ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន ធ្វើឱ្យ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ភ្ញាក់ផ្អើល​ដោយ​ចេញ​សេចក្តី​ប្រកាស​រួម


លោក John Kerry បេសកជន​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ (COP26) នៅ​ទីក្រុង Glasgow កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក John Kerry បេសកជន​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ (COP26) នៅ​ទីក្រុង Glasgow កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

សហ​រដ្ឋ​អាមេរិក​ និង​ចិន​ បាន​ធ្វើឱ្យ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ (COP26)​ ភ្ញាក់ផ្អើល កាលពីថ្ងៃពុធ ដោយ​ចេញ​សេចក្តី​ប្រកាស​រួម​ដើម្បី​បង្កើត​យុទ្ធសាស្រ្ត​រយៈពេល​យូរ​ព្យាយាម​កំណត់​កំណើន​កំដៅផែន​ដី​ក្រោម ​២ អង្សារសេ​ក្នុង​ទសវត្សរ៍​ក្រោយ។​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​ចុងក្រោយ​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​បន្ថយ​កំណើន​កំដៅ​ផែនដី។

ប្រទេស​ចិន និង​សហ​រដ្ឋអាមេរិក​ ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បង្កើនកំដៅ​ផែន​ដី​ច្រើនបំផុតពីរ​ក្នុង​ពិភពលោក​ ហើយ​សកម្មភាព​នាពេល​អនាគត​របស់​ប្រទេស​ទាំង​ពីរ​ មាន​សារៈ​សំខាន់ក្នុងការ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ។​

ដូច្នេះ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ប្រទេស​ទាំង​ពីរ ​ត្រូវបាន​ស្វាគមន៍​នៅ​ឯកិច្ច​ប្រជុំ​កំពូល ​COP26​ កាលពី​ថ្ងៃពុធ។​

លោក​ John Kerry​ បេសកជន​អាកាសធាតុ​អាមេរិក​ថ្លែង​ថា​៖ «សហរដ្ឋ​អាមេរិក​ និង​ចិនមាន​ការ​ខ្វែងគំនិត​គ្នា​មិន​តិចទេ​ ​ប៉ុន្តែ​ទាក់ទង​នឹង​អាកាសធាតុ ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ដោះស្រាយ​បញ្ហានេះ»។

លោក​ Xie Zhenhua​ ប្រធាន​អ្នក​ចរចា​របស់​ចិន​និយាយថា៖ ​«អំពី​បញ្ហា​អាកាសធាតុ​ ចិន ​និង​សហ​រដ្ឋ​អាមេរិក​ មាន​ការ​ព្រមព្រៀង​ច្រើន​ជាង​ការ​ខ្វែងគំនិត។​ ​វាក្លាយ​ជា​វិស័យ​មានសក្តានុពល​ដ៏ធំ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​របស់​យើង»។​

ក្នុង​ចំណោម​ការ​សន្យា​ មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់គ្រង​ការ​បំភាយ​ឧស្ម័ន​មេតាន​ ​ការកាត់បន្ថយ​ការ​កាប់​បំផ្លាញព្រៃ​ឈើ​ខុសច្បាប់ ​ការ​បង្កើត​ថាមពល​ដែល​អាច​ផលិត​ឡើងវិញ​បាន និង​ការពន្លឿន​ការគាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​ប្រទេស​ក្រីក្រ។ ​ ប៉ុន្តែ​ការ​ប្រកាស​នោះ​ មិន​បាន​បញ្ចូល​កាលបរិច្ឆេទ ឬ​គោលដៅ​ជាក់លាក់​នោះ​ទេ។

បន្ទាប់ពី​សេចក្តី​ប្រកាស​នោះ​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​Antonio Guterres ​បាន​សរសេរ​តាម​Twitter​ ថា៖ «វិបត្តិ​អាកាសធាតុ​ទាមទារ​ឲ្យមាន​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​និង​សាមគ្គីភាព​ ហើយ​នេះ គឺ​ជា​ជំហាន​ដ៏សំខាន់​តាម​ទិសដៅ​ត្រឹមត្រូវ»៕

XS
SM
MD
LG