ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​មេដឹកនាំ​ជប៉ុន និង​ចិន អំពី​បញ្ហា​កូរ៉េ​ខាង​ជើង


រូបភាពឯកសារ៖ ប្រធានាធិបតី​ Donald Trump កំពុងទូរស័ព្ទក្នុង​ការិយាល័យ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទិ​២៨ មករា ២០១៧។
រូបភាពឯកសារ៖ ប្រធានាធិបតី​ Donald Trump កំពុងទូរស័ព្ទក្នុង​ការិយាល័យ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទិ​២៨ មករា ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​សន្ទនា​តាម​ទូរស័ព្ទ​ពីរ​លើក​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ជប៉ុន និង​ចិន។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​មិន​បាន​បញ្ជាក់​ថា​តើ​លោក Trump នឹង​ពិភាក្សា​អ្វី​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នោះ​ទេ។ ប៉ុន្តែ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នេះ​ទំនង​ជា​ការ​ពិភាក្សា​អំពី​ការ​កើន​ឡើង​នូវ​ភាព​មិន​សប្បាយ​ចិត្ត​របស់​លោក Trump ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ការ​សាកល្បង​គ្រាប់​មីស៊ីល​ជា​ច្រើន​លើក​ច្រើន​សារ​របស់​ប្រទេស​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Trump បាន​ថ្លែង​ថា៖ «យុគសម័យ​នៃ​ការ​អត់ធ្មត់​ផ្នែក​យុទ្ធសាស្ត្រ​ជាមួយ​នឹង​របប​ដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​គឺ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ និយាយ​ឲ្យ​ស្មោះ​ទៅ ការ​អត់ធ្មត់​ចំពោះ​កូរ៉េ​ខាង​ជើង​លែង​មាន​ទៀត​ហើយ‍»។

លោក Trump ដាក់​ក្ដី​សង្ឃឹម​លើ​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ការទូត​ចម្បង​របស់​កូរ៉េ​ខាង​ជើង ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន បាន​ប្រកាស​ថា​កិច្ច​ប្រឹងប្រែង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ក្នុង​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើងទទួល​បរាជ័យ។

កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​មេដឹកនាំ G 20 ចូល​មក​ដល់​នៅ​ក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដែល​លោក Trump គ្រោង​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In៕

XS
SM
MD
LG