ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យ ថា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Patrick Shanahan នឹងក្លាយជារដ្ឋមន្ត្រីស្តីទី នៅថ្ងៃទី១ ខែមករា នេះ ដោយជំនួសតំណែងរបស់លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដែលបានប្រកាសលាលែងពីតំណែងកាលពីសប្តាហ៍មុន។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Tweeter ថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយនឹងប្រកាសថា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសដ៏ឆ្នើមរបស់យើង គឺលោក Patrick Shanahan នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសស្តីទីចាប់ពីថ្ងៃទី ១ ខែ មករា នេះតទៅ»។ នេះគឺជាការជំរុញឲ្យលោករដ្ឋមន្ត្រី Mattis បច្ចុប្បន្ន ចុះចេញពីតំណែងពីរខែមុនកាលកំណត់។
លោក Shanahan គឺជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Boeing ហើយត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសកាលពីឆ្នាំ២០១៧។
លិខិតលាលែងពីតំណែងរបស់លោក Mattis ដែលត្រូវបានប្រគល់ជូនលោក ត្រាំ ដោយផ្ទាល់កាលពីថ្ងៃសុក្រ បានឲ្យដឹងថា លោកនឹងលាលែងពីតំណែងនៅថ្ងៃទី២៨ ខែ កុម្ភៈ។
ការសម្រេចចិត្តរបស់លោករដ្ឋមន្ត្រីការពារប្រទេសត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ត្រាំ បានប្រកាសថា លោកនឹងដកទ័ពអាមេរិកចំនួន២០០០នាក់ចេញពីប្រទេសស៊ីរី ដែលជាចំណាត់ការមួយដែលក្រសួងការពារប្រទេសប្រឆាំង។
លោក Mattis មិនបានបញ្ជាក់អំពីជម្លោះពាក់ព័ន្ធនឹងប្រទេសស៊ីរីនៅក្នុងលិខិតសុំលាលែងពីតំណែងរបស់លោកនោះទេ ប៉ុន្តែលោកបានលើកឡើងថា «តម្លៃសំខាន់» របស់លោក គឺថាអានុភាពរបស់អាមេរិកដែលពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសម្ព័ន្ធមិត្តរបស់ប្រទេសនេះជាមួយនឹងប្រទេសដទៃទៀត៕