ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​ចាប់ផ្ដើម​យក​ពន្ធ​គយ​លើ​ទំនិញ​ទៅ​វិញ​ទៅ​មក​ជុំ​ថ្មី​មួយ​ទៀត


អ្នក​លក់​ម្នាក់​បង្ហាញ​សណ្តែក​សៀង​ដាំ​ក្នុង​ស្រុក​មួយ​ នៅ​ក្នុង​រដ្ឋ Ohio កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។
អ្នក​លក់​ម្នាក់​បង្ហាញ​សណ្តែក​សៀង​ដាំ​ក្នុង​ស្រុក​មួយ​ នៅ​ក្នុង​រដ្ឋ Ohio កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។

ការ​យក​ពន្ធ​គយ​លើ​ទំនិញ​ទៅ​វិញ​ទៅ​មក​ជុំ​ថ្មី​មួយ​ទៀត​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​យក​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់ ២ រយ​ពាន់​លាន​ដុល្លារ ចំណែក​ឯ​ចិន​វិញ បាន​សងសឹក​ដោយ​យក​ពន្ធ​គយ​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​ដែល​មាន​ទឹក​ប្រាក់ ៦០ ពាន់​លាន​ដុល្លារ។

ការ​យក​ពន្ធ​គយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នេះ​ផ្ដោត​លើ​ផលិតផល​រាប់​ពាន់​ប្រភេទ​ដែល​ផលិត​នៅ​ប្រទេស​ចិន ដែល​ក្នុង​នោះ​មាន​ដូចជា​គ្រឿង​អេឡិចត្រូនិក ម្ហូប​អាហារ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជា​ដើម។

ពន្ធ​គយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នេះ​ចាប់ផ្ដើម​ដំបូង​ក្នុង​ចំនួន ១០ ភាគរយ បន្ទាប់​មក​នឹង​កើន​រហូត​ដល់ ២៥ ភាគរយ នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​លើកលែង​មុខ​ទំនិញ​ផ្សេង​ទៀត​ជា​ច្រើន​ពី​ការ​យក​ពន្ធ​គយ​ថ្មី​នេះ ដែល​ក្នុង​នោះ​មាន​ដូចជា នាឡិកាដៃ smart watches ឧបករណ៍ Bluetooth និង​កៅអី​អង្គុយ​សម្រាប់​ទារក​ក្នុង​រថយន្ត​ជា​ដើម។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​សន្យា​ថា សហរដ្ឋ​អាមេរិក​នឹង​ឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ណា​មួយ​ជាមួយ​នឹង​ប្រទេស​ចិន។

ប៉ុន្តែ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ចាប់ផ្ដើម​យក​ពន្ធ​គយ​ថ្មី​ទៅ​វិញ​ទៅ​មក​នេះ រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អាមេរិក​ថា​បាន​ប្រើប្រាស់​ការ​យក​ពន្ធ​គយ​នេះ​ជា​មធ្យោបាយ​ដើម្បី​គំរាម​បណ្ដា​ប្រទេស​ផ្សេងៗ​ឲ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទាក់ទិន​នឹង​បញ្ហា​សេដ្ឋកិច្ច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG