សហរដ្ឋអាមេរិក នឹងគាំទ្រអ៊ុយក្រែនដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី ដែលបញ្ហានេះស្ថិតក្នុងការយកចិត្តទុកដាក់យ៉ាងខ្លាំងមួយសម្រាប់សន្តិភាពអឺរ៉ុប។
ថ្លែងនៅឯវិទ្យាស្ថាន Brookings ដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានមានប្រសាសន៍ថា ការគាំទ្រប្រទេសអ៊ុយក្រែន មានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសនោះ សម្រាប់សន្តិសុខអឺរ៉ុប និងអនាគតនៃសណ្តាប់ធ្នាប់អន្តរជាតិ។
លោកអនុប្រធានាធិបតី Biden បានមានប្រសាសន៍ទៀតថា៖ «ដរាបណា មេដឹកនាំអ៊ុយក្រែន រក្សាភាពស្មោះត្រង់នឹងគម្រោងនៃកំណែទម្រង់ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រពួកគេ។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី ត្រូវតែមាននិងស្ថិតនៅជាធរមានរហូតទាល់តែកិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវបានអនុវត្តពេញលេញ។
កិច្ចព្រមព្រៀងទីក្រុង Minsk បានធ្វើឡើងកាលពីខែកុម្ភៈដោយប្រទេសបារាំង អាល្លឺម៉ង់ រុស្ស៊ី អ៊ុយក្រែននិងពួកទាមទារបំបែករដ្ឋដែលគាំទ្ររុស្ស៊ី។ កិច្ចព្រមព្រៀងនេះ នាំឲ្យមានការឈប់បាញ់គ្នាហើយត្រូវដកកងទ័ពបរទេសនិងកាំភ្លើងធំឆ្ពោះទៅកាន់ដំណោះស្រាយដ៏ស្ថិតស្ថេរមួយដល់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
លោកអនុប្រធានាធិបតី Bidenមានប្រសាសន៍ទៀតថា ការផ្តោតការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក គឺការដោះស្រាយសោកនាដកម្មខាងមនុស្សធម៌ដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ី។
ក្នុងសន្ទរកថាដោយប្រើពាក្យសម្តីខ្លាំងៗដោយមន្រ្តីជាន់ខ្ពស់អាមេរិកាំង លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានមានប្រសាសន៍ថា៖ «រុស្ស៊ី កំពុងចាត់វិធានការដើម្បីធ្វើឲ្យអន្តរាយដល់ប្រទេសជិតខាងរបស់ខ្លួនហើយនឹងពង្រឹងជំហរអនុត្តរភាព ឬការត្រួតត្រារបស់ខ្លួន ដែលសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំង។
លោកអនុប្រធានាធិបតី Joe Biden មានប្រសាសន៍ទៀតថា ចាប់តាំងពីកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីមក លោក Vladimir Putin បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង៕