យន្តហោះយោធាសម្រាប់ដឹកទំនិញពីរគ្រឿងរបស់ប្រទេសរុស្សីដែលមានដឹកជំនួយមនុស្សធម៌៨០តោនបានធ្វើដំណើរទៅដល់ប្រទេសស៊ីរីដើម្បីបង្កើតជំរុំតង់មួយសម្រាប់ជនភៀសខ្លួនជាងមួយពាន់នាក់នៅពេលដែលក្រុមប្រឆាំងស៊ីរីមួយបានរិះគន់រដ្ឋាភិបាលក្រុងមូស្គូអំពីវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសនេះដែលជាប្រទេសអារ៉ាប់សំខាន់មួយ។
លោកឧត្តមសេនីយ៍ទោ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថា ជំនួយមនុស្សធម៌នេះមានរួមបញ្ចូលសម្ភារៈសម្រាប់បង្កើតជំរុំដោយរួមមានគ្រែ ពូក ចង្ក្រាន លូទឹកក្រោមដី និងម្ហូបអាហារ។
លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានសម្តែងកង្វល់អំពីកំណើនសកម្មភាពយោធារបស់រុស្សីនៅក្នុងប្រទេសស៊ីរី។ រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ខ្លួនបញ្ជូនគ្រឿងឧបករណ៍យោធាទៅជួយរដ្ឋាភិបាលស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមរដ្ឋឥស្លាម ហើយក៏បានបញ្ជូនក្រុមអ្នកជំនាញការឱ្យទៅហ្វឹកហ្វឺនកងទ័ពស៊ីរីក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះផងដែរ។
ក៏ប៉ុន្តែ ក្រុមចម្រុះជាតិស៊ីរីបានថ្កោលទោសអ្វីដែលក្រុមនេះហៅថា «អន្តរាគមន៍យោធារុស្សីដោយផ្ទាល់» ដោយបានពិពណ៌នាវិធានការបែបនេះថា ជាអាកប្បកិរិយាប្រកបដោយអរិភាព។
ប្រទេសរុស្សីជាអ្នកគាំទ្រជាយូរមកហើយដល់រដ្ឋាភិបាលស៊ីរី ហើយប្រទេសនេះបានទ្រទ្រង់ប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងសង្គ្រាមស៊ីវិលដោយការពារលោកពីការដាក់ទណ្ឌកម្មរបស់អ.ស.ប.និងបានផ្តល់អាវុធឱ្យរដ្ឋាភិបាលស៊ីរីផងដែរ៕