ប្រទេសចិនបានបញ្ជាឲ្យបិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុង Chengdu ក្នុងការសងសឹកចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកឲ្យបិទស្ថានកុងស៊ុលចិន នៅទីក្រុង Houston រដ្ឋ Texas មិនឲ្យហួសពីថ្ងៃសុក្រនេះ។
បណ្តាញផ្សាយព័ត៌មានចិន និង ការស្ទង់មតិ Twitter មួយថែមទាំងអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំង «ចាត់វិធានការថែមទៀត ដោយបិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងហុងកុង ស្របពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បង្ហើបថានឹងមានការបិទស្ថានកុងស៊ុនចិនក្នុងសហរដ្ឋអាមេរិកថែមទៀត។
អ្នកវិភាគ២នាក់ដែលបាននិយាយជាមួយវីអូអេ ថ្លែងថា បើសិនជាការបិទស្ថានកុងស៊ុនទៅវិញទៅមកនេះកើនឡើងជាបន្តនោះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ចិន នឹងសំយ៉ុងក្បាលចុះ មិនដឹងជាដល់កម្រិតណាទេ។
លោក David Stillwell ដែលជាអ្នកមើលការខុសត្រូវចំពោះគោលនយោបាយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្រសួងការបរទេស បានប្រាប់កាសែត New York Times កាលពីថ្ងៃពុធថា ស្ថានកុងស៊ុលចិននៅទីក្រុង Houston មានប្រវត្តិពាក់ព័ន្ធក្នុងសកម្មភាពវិទ្ធង្សនា ហើយជាចំណុចស្នូលនៃការលួចយកការស្រាវជ្រាវក្នុងសហរដ្ឋអាមេរិក។
លោកបានថ្លែងថា ប្រធានស្ថានកុងស៊ុលចិន និងមន្ត្រីការទូតចិន២នាក់ទៀត ត្រូវគេចាប់បានថាបានប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីជូនអ្នកដំណើរចិន២នាក់ កាលពីថ្ងៃទី៣១ ឧសភា ទៅកាន់ច្រកឡើងយន្តហោះមួយនៅអាកាសយានដ្ឋានក្រុង Houston ។
លោក បានបន្ថែមថា ការព្យាយាមរបស់ចិនដើម្បីលួចទិន្ន័យស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ស.រ.អា. បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេល៦ខែកន្លងទៅនេះ ហើយថាអាចពាក់ព័ន្ធជាមួយកិច្ចប្រឹងប្រែងដើម្បីបង្កើតថ្នាំវ៉ាក់សាំងការពារវីរ៉ុសកូរ៉ូណា នេះបើតាមកាសែត The New York Times។
ជាការឆ្លើយតប លោកប្រធានស្ថានកុងស៊ុលចិននៅក្រុង Houston បានច្រានចោលការចោទប្រកាន់នោះ ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ KTRK។ លោកសួរថា «ភស្តុតាងនៅឯណា?»៕