កាលពីខែវិច្ឆិកា នៅក្នុងប្រទេស ហ្វីលីពីន រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Mattis បានសន្យាពង្រឹងសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ ដែលអាចជួយរដ្ឋាភិបាលហ្វីលីពីនទប់ទល់ជាមួយនឹងចិនបាន។
មួយវិញទៀត នាវាទាហានជើងទឹកសហរដ្ឋអាមេរិកធ្វើដំណើរកាត់តាមសមុទ្រចិនខាងត្បូងរាល់ពីរបីខែម្ដង ដើម្បីគាំទ្រដល់ការធ្វើយ៉ាងណាឲ្យផ្លូវទឹកនៅក្នុងសមុទ្រចិនខាងត្បូងនេះនៅបើកចំហជាអន្តរជាតិ មិនមែនសម្រាប់តែប្រទេសចិនប្រើប្រាស់តែម្នាក់ឯងនោះទេ។
ស្ថានការណ៍ទាំងនេះធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍កាន់តែមានភាពជឿជាក់លើការគាំទ្ររបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការព្រួយបារម្ភ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងកាលពីឆ្នាំ២០១៧។ ប៉ុន្តែអ្នកជំនាញនានាអះអាងថា ការលាលែងពីតំណែងរបស់លោក Mattis នៅថ្ងៃទី ១ ខែ មករា ខាងមុខនេះ អាចធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍បាត់បង់ភាពជឿជាក់នេះទៅវិញ។
រដ្ឋាភិបាលក្រុង ប៉េកាំង បានជីករុករកប្រេង សាងសង់កោះសិប្បនិម្មិត ឬបើកនាវានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលទាមទារដូចគ្នាដោយប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងរដ្ឋាភិបាលនៃប្រទេសអាស៊ីចំនួនបីទៀត។ ដោយសារតែមានភាពទន់ខ្សោយជាងប្រទេសចិន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងនោះសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអាចជួយពួកគេបាន។ លោក Mattis បានតស៊ូមតិឲ្យបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងបណ្តាប្រទេសផ្តាច់ការ។
លោក Sean King អនុប្រធានក្រុមហ៊ុនប្រឹក្សានយោបាយ Park Strategies ក្នុងទីក្រុង ញូវយ៉ក បានថ្លែងថា «ខ្ញុំសង្ស័យថា មេដឹកនាំជាច្រើន មិនថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬនៅទីណានោះទេ នឹងទន្ទឹងចាំមើល ហើយគិតថា យើងស្ថិតក្នុងស្ថានភាពបែបនេះទៀតហើយ» បន្ទាប់ពីលោក Mattis ចេញពីតំណែង។
លោក King បានបន្ថែមទៀតថា «លោក Mattis ខុសប្លែកពីគេ ដោយសារតែលោកកាន់តំណែងស្លាប់រស់ដ៏សំខាន់មួយនេះនៅក្នុងគណៈរដ្ឋមន្ត្រី ហើយលោកក៏ជាអ្នកជឿជាក់យ៉ាងមុតមាំចំពោះក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក ដូចដែលលោកបានលើកឡើងនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកទៅកាន់លោក ត្រាំ អ៊ីចឹង»។
ក្រុមសម្ព័ន្ធមិត្តនៅអាស៊ីរបស់អាមេរិកគឺមានចាប់ពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដូចជាជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ រហូតដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ប្រទេសជាច្រើនក្នុងចំណោមនោះកំពុងតែព្យាយាមបែរខ្នងដាក់ឥទ្ធិពលរបស់ចិន។
ការលាលែងពីតំណែងភ្លាមៗ
លោក Mattis វ័យ៦៨ឆ្នាំ ដែលជាអតីតឧត្តមសេនីយ៍ទាហានជើងទឹកម៉ារីន បានសរសេរនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកទៅកាន់លោក ត្រាំ ថា «វាច្បាស់ណាស់ថា ដូចជាចិននិងរុស្ស៊ីជាឧទាហរណ៍ ចង់កែប្រែពិភពលោកនេះឲ្យដូចជាប្រទេសផ្តាច់ការរបស់ខ្លួន ដោយទទួលបានអំណាចវេតូលើការសម្រេចចិត្តលើវិស័យសេដ្ឋកិច្ច ការទូត និងសន្តិសុខ របស់ប្រទេសដទៃទៀត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយឲ្យប្រទេសជិតខាង ដូចជាសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់យើងជាអ្នកខាតបង់»។
លិខិតចុះថ្ងៃទី ២០ ខែ ធ្នូ នោះមានខ្លឹមសារទៀតថា «ហេតុដូច្នេះហើយបានជាយើងត្រូវតែប្រើប្រាស់នូវយុទ្ធសាស្ត្រទាំងអស់ដែលអាមេរិកមានទៅដល់ការការពារជារួម»។
បណ្តាមេដឹកនាំអាស៊ី «ជឿជាក់» លើចំណងទាក់ទងរបស់លោក Mattis ជាមួយនឹងតំបន់អាស៊ី។ នេះបើយោងតាមសម្តីរបស់លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ National Chengchi ក្នុងទីក្រុង តៃប៉ិ។ លោករដ្ឋមន្ត្រីការពារប្រទេសបានបង្ហាញជំហរជាក់ស្តែងតាមរយៈការចូលរួមក្នុងកិច្ចសន្ទនា Shangri-la ចំនួនពីរដង តាមរយៈការថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការពារប្រទេសប្រចាំឆ្នាំដ៏ធំបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០១៨ថា រដ្ឋាភិបាលអាមេរិកនឹងជួយដល់ដៃគូរបស់ខ្លួនបង្កើនការការពារផលប្រយោជន៍ដែនទឹករបស់ខ្លួន។
វៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ ប្រឆាំងនឹងការពង្រីកដែនទឹករបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធាននោះ។ តៃវ៉ាន់និងជប៉ុនក៏ឈ្លោះគ្នាជាមួយនឹងរដ្ឋាភិបាលក្រុង ប៉េកាំង ដាច់ដោយឡែក ចំពោះការត្រួតត្រាសមុទ្រចិនខាងកើតផងដែរ។
លោក Huang បានថ្លែងថា «លោក [Mattis] ដើរតួនាទីជាកម្លាំងឲ្យជឿទុកចិត្ត ដោយសារតែយ៉ាងហោចណាស់ ក្នុងនាមជារដ្ឋមន្ត្រីការពារប្រទេស លោកបានធ្វើទៅតាមអ្វីដែលលោកបាននិយាយ ហើយនៅពេលដែលលោកទាក់ទងទៅប្រទេសដទៃ ទៀត លោកតែងតែទាក់ទងជាទៀងទាត់ ដែលការណ៍នេះធ្វើឲ្យប្រទេសទាំងនោះជឿជាក់លើរូបលោក ដែលធ្វើឲ្យទំនុកចិត្តរបស់ប្រទេសដទៃមកលើសហរដ្ឋអាមេរិកមិនធ្លាក់ចុះលឿននោះទេ»។
លោក Mattis បានលាលែងពីតំណែង មួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានប្រកាសថា អាមេរិកនឹងដកកងទ័ពចេញពីប្រទេស ស៊ីរី ដែលចំណាត់ការនេះត្រូវបានប្រឆាំងដោយក្រសួងការពារប្រទេស។ ក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ដូចជាបារាំង ស៊ុយអែត និងចក្រភពអង់គ្លេសបានសម្តែងការព្រួយបារម្ភរួចទៅហើយអំពីការលាលែងពីតំណែងនេះ។
លោកKing ថ្លែងថា ក្នុងចំណោមប្រទេសដទៃទៀតដែលទាមទារសមុទ្រខាងត្បូងដែរនោះគឺប្រទេសវៀតណាម ដែលប្រហែលជានឹងអាចសោកស្តាយចំពោះការលាលែងពីតំណែងរបស់លោក Mattis ខ្លាំងបំផុត។ លោកថ្លែងទៀតថា វៀតណាមគឺជាប្រទេសដែលមានជំហររឹងមាំបំផុតប្រឆាំងនឹងរដ្ឋាភិបាលក្រុង ប៉េកាំង ខណៈដែលបណ្តាប្រទេសអាស៊ីដែលទាមទារដែនទឹកដទៃទៀត ងាកមករកសហរដ្ឋអាមេរិកដើម្បីការគាំទ្រផ្នែកសន្តិសុខ ប៉ុន្តែងាកទៅរកប្រទេសចិនដើម្បីការគាំទ្រផ្នែកសេដ្ឋកិច្ច។
ដំណាក់កាលទន្ទឹងចាំមើល
លោក King ថ្លែងថា ការដកកងកម្លាំងរបស់អាមេរិកចេញពីប្រទេស ស៊ីរី អាចបង្ហាញថា លោក ត្រាំ និងរដ្ឋមន្ត្រីការពារប្រទេសថ្មីរបស់លោក នឹងដករដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ឲ្យឯកោពីក្រុមសម្ព័ន្ធមិត្តអាស៊ី។ លោកបានបន្ថែមទៀតថា ចិន «នឹងចូលទៅបំពេញចន្លោះប្រហោងនេះ»។
អ្នកវិភាគលើកឡើងថា ក្នុងរយៈពេលខ្លី បណ្តាមេដឹកនាំនានានៅអាស៊ីនឹងទន្ទឹងរង់ចាំដោយព្រួយបារម្ភម្តងទៀត ដូចដែលពួកគេធ្លាប់ព្រួយបារម្ភបន្ទាប់ពីលោក ត្រាំ ចូលស្បថឡើងកាន់តំណែង។
លោក ត្រាំ បាននិយាយថា លោកនឹងតែងតាំងលោក Patrick Shanahan អនុរដ្ឋមន្ត្រីការពារប្រទេសឲ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារប្រទេសស្តីទី នៅថ្ងៃទី ១ ខែ មករា ខាងមុខនេះ ដើម្បីជំនួសលោក Mattis៕
ប្រែសម្រួលដោយអ្នកនាង ហុង ចិន្តា