[កំណត់និពន្ធ៖ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនបានបង្កើតក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា(Congressional Cambodia Caucus) កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៦។ ក្នុងរយៈពេលមួយឆ្នាំនេះក្រុមការងារនេះបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏ដូចជាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ប៉ុន្តែបេសកកម្មនេះបានជួបនឹងបញ្ហាប្រឈមជាច្រើនដែលនៅមិនទាន់អាចឱ្យពួកគេសម្រេចបានកិច្ចការធំៗជាច្រើនតាមការចង់បាននៅឡើយទេ។ សហស្ថាបនិកនិងជាប្រធានក្រុមគឺលោកអាឡាំង ឡូវឹនសល សមាជិកសភាមកពីរដ្ឋកាលីហ្វញ៉ាមើលឃើញថា សមាជិកសភាសហរដ្ឋអាមេរិកត្រូវតែរិះរកវិធានការតឹងរ៉ឹងបន្ថែមទៀតដើម្បីជួយឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងនោះមានការទាមទារឱ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតក្នុងពេលខាងមុខប្រកបដោយសេរីនិងត្រឹមត្រូវ។ ខាងក្រោមនេះជាបទសម្ភាសរវាងលោកម៉ែន គឹមសេងនៃ VOAជាមួយនឹងលោកអាឡាំង ឡូវឹនសល។]
VOA៖ សូមអរគុណលោកដែលយល់ព្រមផ្តល់បទសម្ភាសន៍ដល់VOA។ នៅខែនេះគឺជាខួបលើកទីមួយនៃការបង្កើតក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus)។ ដូច្នេះតើអ្វីទៅជាសមិទ្ធិផលដែលក្រុមសមាជិកសភាសម្រេចបានកន្លងមកនេះ?
លោកអាឡាំង ឡូវឹនសល៖ ក្រុមសមាជិកសភាបានធ្វើការយ៉ាងសកម្មហើយក៏មានកិច្ចការជាច្រើនទៀតដែលយើងបានធ្វើ។ ក្រុមយើងត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ខែមីនាឆ្នាំមុនដោយមានសកម្មភាពដំបូងគឺជួបជាមួយនឹងលោកWilliam Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ នៅពេលនោះ លោកឯកអគ្គរដ្ឋទូតផ្តល់ព័ត៌មានចុងក្រោយឱ្យយើងដឹងពីស្ថានភាពនយោបាយកម្ពុជាហើយយើងក៏ចាប់ផ្តើមសម្តែងប្រាប់លោកឯកអគ្គរដ្ឋទូតពីការព្រួយបារម្ភរបស់យើងពីស្ថានភាពនយោបាយដែលបន្តធ្លាក់ចុះ។ ក្តីសង្ឃឹមរបស់យើងចង់បានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ហើយឱ្យលោក(ឯកអគ្គរដ្ឋទូត) ស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដល់ពលរដ្ឋកម្ពុជា។ នោះគឺជាកិច្ចការដំបូងដែលយើងបានធ្វើ។
បន្ទាប់ពីនោះយើងក៏បានជួបជាមួយនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលមានលោកសមរង្ស៊ី។ យើងចង់ដឹងដោយផ្ទាល់ពីលោកសមរង្ស៊ីថាស្ថានភាពគាត់យ៉ាងម៉េចដែរដែលមិនអាចវិលត្រឡប់ទៅប្រទេសកម្ពុជាបានអីចឹង។ បន្ទាប់ពីនោះក្រុមយើងក៏បាននិយាយទូរស័ព្ទជាមួយនឹងលោកកឹមសុខាដែលស្ថិតនៅក្នុងប្រទេសកម្ពុជាពីស្ថានភាពដែលកាន់តែអាក្រក់ជាពិសេសការឃុំខ្លួនគាត់នៅក្នុងទីស្នាក់ការ។
បន្ទាប់មកទៀតយើងបានចេញសេចក្តីសម្រេចចិត្តលេខ៧២៨ដែលត្រូវបានអនុម័តដោយរដ្ឋសភាដោយសំឡេងឯកច្ឆ័ន្ទកាលពីខែកញ្ញាឆ្នាំមុន។ នៅក្នុងនោះយើងនិយាយពីសារៈសំខាន់នៃការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនិងអ្វីដែលបានកើតមានឡើងក្នុងការបោះឆ្នោតកាលពីពេលមុន ការខិតខំធ្វើការរបស់យើងសម្រាប់កម្ពុជានិងការគាបសង្កត់ក្នុងពេលកន្លងមកហើយយើងបានអំពាវនាវតាមរយៈសេចក្តីសម្រេចចិត្តនោះដែរឱ្យលុបចោលដីការចាប់ខ្លួនលោកសមរង្ស៊ី ហើយអនុញ្ញាតឱ្យសមាជិកសភាដទៃទៀតវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយមិនភ័យខ្លាចពីការចាប់ខ្លួន។
នៅពេលនោះ យើងក៏បាននិយាយដល់ការបាញ់សម្លាប់លោកកែមឡីដែលជាអ្នកវិភាគសង្គម។ យើងសម្តែងការខកចិត្តរបស់យើងនៅក្នុងសេចក្តីសម្រេចចិត្តនោះហើយយើងផ្តល់ដំណោះស្រាយថាសហរដ្ឋអាមេរិកត្រូវជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ យើងក៏បានថ្កោសទោសរាល់ទម្រង់នៃអំពើហិង្សាជាពិសេសការរំលោភសិទ្ធិមនុស្សហើយយើងបានអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពអ្នកសារព័ត៌មាននិងសិទ្ធិពលរដ្ឋក៏ដូចជាឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកែទម្រង់ការបោះឆ្នោតនៅប្រទេសកម្ពុជា។ យើងស្នើឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ដោយយើងស្នើឱ្យមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ។ យើងស្នើសុំឱ្យរដ្ឋាភិបាលបញ្ឈប់រាល់ការយាយីរំខានសកម្មជនគណបក្សប្រឆាំង ទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងគណបក្សប្រឆាំង។ កិច្ចការនោះ យើងបានធ្វើនៅខែកញ្ញា។
ខ្ញុំតំណាងឱ្យក្រុមសមាជិកសភាក៏បានសរសេរលិខិតទៅប្រាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនពីសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័តហើយស្នើសុំរដ្ឋាភិបាលរបស់លោកឱ្យបញ្ចប់ការយាយី រំខាននិងការធ្វើទុក្ខបុកម្នេញនានា។ ជាពិសេសនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាខាងមុខនិងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
តាងនាមឱ្យក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា កាលពីខែកុម្ភៈខ្ញុំនិងសហប្រធានគឺលោកស្ទីវ ឆាបុតក៏បានសរសេរលិខិតមួយទៅរដ្ឋមន្ត្រីការបរទេសថ្មី គឺលោក Rex Tillerson បញ្ជាក់ពីការវិវត្តន៍ដែលយើងឃើញកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ យើងបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីថ្មីពីការអនុម័តសេចក្តីសម្រេចចិត្តលេខ៧២៨ដែលគាំទ្រដល់សិទ្ធិមនុស្សនិងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។ យើងក៏ព្រួយបារម្ភពីច្បាប់ថ្មីដែលហាមឃាត់លោកសមរង្ស៊ីមិនឱ្យដឹកនាំគណបក្សនយោបាយ។ ដូច្នេះយើងមានការព្រួយបារម្ភខ្លាំងណាស់។
នៅឆ្នាំនេះលោកឆាបុតនិងខ្ញុំនឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះដើម្បីពិនិត្យមើលថាតើត្រូវចាត់វិធានការយ៉ាងម៉េចទៀត។ ជាការពិតយើងចង់ជំរុញឱ្យមានអ្នកសង្កេតការណ៍នៅពេលបោះឆ្នោតព្រោះយើងព្រួយបារម្ភថាអ្នកដឹកនាំនេះដូចជាមិនចង់ជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទេ។
យើងសប្បាយរីករាយខ្លាំងណាស់ដែលក្នុងឆ្នាំកន្លងមកនេះចាប់តាំងពីការបង្កើតក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជាមកឥឡូវនេះសមាជិកសភាគ្រប់គ្នានៅក្នុងរដ្ឋសភាយល់ដឹងថាមានស្ថានភាពនយោបាយធ្ងន់ធ្ងរកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាហើយសហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកែតម្រូវស្ថានការណ៍នោះដោយអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដូចការព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៣។
VOA៖ សូមអរគុណលោកដែលបានផ្តល់ព័ត៌មានថ្មីៗដល់VOA។ ដូចលោកបានមានប្រសាសន៍ហើយថាមិនត្រឹមតែមិនអនុញ្ញាតឱ្យលោកសមរង្ស៊ីបានវិលត្រឡប់ទៅប្រទេសវិញដោយគ្មានទោសពៃរ៍ទេ គណបក្សកាន់អំណាចថែមទាំងធ្វើច្បាប់ដែលហាមឃាត់លោកសមរង្ស៊ីមិនឱ្យដឹកនាំគណបក្សបានទៀត។ គណបក្សប្រឆាំងនៅពេលនេះមានលំហរប្រតិបត្តិការកាន់តែរួមតូច។ តាមរយៈសារបែកធ្លាយក្នុងពេលថ្មីៗនេះ លោកហ៊ុន សែនបានបង្ខំឱ្យលោកកឹម សុខាធ្វើបក្សប្រហារដោយយករឿងក្តីក្តាំនៅតុលាការមកគាបសង្កត់។ ដូច្នេះតើសហរដ្ឋអាមេរិកគួរតែធ្វើយ៉ាងណាទៀតដើម្បីធានាឱ្យមានបរិយាកាសនយោបាយមួយស្មើគ្នាបាន?
លោក អាឡាំងឡូវឹនសល៖ ជាការពិតហើយ។ លោកនិយាយត្រូវហើយ។ នេះគឺជាអ្វីដែលលោកសមាជិកសភាឆាបុតនិងខ្ញុំសម្រេចថាយើងត្រូវតែជួបប្រជុំគ្នាឱ្យបានឆាប់ៗជាមួយនឹងបុគ្គលិករបស់យើងដើម្បីធ្វើកិច្ចការអ្វីមួយ ព្រោះស្ថានភាពបានដើរមកដល់ចំណុចសំខាន់មួយហើយ។ បញ្ហានៅត្រង់ថាតើសហរដ្ឋអាមេរិកអាចនឹងធ្វើអ្វីបាន? យើងបានជម្រាបដល់រដ្ឋមន្ត្រីក្រសួងការបរទេសហើយ។ នៅសប្តាហ៍កន្លងមកនេះយើងបានឮការសន្ទនាជាមួយនឹងការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីរបស់រដ្ឋមន្ត្រីការបរទេសអំពីទំនាក់ទំនងកាន់តែអាក្រក់នេះ»។
ស្ថានភាពអាក្រក់ខ្លាំងណាស់ ពិតជាមានការវាយប្រហារដោយចំហរពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកលើគណបក្សសង្គ្រោះជាតិដែលមិនអាចឱ្យពួកគេធ្វើជាគណបក្សប្រឆាំងដ៏ខ្លាំងបាន។ យើងនឹងទទួលយកព័ត៌មានពីគ្រប់ភាគីហើយសម្រេចលើជំហានបន្ទាប់របស់យើងទៀត។ ជាការពិតការព្រួយបារម្ភខ្លាំងរបស់យើងគឺការរៀបចំការបោះឆ្នោតក្នុងពេលខាងមុខ។ យើងនឹងឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមអ្វីដែលពួកគេបានសន្យាកាលពីឆ្នាំ២០១៣ក្នុងការរៀបចំការបោះឆ្នោតមួយដោយសេរីនិងត្រឹមត្រូវ។ នេះជាជំហានបន្ទាប់របស់យើង។
VOA៖ សូមអរគុណលោកដែលបានរៀបរាប់ពីចំណុចទាំងអស់នេះ។ តើជំនួសឱ្យការណ៍ដែលគ្រាន់តែចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភ តើលោកអាចរៀបរាប់ពីវិធានការជាក់លាក់ណាមួយ ឬ ពីរដែលក្រុមសមាជិកសភាអាចនឹងចាត់វិធានការដើម្បីឱ្យលោកហ៊ុន សែនស្តាប់សហរដ្ឋអាមេរិកច្រើនជាងមុន?
លោកអាឡាំង ឡូវឹនសល៖ ក្នុងពេលកន្លងមកសហរដ្ឋអាមេរិកក៏ដូចជាប្រទេសដទៃទាំងសម្រាប់កម្ពុជានិងប្រទេសផ្សេងទៀតបានចាប់ផ្តើមចងភ្ជាប់ជំនួយដើម្បីឱ្យប្រទេសនានាគោរពតាមកិច្ចព្រមព្រៀងរបស់គេ។ ដូច្នេះនេះគឺជាអ្វីដែលយើងនឹងពិភាក្សាសម្រាប់ជំហានបន្ទាប់ដូចដែលលោកបានលើកឡើងក្រៅពីសម្តែងការព្រួយបារម្ភក្នុងនាមជាប្រទេសមួយទៅរដ្ឋមន្ត្រីការបរទេស ឬទៅឯកអគ្គរដ្ឋទូតរបស់យើង និងបញ្ជាក់ទៅលោកហ៊ុន សែនថានេះគឺជាគោលនយោបាយរបស់យើងហើយបើនៅតែមិនដំណើរការទៀតគឺយើងនឹងស្វែងរកគ្រប់លទ្ធភាពដែលមានដូចជាដាក់លក្ខខណ្ឌលើជំនួយដែលយើងធ្លាប់ផ្តល់ជូនកន្លងមក។ ខ្ញុំមិនគិតថាតើវាដំណើការឬយ៉ាងណាទេប៉ុន្តែយើងនឹងដាក់លក្ខខណ្ឌដើម្បីឱ្យរដ្ឋាភិបាលធ្វើតាមអ្វីដែលជាការទទួលខុសត្រូវរបស់ខ្លួន។ យើងមិនទាន់ធ្វើអីចឹងនៅឡើយទេប៉ុន្តែយើងនឹងពិនិត្យមើលថាតើក្រុមសមាជិកសភានឹងត្រូវដើរផ្លូវមួយនេះឬយ៉ាងណា ប៉ុន្តែយើងពិតជានឹងពិភាក្សាលើបញ្ហានេះ។
VOA៖ ទោះបីជាមានការរឹតបន្តឹងប៉ុន្តែសេចក្តីរាយការណ៍នានាឱ្យដឹងថាគណបក្សប្រឆាំងកំពុងតែកើនឡើងប្រជាប្រិយ៍ភាព។ ប្រសិនបើការបោះឆ្នោតជាតិលើកក្រោយគណបក្សប្រឆាំងឈ្នះឆ្នោតតើសហរដ្ឋអាមេរិកអាចនឹងជួយយ៉ាងម៉េចបានដើម្បីធានាឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី?
លោកអាឡាំង ឡូវឹនសល៖ ដូចខ្ញុំបានលើកឡើងពីខាងដើមហើយថាយើងត្រូវតែមានអ្នកសង្កេតការណ៍ អន្តរជាតិនិងសហរដ្ឋអាមេរិកនៅកម្ពុជាដើម្បីសម្រេចលើដំណើរការនោះ។ ហើយអ្វី ដែលលោកសួរនោះគឺថាបើសិនជាគណបក្សប្រឆាំងឈ្នះឆ្នោតហើយប៉ុន្តែត្រូវគេបដិសេធមិនប្រគល់អំណាច។ នោះគឺជាបញ្ហាធ្ងន់ធ្ងរមួយហើយចំពោះរដ្ឋាភិបាលនោះហើយបើយើងមានអ្នកសង្កេតការណ៍អន្តរជាតិហើយបាននិយាយដោយច្បាស់ថានោះគឺជាអ្វីដែលបានកើតមានឡើងខ្ញុំអាចប្រាប់លោកបានថាសភាជាតិនឹងចាត់វិធានការជាច្រើនព្រោះវាជារឿងធ្ងន់ធ្ងរណាស់។
VOA៖ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានវោហាសាស្រ្តប្រឆាំងនឹងសហរដ្ឋអាមេរិកជាច្រើនចេញមកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងអ្នកគាំទ្ររបស់គាត់ជាពិសេសពាក់ព័ន្ធនឹងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក។ តើសភាសហរដ្ឋអាមេរិកនឹងគិតគូចរចាឡើងវិញទេហើយជាកាយវិការល្អគឺគួរលុបបំណុលទាំងនោះចោល?
លោកអាឡាំង ឡូវឹនសល៖ លោកសួរសំណួរដែលយើងខ្ញុំនឹងសួរខ្លួនឯងដែរ។ យើងមិនអាចឆ្លើយថាព្រមឬមិនព្រមទេប៉ុន្តែនឹងមានការពិភាក្សាពីបញ្ហានេះហើយក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជានឹងពិភាក្សាពីបញ្ហានេះ។ ខ្ញុំមិនអាចនិយាយថាយើងនឹងចរចាពីបំណុលនេះឡើងវិញឬបង្ខំពួកគេឱ្យសងយើងទេ។ អ្វីដែលខ្ញុំអាចនិយាយបានគឺយើងនឹងពិភាក្សាពីបញ្ហាទាំងនោះដើម្បីមើលថាតើនោះជាដំណាក់ការសមរម្យសម្រាប់ជំហានបន្ទាប់ឬទេ។ ប៉ុន្តែយើងនៅតែសង្ឃឹមថាលោកហ៊ុន សែននឹងអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ គាត់ជំពាក់ពលរដ្ឋកម្ពុជាដោយត្រូវបំពេញតាមអ្វីដែលគាត់បានសន្យា។ គាត់បានសន្យា ដូច្នេះគាត់ជំពាក់ពលរដ្ឋកម្ពុជាគឺមិនមែនសហរដ្ឋអាមេរិកតែមួយទេ។ ហើយយើងនឹងធ្វើឱ្យប្រាកដថាគាត់ធ្វើតាមការសន្យានោះ។
VOA៖ តើលោកចង់ឱ្យពលរដ្ឋខ្មែរអាមេរិកាំងធ្វើយ៉ាងណាទៀតដើម្បីជួយដល់ដំណើរការទាំងអស់នេះ?
លោកអាឡាំង ឡូវឹនសល៖ ពួកគេត្រូវចូលរួមធ្វើសកម្មភាព។ ពួកគេត្រូវតែសរសេរលិខិតទៅសមាជិកសភារបស់ពួកគេ។ ពួកគេត្រូវតែពិភាក្សាក្នុងសហគមន៍ខ្មែរពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ពួកគេត្រូវបង្ហាញពីតម្រូវការនិងប្រាប់ឱ្យសមាជិកសភារបស់គេដឹងពីស្ថានភាពកម្ពុជា។
ឥឡូវនេះយើងមានក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជាដែលដឹងពីបញ្ហានេះ។ សមាជិកសភាដទៃទៀតមានកិច្ចការជាច្រើនដែលគេត្រូវដោះស្រាយហើយបើអ្នកបោះឆ្នោតមិនបានប្រាប់ពួកគេឱ្យដឹងទេគឺគេមិនដឹងពីស្ថានភាពនោះហើយត្រូវជួយដល់កម្ពុជាទេ។ ឥឡូវនេះលោកឆាបុតហើយនឹងខ្ញុំមិនអាចទាមទារអស់ទេ។ បញ្ហាទាំងអស់នេះត្រូវតែចេញពីសហគមន៍ខ្មែរអាមេរិកាំងផងដែរដោយប្រាប់សមាជិកសភារបស់អ្នកនូវបញ្ហាដែលលោកបានចោទសួរគឺថាតើត្រូវដាក់ទណ្ឌកម្មបែបណា។ តើយើងនឹងចាត់ការយ៉ាងណាលើរដ្ឋាភិបាលមួយដែលមិនគោរពតាមការសន្យាហើយថាតើយើងនឹងត្រូវធ្វើការជាមួយនឹងរដ្ឋាភិបាលនោះដូចធម្មតាឬក៏ត្រូវដាក់ទណ្ឌកម្ម។ ទាំងអស់នេះគឺមិនត្រូវចេញតែពីខ្ញុំនិងលោកឆាបុតទេគឺត្រូវចេញពីសហគមន៍ខ្មែរផងដែរ។
VOA៖ សូមអរគុណលោកអាឡាំង ឡូវឹនសលដែលបានផ្តល់បទសម្ភាសដល់VOA។
លោកអាឡាំង ឡូវឹនសល៖ សូមអរគុណ។ ខ្ញុំសប្បាយចិត្តដែលបានជជែកនឹងលោក៕