ស.រ.អា.និងចិនបានផ្តល់សច្ចានុម័តជាផ្លូវការដល់កិច្ចព្រមព្រៀងក្រុងប៉ារីស ដែលជាជំហានសំខាន់មួយដោយប្រទេសពីរដែលជាប្រទេសដែលធ្វើឱ្យអាកាសកខ្វក់ជាងគេក្នុងពិភពលោក។ កាលធ្វើសច្ចានុម័តនេះគឺក្នុងគោលដៅជួយពង្រឹងកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុឱ្យបានសម្រេចក្នុងឆ្នាំនេះ។
លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា និង លោកប្រធានាធិបតីចិន Xi Jinping បានប្រកាសអំពីកិច្ចព្រមព្រៀងនេះនៅក្នុងជំនួបមួយក្នុងក្រុង Hangzhou ដែលនៅទីនោះមានការប្រជុំសន្និសីទកំពូលក្រុមប្រទេស G20 នៅឆ្នាំនេះ។
លោក អូបាម៉ា បានមានប្រសាសន៍ថា៖ «នេះមិនមែនជាការប្រយុទ្ធមួយរបស់ប្រទេសមួយនោះទេ ទោះបីជាខ្លាំងបែបណាក៏ដោយក៏មិនអាចធ្វើម្នាក់ឯងកើតទេ។នៅថ្ងៃណាមួយយើងប្រហែលយល់ឃើញថា នេះពេលវេលាមួយដែលយើងសម្រេចចិត្តជួយសង្គ្រោះផែនដីយើង»។
លោក Xi បានមានប្រសាសន៍ថា លោកសង្ឃឹមថាសេចក្តីប្រកាសនេះនឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ លោកបាននិយាយថា៖ «ការឆ្លើយតបរបស់យើងអំពីការប្រែប្រួលអាកាសធាតុនឹងមានផលសម្រាប់អនាគតនៃប្រជារាស្ត្រយើងនិងដល់សុខុមាលភាពរបស់មនុស្សជាតិ»។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនបានប្រកាសកាលពីព្រឹកថ្ងៃសៅរ៍ថា សភាជាតិរបស់ប្រជារាស្ត្រចិនបានយល់ព្រមដល់សេចក្តីសម្រេចនេះនៅទីបញ្ចប់នៃការប្រជុំមួយមានរយៈពេលមួយសប្តាហ៍។ របាយការណ៍មួយដោយទី ភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋនៃប្រទេសចិនបានគូសបញ្ជាក់អំពីការប្តេជ្ញារបស់ចិនក្នុងការប្រឈមមុខនឹងធាតុអាកាសសាកលក្តៅជាងមុន និងបំពេញមុខនាទីធំជាងមុនក្នុងការគ្រប់គ្រងការប្រែប្រួលធាតុអាកាសសាកល៕