សមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិក បានស្វាគមន៍ទណ្ឌកម្មដែលក្រសួងរតនាគារបានដាក់លើលោកនាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង មេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយព្រមានថាអាចនឹងមានថែមទៀត។
លោក ផែទ្រីក លៀហ៊ី សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont ដែលមកពីខាងគណបក្សប្រជាធិបតេយ្យនិងជាអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ បានបញ្ជាក់តាមសារអេឡិកត្រូនិកប្រាប់វីអូអេថា៖
«ក្រសួងរតនាគារបានចាត់ចំណាត់ការត្រឹមត្រូវ។ វាមិនមែនជារឿងសម្ងាត់ទៀតទេដែលកងកម្លាំងសន្តិសុខកម្ពុជា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនិងហិង្សានយោបាយ។ លោកនាយករដ្ឋមន្ត្រីបានចាប់គូប្រជែងនយោបាយដាក់ពន្ធនាគារ ដាក់គណបក្សប្រឆាំងឱ្យនៅក្រៅច្បាប់ និងបង្រ្កាបលើអង្គការសង្គមស៊ីវិល។ ប្រទេសមួយដែលធ្លាប់មានឱកាសក្លាយជាប្រទេសប្រជាធិបតេយ្យបានប្រែក្លាយជារដ្ឋប៉ូលិស ដែលដឹកនាំដោយមនុស្សតែម្នាក់»។
ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃអង្គារសប្តាហ៍មុនដាក់ទណ្ឌកម្មលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងវាយប្រហារលើជនរងគ្រោះជាច្រើន ក្នុងនោះមានពលរដ្ឋអាមេរិកាំងម្នាក់ផងដែរ គឺលោក រ៉ន អាប់នី ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលបានរងរបួសក្នុងការគប់គ្រាប់បែកលើក្រុមបាតុករអហិង្សាដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
លោក ផែទ្រីក លៀហ៊ី បានបន្ថែមថា៖
«ខ្ញុំចង់ឱ្យលោក រ៉ន អាប់នី ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៧ បាននៅរស់ និងឮពីដំណឹងនៃការដាក់ទណ្ឌកម្មនេះ»។
ការដាក់ទណ្ឌកម្មនេះផ្អែកលើច្បាប់សិទ្ធិមនុស្ស Global Magnitsky ឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិជនណាដែលរំលោភសិទ្ធិមនុស្ស ឬប្រព្រឹត្តអំពើពុករលួយ។ រាល់ទ្រព្យសម្បត្តិ ឬផលប្រយោជន៍ពីទ្រព្យសម្បត្តិរបស់លោក ហ៊ីង ប៊ុនហៀង នៅក្នុងទឹកដីសហរដ្ឋអាមេរិកត្រូវផ្អឹបទុកហើយជាការបន្ថែម គឺហាមឃាត់ពលរដ្ឋអាមេរិកាំង ឬស្ថាប័នដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកមិនឱ្យធ្វើការប្រាស្រ័យទាក់ទងរកស៊ីអ្វីជាមួយនឹងលោកទេ។
លោក អាឡាំង លូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ និងជាប្រធានក្រុមអ្នកតំណាងរាស្រ្តទទួលបន្ទុកកិច្ចការកម្ពុជា បានបញ្ជាក់តាមសារអេឡិកត្រូនិកប្រាប់វីអូអេ ដោយហៅការដាក់ទណ្ឌកម្មនេះថា «ជាដំណឹងគួរឱ្យស្វាគមន៍»។
លោកបានបន្ថែមថា៖
«ទណ្ឌកម្មនេះបញ្ជូនសារដល់លោក ហ៊ុន សែន និងសមាជិកនៃរបបរបស់គាត់ថា ដរាបណាពួកគេបន្តរំលោភសិទ្ធិពលរដ្ឋកម្ពុជា និងដរាបណាពួកគេនៅបន្តក្បត់ពាក្យសន្យាចំពោះប្រជាពលរដ្ឋកម្ពុជាថារៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅឆ្នាំនេះ គឺសហរដ្ឋអាមេរិកនឹងចាត់វិធានការហើយ»។
បញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើពលរដ្ឋកម្ពុជាដែលគ្មានអាវុធក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនោះមានការវាយប្រហារកាលពីឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងឆ្នាំ២០១៥នៅមុខរដ្ឋសភាជាតិកម្ពុជា។ នេះបើតាមការរៀបរាប់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០១៥ មានអង្គរក្សបីនាក់របស់បញ្ជាការដ្ឋានអង្គរក្សលោក ហ៊ុន សែន បានសារភាពថាពួកគេបានវាយតប់ទាត់ធាក់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពួកគេជាប់ពន្ធនាគារតែរយៈពេលខ្លីហើយថែមទាំងទទួលបានការដំឡើងឋាន្តរស័ក្តិ បន្ទាប់ពីចេញពីពន្ធនាគារ។
លោក ថិត យូហូ សមាជិកសភានៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋផ្លរីដា ដែលជាអ្នកស្នើសេចក្តីព្រាងច្បាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (Cambodia Democracy Act of 2018) បានបញ្ជាក់ថា ផ្នែកមួយនៃការដាក់ទណ្ឌកម្មនេះ គឺជាកិច្ចការដែលក្រុមអ្នកតំណាងរាស្ត្របានស្នើក្នុងពេលកន្លងមក។ លោកបានបន្ថែមថា នឹងមានមន្ត្រីនៃរដ្ឋាភិបាលលោក ហ៊ុន សែន ជាច្រើននាក់ទៀតនឹងទទួលទណ្ឌកម្ម។
«យើងសង្ឃឹមថា នឹងមានការបន្តដាក់ជនទាំងនេះច្រើនទៀត នៅពេលដែលយើងចងក្រងឯកសារពីអ្វីដែលពួកគេបានធ្វើខុសឆ្គង។ នៅពេលណាដែលពួកគេទទួលទណ្ឌកម្ម ប្រទេសនានាត្រូវសម្រេចថាតើនឹងត្រូវធ្វើការរកស៊ីជាមួយមនុស្សនោះទៀត ឬយ៉ាងណា ឬអនុញ្ញាតឱ្យមនុស្សនោះធ្វើពាណិជ្ជកម្មក្នុងប្រទេសរបស់ពួកគេ ឬក៏គេនឹងធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសរបស់យើងដែលគោរពនីតិរដ្ឋ»។
លោក អេដ រ៉យ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិថា ការវាយធ្វើបានមន្ត្រីបក្សប្រឆាំង គឺជាការមិនអាចអត់ឱនឱ្យបានទេ៖
«សិទ្ធិមនុស្សសំខាន់ណាស់ ហើយការវាយប្រហារលើរាងកាយក្រុមគណបក្សប្រឆាំងតាមបែបហិង្សាដូចដែលយើងបានឃើញ គឺមិនអាចទទួលយកបានទេ ទោះក្នុងសង្គមណាក៏ដោយ។ យើងចង់ឃើញលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា»។
អាជ្ញាធរកម្ពុជាបានចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារតាំងពីដើមខែកញ្ញា ហើយតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ពីបទឃុបឃិតនឹងបរទេសដើម្បីផ្តួលរំលំគណបក្សកាន់អំណាច។ មានមន្ត្រីគណបក្សចំនួន១១៨នាក់ត្រូវបានឃាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ការិយាល័យអ្នកនាំពាក្យរបស់លោក ថិត គ្រូស សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាស ដែលមកពីគណបក្សសាធារណរដ្ឋចង់ឃើញទណ្ឌកម្មឱ្យបានច្រើនថែមទៀតលើមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា។
លោកស្រី Maria Jeffrey បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«រដ្ឋសភានិងរដ្ឋបាលលោកត្រាំ បានចាត់វិធានការជាជំហានៗដាក់ពិន័យលើរបបផ្តាច់ការរបស់លោកហ៊ុន សែន ប៉ុន្តែវិធានការទាំងនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោក ថិត គ្រូស បានព្រមានកាលពីឆ្នាំមុនហើយថា សហរដ្ឋអាមេរិកត្រូវតែវាយតម្លៃឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា ប្រសិនបើលោក ហ៊ុន សែន នៅបន្តរំលាយលទ្ធិប្រជាធិបតេយ្យទៀត។ ទណ្ឌកម្មរបស់ក្រសួងរតនាគារគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ រហូតទាល់តែសេរីភាពត្រូវបានស្តារឡើងវិញនៅកម្ពុជាគឺនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។
នេះជាការប្រើប្រាស់ច្បាប់ថ្មី Global Magnitsky ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដំបូងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាបន្ថែមលើផ្នែកនៃការបង្កកទ្រព្យសម្បត្តិនេះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
លោក គង់ សភា អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរងការវាយដំពីក្រុមអង្គរក្សលោក ហ៊ុន សែន បានបញ្ជាក់ប្រាប់វីអូអេថា លោកសាទរនឹងការសម្រេចរបស់ក្រសួងរតនាគារ៖
«នេះជាវិធានការដំបូងដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើមេដឹកនាំយោធារបស់ជនផ្តាច់ការនៅកម្ពុជា ហើយដែលបានគ្រប់គ្រងចាត់ចែងសម្លាប់ផង វាយអ្នកតំណាងរាស្រ្តផងបោកគ្រាប់បែកផង គឺថាគេមានភស្តុតាងច្បាស់ណាស់បានគេឈានទៅរកការដាក់ទណ្ឌកម្ម ហើយខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិកបន្តការដាក់ទណ្ឌកម្មទៅលើអ្នកបញ្ជាថែមទៀត។ គេនឹងស្រាវជ្រាវ។ ខ្ញុំសាទរនឹងសេចក្តីសម្រេចនេះ»។
ប៉ុន្តែលោក ហ៊ីង ប៊ុនហៀង បានសម្តែងជំហរត្រៀមខ្លួន«វាយបកលើជនអាមេរិកាំងណា»ដែលលោកចាត់ទុកថា មិនគោរពតាមអធិបតេយ្យភាពរបស់កម្ពុជា ហើយថាលោកមិនមានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក ហើយក៏មិនចង់ធ្វើដំណើរទៅសហរដ្ឋអាមេរិកដែរ។ នេះបើយោងតាមលិខិតចំហររបស់លោក ដែលវីអូអេទទួលបានកាលពីថ្ងៃព្រហស្បតិ៍៕