ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រាប់​សហរដ្ឋ​អាមេរិក​ឲ្យ​បញ្ឈប់​ទង្វើ​គ្មាន​ការ​ពិចារណា


លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi (រូប​ស្តាំ)​ និយាយ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo មុន​កិច្ចប្រជុំ​មួយ​នៅ​វិមាន Diaoyutai State Guesthouse ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi (រូប​ស្តាំ)​ និយាយ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo មុន​កិច្ចប្រជុំ​មួយ​នៅ​វិមាន Diaoyutai State Guesthouse ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​លោក Pompeo បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​ជា​ប្រទេស​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​បូព៌ា។

លោក​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅ​វិមាន​សំណាក់​រដ្ឋ Diaoyutai។ នៅ​ក្នុង​ការ​ប្រជុំ​នេះ លោក Wang Yi បាន​ប្រាប់​លោក Pompeo ថា សហរដ្ឋ​អាមេរិក​បាន «បង្កើន​វោហារសាស្ត្រ​លើ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម‍» បន្ទាប់ពី​មាន​ការ​យក​ពន្ធ​គយ​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​មក។

លោក Wang Yi ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​លើ​សហរដ្ឋ​អាមេរិក​ថា​មាន «វិធានការ​ជា​បន្តបន្ទាប់» លើ​កោះ​តៃវ៉ាន់ ក៏​ដូចជា​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ចិន។

លោក Wang Yi និយាយ​ដូច្នេះ​ថា៖ «ទង្វើ​ទាំង​នេះ​បាន​ប៉ះពាល់​ដល់​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ភាគី​ទាំង​ពីរ និង​បាន​បង្អាក់​ដល់​ក្ដី​រំពឹង​ទុក​នៃ​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ‍»។

លោក Wang Yi បាន​បន្ត​ថា៖ «រដ្ឋាភិបាល​ចិន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​សកម្មភាព​ដែល​គ្មាន​ការ​ពិចារណា​ច្បាស់លាស់​នេះ‍»។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​គួរតែ​បន្ត​កិច្ច​សហប្រតិបត្តិការ «ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា‍»។

លោក Pompeo បាន​តប​ទៅ​លោក Wang Yi វិញ​ថា៖ «បញ្ហា​ដែល​លោក​បាន​លើក​ឡើង គឺ​ថា​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​មូលដ្ឋាន‍»។

លោក Pompeo បាន​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទាក់ទិន​នឹង​ទង្វើ​របស់​ចិន ដែល​បាន​ធ្វើ​កន្លង​មក ហើយ​ខ្ញុំ​រង់ចាំ​ឱកាស​ដើម្បី​ពិភាក្សា​អំពី​ទង្វើ​ទាំង​នេះ​នីមួយៗ​នៅ​ថ្ងៃ​នេះ ដោយសារតែ​នេះ​គឺ​ជា​ទំនាក់ទំនង​ដ៏​មាន​សារៈសំខាន់​បំផុត‍»។

លោក Pompeo បាន​បន្ថែម​ថា វា​ពិតជា «សំខាន់​ដែល​ប្រទេស​ទាំង​ពីរ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្វែង​រក​ដំណោះស្រាយ​ដែល​មាន​ប្រយោជន៍ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ‍»៕

XS
SM
MD
LG