ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​បី​រូប៖​ សារ​គំរាម​ដដែលៗ​របស់​លោក​ ​ហ៊ុន សែន​ ​ជា​ការ​«រំខាន​ចិត្ត​​ដ៏​ធ្ងន់ធ្ងរ»


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) និង​លោក ហេង សំរិន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ពិធី​រំឭកខួប​៣៨ឆ្នាំនៃការ​ដួលរំលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) និង​លោក ហេង សំរិន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ពិធី​រំឭកខួប​៣៨ឆ្នាំនៃការ​ដួលរំលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ ​ហ៊ុន​ សែន​ មិន​ត្រឹមតែ​រិះគន់​គោលនយោបាយ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បង្កើន​កញ្ចប់​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ និង​ព្រមាន​មេ​បក្ស​ប្រឆាំង​លោក​ កឹម សុខា​ នោះ​ទេ​ លោក​ថែមទាំង​បាន​គំរាម​កម្ចាត់​ក្រុម​ណា​ដែល​ចង់​ផ្តួល​រដ្ឋាភិបាល​លោក ​ហើយ​លោក​លើក​ឡើង​ជា​ដដែល​ថា​ បើ​គ្មាន​គណបក្ស​លោក​ដឹកនាំ​ប្រទេស​ នោះ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង។

ភ្លាមៗ​ក្រោយ​ការ​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​បី​រូប ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​គំរាម​ដដែលៗ​របស់​បុរស​ខ្លាំង​កម្ពុជា​ ​ដែល​ដោយ​ហៅ​ការ​គំរាម​នេះ​ថា​ជា​ការ​«រំខាន​ចិត្ត​ដ៏​ធ្ងន់ធ្ងរ»។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​សភា​លោក​ Alan Lowenthal លោក​ Steve Chabot​ និង​លោក​ Eward R. Royce ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

​សេចក្តី​អំពាវនាវ​របស់​អ្នក​តាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​នេះ​ កើត​មាន​ឡើង មិន​បានប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​គំរាម​ធ្ងន់ៗ​សារ​ជា​ថ្មី​ចំពោះ​ការ​កម្ចាត់​ក្រុម​ ឬ​បក្ស​ណា​ដែល​ចង់​ចេញ​មុខ​ប្រឆាំង​នឹង​លោក ​ហើយ​លោក​ក៏​បាន​ព្រមាន​ដដែល​ទៀត​ថា​ សង្គ្រាម​នឹង​កើត​មាន​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​មិន​ឈ្នះ​ឆ្នោត​នោះ។​

​សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​សភា​អាមេរិក​បី​រូប ដែល​មាន​លោក​ Alan Lowenthal លោក​ Steve Chabot​ និង​លោក​ Eward R. Royce ​ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ​លោក​ Rex Tillerson ​បាន​ឲ្យ​ដឹង​ថា​ ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ដែល​កំពុង​ខិតចូល​មកដល់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ គឺ​មាន​សារៈសំខាន់​ដល់​អនាគត​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​សមាជិក​សំខាន់​មួយ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ​និង​ជា​ទឹកដី​កំណើត​ពលរដ្ឋ​អាមេរិកាំង​រាប់​សែន​នាក់។

សមាជិក​សភា​ទាំង​បី​រូប​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ក្នុង​ន័យ​ដើម​ថា៖

«យើង​អំពាវនាវ​ឲ្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​ដល់​នីតិរដ្ឋ​ និង​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ នៅ​មុន​ការ​បោះឆ្នោត»។​

សេចក្តី​ថ្លែង​ការណ៍​របស់​សមាជិក​សភា​អាមេរិកបីរូបដែល​មានលោក​ Alan Lowenthal លោក​ Steve Chabot​ និង​លោក​ Eward R. Royce ​ដែល​បាន​ផ្ញើជូន​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក​ ​លោក​ Rex Tillerson ​អំពីការ​មិន​ពេញ​ចិត្ត​ចំពោះ​ការគំរាម​ដដែលៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តី​ថ្លែង​ការណ៍​របស់​សមាជិក​សភា​អាមេរិកបីរូបដែល​មានលោក​ Alan Lowenthal លោក​ Steve Chabot​ និង​លោក​ Eward R. Royce ​ដែល​បាន​ផ្ញើជូន​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក​ ​លោក​ Rex Tillerson ​អំពីការ​មិន​ពេញ​ចិត្ត​ចំពោះ​ការគំរាម​ដដែលៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

​ពួកគេ​បាន​សរសេរ​បន្ត​ថា៖

«យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​រំខាន​ចិត្ត​ដ៏​ធ្ងន់ធ្ងរ​ដោយ​សេចក្តី​រាយការណ៍​អំពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កំពុង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ​និង​ប្រើប្រាស់​តាក់តិក​(យុទ្ធសាស្ត្រ)​បន្លាច​ ដើម្បី​បំភិតបំភ័យ​អ្នក​បោះឆ្នោត​ទាំងឡាយ​ ក្នុង​នោះ​រួម​មាន​ការ​បង្កើត​ការ​សម្លុត​អំពី​សង្គ្រាម​ក្នុង​ស្រុក​ ប្រសិន​បើ​គណបក្ស​របស់​លោកចាញ់​ការ​បោះឆ្នោត»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ ​ហ៊ុន​ សែន​ មិន​ត្រឹមតែ​រិះគន់​គោលនយោបាយ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បង្កើន​កញ្ចប់​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ និង​ព្រមាន​មេ​បក្ស​ប្រឆាំង​លោក​ កឹម សុខា​ នោះ​ទេ​ លោក​ថែមទាំង​បាន​គំរាម​កម្ចាត់​ក្រុម​ណា​ដែល​ចង់​ផ្តួល​រដ្ឋាភិបាល​លោក ​ហើយ​លោក​លើក​ឡើង​ជា​ដដែល​ថា​ បើ​គ្មាន​គណបក្ស​លោក​ដឹកនាំ​ប្រទេស​ នោះ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង។

លោក​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ ថ្លែង​សំដៅ​ទៅ​ក្រុម​ដែល​ចង់​ផ្តួល​រដ្ឋាភិបាល​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖

«ទង្វើ​ណា​ក៏​ដោយ​ ដែល​នាំ​ទៅ​ដល់​ការ​ផ្តួល​រំលំ​ គឺ​ជា​ទង្វើ​ដែល​ត្រូវ​តែ​បង្ក្រាប​ដាច់​ខាត​តែ​ម្តង​ គ្មាន​ការ​អត់​ឱន​ទេ។ ដើម្បី​ធានា​ជីវិត​មនុស្ស​រាប់​លាន​នាក់​ យើង​សុខ​ចិត្ត​កម្ចាត់​ចោល​មួយ​រយ​ ពីរ​រយ​នាក់»។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ការ​អធិប្បាយ​របស់​មេទ័ព​កម្ពុជា​ លោក​ ប៉ុល សារឿន​ ដែល​ស្នើ​ឲ្យ​កងទ័ព​ត្រៀម​កម្ចាត់​ចោល​ចលនា​បដិវត្តន៍​ពណ៌​ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក​ ទៀ បាញ់​ ដែល​គំរាម​វាយ​បំបាក់​ធ្មេញ​ក្រុម​ណា​ដែល​ចេញ​មក​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់។

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សមាជិក​ទាំង​បី​នាក់​នៃ​សភា​អាមេរិក​ ដែល​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អាមេរិក ​ទាក់​ទិន​នឹង​ការ​ការពារ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​នឹង​ផ្ញើ​សញ្ញា​សំខាន់​ និង​ចាំបាច់​មួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​តែ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ។

​ទាក់ទិន​សេចក្តី​ថ្លែង​ការណ៍​របស់​សមាជិក​សភា​ទាំង​បី​រូប​ និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​លោក​ Jay Raman ​អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បដិសេធ​មិន​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​នោះ​ទេ។

​យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បទេស​សហរដ្ឋ​អាមេរិក​ ​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឲ្យ​បាន​បរិយាកាស​សេរី​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​ ដោយ​មិន​មាន​ការ​គំរាមកំហែង​ម្តង​រួច​មក​ហើយ​ ​នៅ​មុន​ការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​ចាប់​ផ្តើម។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​សភា​អាមេរិក​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​មួយ​ប៉ុណ្ណោះ។​ លោក​ថា ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​គន្លង​ប្រជាធិបតេយ្យ​ ស្រប​តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។

​លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា៖

«តាម​ពិត​យើង​កំពុង​តែ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ស្រប​តាម​សា្មរតី​នៃ​កិច្ចព្រម​ព្រៀង​ប៉ារីស ហើយ​យើង​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ​ហ្នឹង​ឯង​ ហើយ​ចំពោះ​ការ​ថ្លែង​បញ្ហា​សង្គ្រាម​នេះ​ ខ្ញុំ​យល់​ថា​ អ្នក​ណា​ក៏​ដឹង​ដែរ ​មិន​អាច​ទៅ​និយាយ​ប្រាសចាក​ការពិត​បាន​ទេ​ គណបក្ស​ប្រជាជន​ជា​ស្ថាបនិក​នៃ​សន្តិភាព​ គឺ​គណបក្ស​ប្រជាជន​បាន​ធ្វើ​ការ​តស៊ូ​ ពុះពារ​គ្រប់​ឧបសគ្គ​ ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​សន្តិភាព​ហ្នឹង​ឯង»។

លោក​បន្ថែម​ថា៖

«ក៏ប៉ុន្តែ​មិនមែន​បាន​សន្តិភាព​ហើយ​ យើង​យក​មក​បោះចោល​ទេ​ ទាម​ទារ​ឲ្យ​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព​នោះ​ឲ្យ​បាន​គង់វង្ស​ យូរអង្វែង​ ដើម្បី​ជា​សេចក្តី​សុខ​របស់​ជាតិ​យើង​ផង​ ជា​សេចក្តី​សុខ​ ជា​សេចក្តី​សុខ​របស់​ប្រជាជន​យើង​ផង»។

សមាជិក​សភា​អាមេរិកបីរូបដែល​មានលោក​ Alan Lowenthal លោក​ Steve Chabot​ និង​លោក​ Eward R. Royce ​ដែល​បាន​ផ្ញើជូន​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក​ ​លោក​ Rex Tillerson ​អំពីការ​មិន​ពេញ​ចិត្ត​ចំពោះ​ការគំរាម​ដដែលៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
សមាជិក​សភា​អាមេរិកបីរូបដែល​មានលោក​ Alan Lowenthal លោក​ Steve Chabot​ និង​លោក​ Eward R. Royce ​ដែល​បាន​ផ្ញើជូន​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក​ ​លោក​ Rex Tillerson ​អំពីការ​មិន​ពេញ​ចិត្ត​ចំពោះ​ការគំរាម​ដដែលៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (និកហ្វិច)​ យល់​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ ជា​អនុសាសន៍​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សេរី​ ​និង​គ្មាន​ការ​គំរាម​កំហែង​ក្នុង​ការ​បោះឆ្នោត។

«អា​នេះ​មិនមែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ទេ​ អា​នេះ​ជា​ការ​អនុសាសន៍​ ដែល​គេ សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែរ​ គេ​ចង់​ឃើញ​ឲ្យ​យើង​មាន​ ការ​បោះឆ្នោត​ដោយសេរី​ ត្រឹមត្រូវ​ហ្នឹង»។

លោក​ សំ​ គន្ធាមី​ បាន​ថ្លែង​ថា​ សារ​នយោបាយ​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​លើកឡើង​ពី​ការ​ផ្ទុះ​សង្គ្រាម​ គឺ​ជា​ការ​បំភិតបំភ័យ​ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ផ្លូវ​ចិត្ត​របស់​អ្នក​បោះឆ្នោត។

គណបក្ស​នយោបាយ​ចំនួន​១២​ ដែល​បាន​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​នៅ​តាម​ឃុំ សង្កាត់​ ​ចំនួន​ ១.៦៤៦ បាន​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។​ គណបក្ស​នយោបាយ​នីមួយៗ​ មាន​ពេល​១៤​ថ្ងៃ​សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG