ជំពូកមួយនៃរឿងអាស្រូវមិនចេះចប់នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នឹងត្រូវបញ្ចប់នៅថ្ងៃចន្ទនេះ ដោយគណៈកម្មាធិការសភាដែលបានស៊ើបអង្កេតកុបកម្មកាលពីថ្ងៃទី៦ ខែមករា ឆ្នាំមុននៅឯវិមានសភា សហរដ្ឋអាមេរិក នឹងផ្តល់ការវាយតម្លៃជាសាធារណៈចុងក្រោយរបស់ខ្លួនអំពីរបៀបដែលអតីតប្រធានាធិបតី លោក Donald Trump ព្យាយាមនៅកាន់តំណែង នៅសេតវិមានមួយអាណត្តិទៀត បើទោះបីជាចាញ់លោក Joe Biden ពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតក៏ដោយ។
គណៈកម្មាធិការពិសេសរបស់រដ្ឋសភា ទំនងជានឹងផ្តល់ការសន្និដ្ឋានថា លោកTrump និងសហការីជិតស្និទ្ធបានចូលរួមក្នុង «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» បន្ទាប់ពីការស៊ើបអង្កេតរយៈពេល១៦ ខែដែលរួមបញ្ចូលការសម្ភាសជាមួយសាក្សីជាង ១.០០០ នាក់ ការពិនិត្យឯកសាររាប់ពាន់ទំព័រដែលទាក់ទងនឹងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់តំណែងរបស់លោក Trump ជាប្រធានាធិបតីរយៈពេល ៤ឆ្នាំ និងសវនាការសាធារណៈចំនួន១០។
គណៈកម្មាធិការនេះមានសមាជិកគណបក្សប្រជាធិបតេយ្យប្រាំពីររូប និងពីររូបដែលប្រឆាំងនឹងលោក Trump មកពីគណបក្សសាធារណរដ្ឋ។ គណៈកម្មាធិការនេះត្រូវបានកំណត់ បោះឆ្នោតថាតើត្រូវបញ្ជូន ទៅក្រសួងយុត្តិធម៌ស៊ើបអង្កេតបន្តពីបទព្រហ្មទណ្ឌ ថាតើលោក Trump និងទីប្រឹក្សាសំខាន់ៗគួរតែត្រូវបានកាត់ទោសចំពោះសកម្មភាពរបស់ពួកគេក្នុងការព្យាយាមរារាំង លទ្ធផលបោះឆ្នោត និងរារាំងសភាពីការបញ្ជាក់ពីការរាប់សន្លឹកឆ្នោត តាមរដ្ឋនីមួយៗ ដែលបង្ហាញថាលោក Biden បានផ្តួលលោក។
គណៈកម្មាធិការនេះមិនទាន់បានបោះឆ្នោតជាសាធារណៈនៅឡើយទេលើការបញ្ជូនបន្តឲ្យស៊ើបអង្កេតព្រហ្មទណ្ឌ ហើយចំណាត់ការរបស់គណៈកម្មាធិការនេះនឹងមិនមានជំហរជាផ្លូវការទេ។
ប៉ុន្តែការវាយតម្លៃរបស់គណៈកម្មាធិការនេះអាចផ្តល់កម្លាំងរុញច្រានដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលកំពុងបន្តលើលោក Trump និងអ្នកផ្សេងទៀតដែលកំពុងត្រូវបានធ្វើឡើងដោយរដ្ឋអាជ្ញាពិសេស លោក Jack Smith ដែលស្ថិតនៅក្រោមការត្រួតពិនិត្យដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Merrick Garland និងរដ្ឋអាជ្ញានៅរដ្ឋ Georgia។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យលោក Trump បានមើលស្រាលលទ្ធភាពនៃការបញ្ជូនឲ្យស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនេះ។
អ្នកនាំពាក្យលោក Steven Cheung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណៈកម្មាធិការមិនពិសេសថ្ងៃទី៦ ខែមករា បើកសវនាការកាត់ក្តីឆាកល្ខោន ដោយបក្សពួកមិនគាំទ្រ លោក Trump ដែលជាស្នាមប្រឡាក់លើប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ តុលាការក្លែងក្លាយនេះ គ្មានអ្វីក្រៅពីគម្រោងផលិតភាពយន្តឯកសារឥតប្រយោជន៍តាមនាយកប្រតិបត្តិក្រុមហ៊ុនហូលីវូដ ដែលប្រមាថដល់បញ្ញាស្មារតីរបស់ជនជាតិអាមេរិក និងធ្វើឱ្យមានការចំអកដល់លទ្ធិប្រជាធិបតេយ្យរបស់យើង»៕