បានធ្វើដំណើរទៅកាន់តំបន់អាស៊ីចំនួន៧ដងចាប់តាំងពីចូលកាន់តំណែងមកហើយថាដំណើរបំពេញទស្សនៈកិច្ចទាំងនោះគឺទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
លោកស្រី ក្លីនតុនសង្ឃឹមថានឹងបំពេញទស្សនកិច្ចនៅប្រទេសជាតិទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលដែលលោកស្រីកាន់តំណែង។
«ខ្ញុំគិតថាអ្វីដែលអស់លោកអ្នកបានឃើញក្នុងរយៈពេល២ឆ្នាំកន្លះគឺការចាប់ផ្តើមនៃដំណើរការនេះ។ ខ្ញុំនិយាយថាជាការចាប់ផ្តើមពីព្រោះដើម្បីឲ្យបានទទួលជោគជ័យ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ វានឹងក្លាយជាការមានសារៈសំខាន់ដើម្បីបន្តការខិតខំប្រឹងប្រែងនេះ»។
មធ្យោបាយដ៏សំខាន់មួយដែលសហរដ្ឋអាមេរិកនឹងបន្តការខិតខំប្រឹងប្រែងនោះគឺការចូលរួមសន្និសីទកំពូលតំបន់អាស៊ីខាងកើតនៅខែកញ្ញានេះនៅកោះបាលីប្រទេសឥណ្ឌូណេស៊ីជាលើកទី១។ លោក ខេមបល មានប្រសាសន៍បន្តទៀតថាទាំងលោកប្រធានាធិបតីអូបាម៉ានិងលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសក្លីនតុនគិតថាមធ្យោបាយដែលសហរដ្ឋអាមេរិកចូលរួមសន្និសីទកំពូលតំបន់អាស៊ីខាងកើតជាការណ៍សំខាន់។
«សន្និសីទកំពូលនេះមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិកដើម្បីឲ្យបានជោគជ័យ។គឺមានន័យថាយើងចូលរួម យើងស្តាប់ យើងចូលរួមវប្បធម៌ដែលបានបង្កើតរួចហើយ ហើយថាយើងទទួលស្គាល់តួនាទីរបស់យើងជាអ្នកមកថ្មី»។
លោកមានប្រសាសន៍បន្តទៀតថាសហរដ្ឋអាមេរិក នឹងមកចូលរួមសន្និសីទកំពូលអាស៊ីខាងកើតដោយត្រៀមខ្លួនធ្វើទំនាក់ទំនងជាមួយសមាជិកតាមរបៀបវារៈដែលមានស្រាប់ ហើយនឹងស្វែងរកតួនាទីខ្លះដែលតាមសំដីរបស់លោកផ្ទាល់គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចផ្តល់វិភាគទានមានទំហំល្មម។
លោកនិយាយទៀតថាវិស័យមួយដែលសហរដ្ឋអាមេរិក អាចរួមវិភាគទានគឺការជួយឧបត្ថម្ភដល់ការងារគ្រោះមហន្តរាយ។ ចំណុចជាច្រើនដែលបានថ្លែងក្នុងសុន្ទរកថា លោក ខេមបលបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ អាស៊ាននិងតួនាទីដែលសហរដ្ឋអាមេរិក អាចមាននៅក្នុងតំបន់។
«តំបន់នោះបានក្លាយជាស្ថាប័នប្រកបដោយសារៈសំខាន់ខ្លាំងណាស់។ វាបានទាក់ទិនលើបញ្ហាដ៏លំបាកនិងប្រឈមមុខបំផុតខ្លះដែលតំបន់អាស៊ីប្រឈមមុខក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ការរីកសាយអាវុធ បញ្ហាដ៏លំបាកពាក់ព័ន្ធនឹងប្រទេសភូមា បញ្ហានានាដែលទាក់ទិនទៅនឹងអ្វីដែលជាមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងនូវការសន្ទនាក្នុងវិស័យនានាជុំវិញបញ្ហាសន្តិសុខនាវាចរណ៍ហើយនឹងបញ្ហាស្រដៀងគ្នាផ្សេងៗទៀត»។
ទោះជាយ៉ាងណាក៏ដោយ លោកមានប្រសាសន៍បន្តទៀតថាវិស័យមួយដែលអាចធ្វើឲ្យសម្រេចថែមទៀតគឺរបៀបដែលវេទិកាដូចជា អាស៊ានដោះស្រាយបញ្ហាក្នុងតំបន់អាស៊ីភាគឥសាន្តនិងភាពចាំបាច់ដើម្បីចូលរួមនិងការទាក់ទិនកាន់តែច្រើនឡើងថែមទៀតលើបញ្ហាបែបនេះ។
លោក ខេមបលមានប្រសាសន៍បន្តទៀតថាគោលដៅទាំងមូលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់គឺការពារការតាំងចិត្តដ៏រឹងមាំដល់តំបន់ មិនមែនត្រឹមតែតំបន់អាស៊ីខាងជើងទេ ក៏ប៉ុន្តែ បង្កើនវត្តមានដល់តំបន់អាស៊ីអាគ្នេយ៍ដែរ។
លោក ខេមបល មានប្រសាសន៍បន្ថែមទៀតថាសេចក្តីលម្អិតខ្លះនៃការតាំងចិត្តនោះ នឹងត្រូវលើកមកនិយាយនៅពេលដែលលោករ៉ូប៊ឺត ហ្កេត រដ្ឋមន្រ្តីក្រសួងការពារប្រទេសចូលរួមសន្និសីទការពារប្រទេសក្នុងតំបន់ដែលហៅថាការសន្ទនា សង់គ្រី ឡា (Shangri – La) នៅក្នុងប្រទេសសិង្ហបូរីនៅចុងសប្តាហ៍នេះ។
ប្រែសម្រួលដោយជឹង ប៉ូជីន