កាលពីមួយឆ្នាំមុនក្នុងពេលបង្កើតក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) ស្ថាបនិករំពឹងថា នឹងពន្យល់ដល់សមាជិកសភាអាមេរិកាំងដទៃទៀតឱ្យយល់ដឹងនិងចាប់អារម្មណ៍ពីស្ថានភាពនយោបាយកម្ពុជា ហើយនឹងពង្រីកទំនាក់ទំនងកាន់តែទូលាយជាមួយនឹងប្រទេសដ៏ក្រីក្រមួយនេះ។
មួយឆ្នាំក្រោយមកនេះ ស្ថានភាពនយោបាយកម្ពុជាកាន់តែអាក្រក់ជាងមុនហើយទំនាក់ទំនងរវាងប្រទេសទាំងពីរក៏មិនបានប្រសើរឡើងដែរ ដោយសារនាយករដ្ឋមន្ត្រីកម្ពុជានៅតែប្រើវោហាសាស្រ្តវាយប្រហាររិះគន់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ប៉ុន្តែការយល់ដឹងក្នុងចំណោមសមាជិកសភាអាមេរិកាំងពីបញ្ហាប្រឈមដែលពលរដ្ឋកម្ពុជាជួបប្រទះ គឺកាន់តែច្រើនជាងមុន។
លោក អាឡាំង ឡូវឹនសល សហស្ថាបនិកនិងជាសមាជិកសភាមកពីរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ប្រាប់វីអូអេខេមរភាសាថា៖
«យើងសប្បាយរីករាយខ្លាំងណាស់ដែលក្នុងឆ្នាំកន្លងមកនេះចាប់តាំងពីការបង្កើតក្រុមកម្ពុជាមកឥឡូវនេះសមាជិកសភាគ្រប់គ្នានៅក្នុងរដ្ឋសភាជាតិយល់ដឹងថាមានស្ថានភាពនយោបាយធ្ងន់ធ្ងរកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាហើយសហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកែតម្រូវស្ថានការណ៍នោះដោយអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដូចការព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៣»។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជាត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ខែមីនា ឆ្នាំ២០១៦ ដោយមានលោក អាឡាំង ឡូវឹនសល សមាជិកសភាមកពីសង្កាត់ទី៤៧នៃរដ្ឋកាលីហ្វញ៉ា ជាទីដែលមានពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនរស់នៅជាសហប្រធានជាមួយនឹងលោក ស្ទីវ ឆាបុត អ្នកតំណាងរាស្រ្តសង្កាត់លេខ១នៃរដ្ឋអូហៃយូ។
ប្រទេសកម្ពុជាបានឆ្លងកាត់ការសាកល្បងកម្លាំងនយោបាយដ៏សំខាន់មួយដែលបង្ហាញពីទឹកចិត្តកាន់តែផុលផុសឡើងចង់ផ្លាស់ប្តូរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចេញអំណាចដែលលោកបានកាន់កាប់យ៉ាងណែនជាង៣០ឆ្នាំ។ គណបក្សកាន់អំណាចបានបាត់បង់អសនៈពី៩០មកនៅត្រឹម៦៨ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ហើយគណបក្សសង្គ្រោះជាតិបានកា្លយជាគណបក្សប្រឆាំងដ៏ធំដោយឈ្នះបានអសនៈចំនួន៥៥ក្នុងរដ្ឋសភាជាតិដែលមានអសនៈសរុបចំនួន១២៣។
ខុសពីការបោះឆ្នោតជាតិលើកមុនៗដែលគណបក្សដទៃចូលរួមប្រកួតគឺដើម្បីយកតំណែងទីពីរឬទីបីប៉ុណ្ណោះដោយទុកតំណែងទីមួយសម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ការបោះឆ្នោតនៅពេលខាងមុខនេះមានលក្ខណៈប្រកួតប្រជែងខុសពីសព្វដង។
ប៉ុន្តែមុនការបោះឆ្នោតឃុំ-សង្កាត់មកដល់នៅថ្ងៃទី៤ខែមិថុនានិងការបោះឆ្នោតជាតិដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំ២០១៨គឺ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលូកដៃចូលកកូរកកាយគណបក្សប្រឆាំងឱ្យចុះខ្សោយនិងខូចកេរ្តិ៍ឈ្មោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេសង្ស័យជាយូរហើយថាបានលូកដៃចូលកកូរកកាយក្នុងកិច្ចការរបស់គណបក្សដទៃតាមរយៈការអុចអាលឱ្យថ្នាក់ដឹកនាំគណបក្សឈ្លោះគ្នានិងជួយរៀបចំសេណារ៉ូយោដើម្បីទម្លាក់ថ្នាក់ដឹកនាំដែលជាគូប្រកួតប្រជែង។ ក្នុងនោះមានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច និងគណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺនសានជាដើម។ ប៉ុន្តែមិនមានភស្តុតាងអ្វីដោយប្រត្យក្សពីការលូកដៃនោះទេ។
ទើបតែនៅក្នុងការបែកធ្លាយចុងក្រោយដែលលោកហ៊ុនសែនខ្លួនឯងបានប្រកាសទទួលស្គាល់បានបង្ហាញថាលោកបានលូកដៃចូលកកូរកកាយក្នុងគណបក្សសង្គ្រោះជាតិឱ្យថ្នាក់ដឹកនាំឈ្លោះគ្នាដោយយករឿងក្តីក្តាំក្នុងតុលាការជាលេសគំរាមភាគីម្ខាងទៀតឱ្យធ្វើតាម។
លោកហ៊ុន សែនបានបញ្ជាក់ក្នុងសារបែកធ្លាយនោះដែលលោកអះអាងថាសន្ទនានឹងលោកកឹមសុខាដែលពេលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិថា៖
«ឥឡូវខាឯងហ៊ានដាក់អារង្ស៊ីមួយដៃឬអត់?...ធ្វើទៅហើយចាំខ្ញុំពិនិត្យមើលដាក់អាហ្នឹងដើម្បីនេះហ្មងហើយដាក់តាំងពីអាអ្នកនិយាយអេង ឆៃអ៊ាងនិយាយ។ មើលក្នុងអា Cambodia Daily កាលពីថ្ងៃសុក្រណ៎ា! មើលទៅ។ ប្រាប់ថាសម្តីហ្នុងមិនឆ្លុះបញ្ចាំងពីគោលជំហរបក្ស។ រួចហើយដាក់អារង្ស៊ីមួយកញ្ចប់មាត់ទៀតដាក់ថាទោះបីជារង្ស៊ីជាប្រធានបក្សក៏ប៉ុន្តែពេលនេះខ្ញុំជាប្រធានស្តីទី សម្តីរបស់រង្ស៊ី មិនអាចយកជាការបាន។ ឥឡូវហ៊ានដាក់សម្តីប៉ុណ្ណឹងអាណឹងខ្ញុំនឹងពិចារណាអាណោះភ្លាម»។
«អាណោះ» ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិយាយយោងដល់គឺសំណុំរឿងប្រឆាំងនឹងលោកកឹម សុខាពាក់ព័ន្ធនឹងការមិនព្រមសហការជាមួយនឹងតុលាការក្នុងសំណុំរឿងស្នេហាផ្លូវភេទលួចលាក់ដែលនារីកាត់សក់វ័យក្មេងម្នាក់បានចោទប្រកាន់រូបលោក។
ក្នុងសារបែកធ្លាយដោយចេតនានេះគឺបានបង្ហាញពីការដែលលោកហ៊ុន សែនប្រើប្រាស់អំណាចនីតិប្រតិបត្តិដើម្បីរារាំងមិនស្តាប់តាមបញ្ជាតុលាការផងដែរ។
លោក ហ៊ុន សែន បានបន្ថែមក្នុងការសន្ទនានោះថា៖
«ហើយជឿទៅ ជឿខ្ញុំ ខ្ញុំធានាបើសិនជាខ្ញុំមិនបញ្ជាឱ្យចាប់ទេនរណាហ៊ានចាប់ នរណាក្បាលប៉ានដែក? អ្នកណាហ៊ានរំលោភបញ្ជាររបស់ខ្ញុំ? ទោះបីតុលាការបញ្ជារយើងកុំអនុវត្តទៅអាហ្នឹងយើងផ្អាកការអនុវត្តសិនទៅ។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលហ្នុងទេខា ជឿខ្ញុំទៅប៉ុន្តែខ្ញុំសូមតែមួយទេ ខ្ញុំអត់លើកលែងបានជាមួយអារង្ស៊ី។ ខ្ញុំអត់លើកលែងបានដាច់ខាតហើយ»។
លោក សម រង្ស៊ី បានលាឈប់ពីប្រធានគណបក្សកាលពីខែកុម្ភៈដោយសារតែច្បាប់គណបក្សនយោបាយដែលលោកហ៊ុន សែនជំរុញឱ្យមានការកែប្រែកំណត់ថាមេដឹកនាំបក្សដែលកំពុងមានពិរុណ្ឌភាពមិនអាចដឹកនាំបក្សបានឡើយ។ ហើយនៅដើមខែមីនាគណបក្សសង្គ្រោះជាតិបានជ្រើសរើសលោកកឹមសុខាធ្វើជាប្រធានគណបក្សជំនួសវិញ។
នៅមុនពេលនោះ លោកហ៊ុន សែនបានរំអុកលោក កឹម សុខា ឱ្យធ្វើបក្សប្រហារ៖
«ខ្ញុំមិនចង់វាយម្តងមួយគូទេប៉ុន្តែបើសិនជាចាំបាច់កុំថាមួយគូ១០គូក៏ខ្ញុំវាយដែរ។ អីចឹងខ្ញុំនឹងពិនិត្យមើលព្រោះថាខ្ញុំមិនបំផ្លាញសង្គ្រោះជាតិចោលទេប៉ុន្តែខ្ញុំរកដៃគូនៅក្នុងសង្គ្រោះជាតិហើយខ្ញុំសំឡឹងឃើញថាខាឯងអាចធ្វើការជាមួយខ្ញុំបាន។ អីចឹងបញ្ហាហ្នឹងឥឡូវឱកាសមានហើយដែលខាឯងក្តាប់យកកម្លាំងនោះប៉ុន្តែឥឡូវខាឯងលេងមួយសិនទៅ រួចហើយចាំយើងជួបគ្នាក្រោយទៀត។ ខ្ញុំនឹងរង់ចាំមើលអាហ្នឹងណ៎ា!»
ការវិវត្តនយោបាយក្នុងរយៈពេលចុងក្រោយនេះមិនអាចឱ្យសមាជិកសភា លោក អាឡាំង ឡូវឹនសល ទទួលយកបានទេ៖
«ស្ថានភាពបានដើរមកដល់ចំណុចសំខាន់មួយហើយ។ បញ្ហានៅត្រង់ថាតើសហរដ្ឋអាមេរិកអាចនឹងធ្វើអ្វីបាន? យើងបានជម្រាបដល់រដ្ឋមន្ត្រីក្រសួងការបរទេសហើយ។ នៅសប្តាហ៍កន្លងមកនេះយើងបានឮការសន្ទនាជាមួយនឹងការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីរបស់រដ្ឋមន្ត្រីការបរទេសអំពីទំនាក់ទំនងកាន់តែអាក្រក់នេះ»។
លោក អាឡាំង ឡូវឹនសល បានបន្ថែមថាលោករួមជាមួយនឹងសហប្រធាន ស្ទីវ ឆាបុត នឹងកោះប្រជុំសមាជិកនៃក្រុមកម្ពុជានេះដើម្បីពិភាក្សាពីការងារដែលត្រូវធ្វើបន្ទាប់ទៀត។
«ស្ថានភាពអាក្រក់ខ្លាំងណាស់ ពិតជាមានការវាយប្រហារដោយចំហរពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកលើគណបក្សសង្គ្រោះជាតិដែលមិនអាចឱ្យពួកគេធ្វើជាគណបក្សប្រឆាំងដ៏ខ្លាំងបាន»។
អ្នកវិភាគនិងសកម្មជននានាមើលឃើញថាការបែកធ្លាយសារសន្ទនាដោយចេតនានេះគឺដើម្បីព្យាយាមបំបែកបំបាក់គូប្រជែងដោយមិនថ្លៃថ្នូរ។
អ្នកស្រី ណាវ៉ាន ចិត្រ អ្នករៀបចំសហគមន៍នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថា៖
«សូម្បីតែក្មេងអាយុ៣ឆ្នាំក៏យល់ថានេះគឺជាល្បែងដ៏ថោកទាបមួយហើយគឺជាការរៀបចំមួយដែលធ្វើឱ្យខ្មែរក្នុងស្រុកនិងក្រៅស្រុកមួយចំនួនធំមិនអាចទទួលយកបាន»។
កាលពីខែឧសភា ឆ្នាំ២០១៦ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជាក៏បានជំរុញឱ្យរដ្ឋសភាអនុម័តនូវសេចក្តីសម្រេចចិត្តមួយលេខ៧២៨ដែលជួយជំរុញដល់ការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រី ណាវ៉ាន ចិត្រ យល់ឃើញថាសេចក្តីសម្រេចចិត្តលេខ៧២៨នេះគឺជា«អាវុធដ៏ស្របច្បាប់មួយដែលសហរដ្ឋអាមេរិក»ជួយដល់ពលរដ្ឋកម្ពុជាព្រោះវាធានាឱ្យមានការរៀបចំការបោះឆ្នោតមួយដ៏ត្រឹមត្រូវនិងយុត្តិធម៌ដោយមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ។
អ្នកស្រីបានបន្ថែមទៀតថា៖
«ហើយបើសិនជាអ្នកណាឈ្នះអ្នកហ្នឹង គឺបានទទួលសិទ្ធិដោយសន្តិភាពដោយគ្មានការច្បាំងគ្នា។ ដូចយើងបានដឹងពីដើមមកហើយប្រទេសខ្មែរយើងមិនដែលមានការប្តូរអំណាចណាដោយអត់មានយកឈាមមកយកអំណាចទេ»។
លោក យ៉ង សាំងកុមារ ជាស្ថាបនិកនិងប្រធានខាងពង្រឹងសមត្ថភាពមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាគណបក្សថ្មីត្រូវចូលរួមប្រកួតការបោះឆ្នោតជាលើកទីមួយយល់ស្របពីតួនាទីរបស់សហរដ្ឋអាមេរិកដែលនៅតែមិនអាចខ្វះបានក្នុងការជួយជំរុញការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖
«ការចូលរួមរបស់សហរដ្ឋអាមេរិកគឺមានតួនាទីសំខាន់ពីព្រោះយើងដឹងគ្រប់គ្នាហើយថាសហរដ្ឋអាមេរិកគឺជាមហាអំណាចមួយដ៏សំខាន់ហើយសហរដ្ឋអាមេរិកក៏ជាភាគីមួយដ៏សំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អីចឹងសហរដ្ឋអាមេរិកមានតួនាទីនិងកាតព្វកិច្ចជួយធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាហ្នឹងអនុវត្តឱ្យបានល្អនូវគោលការណ៍សេរីពហុបក្សហើយនិយាយឱ្យចំមែនទែនទៅគឺទាក់ទងនឹងការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌»។
លោកយល់ថាក្នុងពេលបោះឆ្នោតថ្នាក់មូលដ្ឋាននិងជាតិខាងមុខនេះសហរដ្ឋអាមេរិកក៏ដូចជាសហគមន៍អន្តរជាតិគួរតែបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមសង្កេតមើលដំណើរការបោះឆ្នោតដោយរាប់តាំងពីដំណើរការឃោសនាបោះឆ្នោត ការរាប់សន្លឹកឆ្នោតនិងការបែងចែកអសនៈ។ ទន្ទឹមនឹងនោះក៏ត្រូវផ្តល់ការហ្វឹកហ្វឺននិងជំនួយថវិកាដល់អង្គការក្នុងស្រុកដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត។
សមាជិកព្រឹទ្ធសភានិងសមាជិកសភាជាតិសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់កាលពីឆ្នាំមុនសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោក យ៉ង សាំងកុមារ យល់ថាវាមានឥទ្ធិពលតិចតួចចំពោះរដ្ឋាភិបាលកម្ពុជាប៉ុន្តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាគឺមានឥទ្ធិពលខ្លាំង៖
«ទីមួយយើងសង្កេតឃើញថារដ្ឋាភិបាលហាក់ដូចជាឱ្យតម្លៃឬមិនសូវធ្វើការចាប់អារម្មណ៍អ្វីទៅលើសេចក្តីថ្លែងការណ៍នានារបស់អ្នកនយោបាយរបស់អ្នកតំណាងរាស្ត្រក៏ដូចជាសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក។ នេះជាការធម្មតា។ ក៏ប៉ុន្តែចង់ឬមិនចង់គឺវាមានឥទ្ធិពលខ្លះទៅលើដំណើរការនយោបាយទៅលើការសម្រេចចិត្តអ្វីផ្សេងរបស់រដ្ឋាភិបាលប៉ុន្តែអ្វីសំខាន់មួយទៀតក៏វាផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រជាពលរដ្ឋខ្មែរឱ្យមានអារម្មណ៍ថាសហគមន៍អន្តរជាតិគេអត់ទៅណាចោលកម្ពុជាទេគឺមានអ្នកនៅ ចូលរួមតាមដានខ្វល់ខ្វាយទៅលើការវិវត្តស្ថានភាពនយោបាយនៅស្រុកខ្មែរ»។
លោក David Josar អ្នកនាំពាក្យរងនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ថាសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខគឺសហរដ្ឋអាមេរិកនឹងបន្តតាមឃ្លាំមើលជានិច្ចដោយសារ «ការបោះឆ្នោតនេះសំខាន់ខ្លាំងណាស់»សម្រាប់ប្រទេសកម្ពុជា។
លោក David Josar បានបញ្ជាក់បន្ថែមតាមសារអេឡិកត្រូនិកថា៖
«យើងគាំទ្រដំណើរការនយោបាយដែលមានតម្លាភាពនិងបើកចំហរដែលតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋ។ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ស្ថានទូតបានគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការសង្គមស៊ីវិលខាងផ្នែករៀបចំការបោះឆ្នោតដោយមានកិច្ចសហការជាមួយនឹងដៃគូអន្តរជាតិ។ ដើម្បីឱ្យប្រទេសកម្ពុជាបង្ហាញដល់សហគមន៍អន្តរជាតិថាការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវតែទទួលការអនុញ្ញាតឱ្យធ្វើយុទ្ធនាការដោយសេរី»។
សភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់គណបក្សបក្សប្រឆាំងក្នុងការឃោសនាបោះឆ្នោតដោយគ្មានការភ័យខ្លាចនិងការរំខានដោយការចោទប្រកាន់ផ្លូវតុលាការ។
លោក អាឡាំង ឡូវឹនសល ក៏បានព្រមានថាបើសិនជាវិធានការត្រជាក់ដែលមានការចេញជាលិខិតសម្តែងការព្រួយបារម្ភមិនត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ទេគឺរដ្ឋសភាអាចនឹងពិចារណាវិធានការធ្ងន់ធ្ងរជាងនេះដែលឈានរហូតដល់ការដាក់ល័ក្ខខ័ណ្ឌជំនួយដល់ប្រទេសដ៏ក្រីក្រមួយនេះផងដែរ៕