លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសអាមេរិកកំពុងតែត្រូវបានគេដាក់សំពាធ ដើម្បីធ្វើឲ្យប្រាកដថា កំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សគឺជារបៀបវារៈកំពូល នៅពេលដែលលោកជួបជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកាន់អំណាចនៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ។
ដោយសារតែលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបាននិរទេសខ្លួនឯង ដើម្បីចៀសវាងនូវអ្វីដែលគេហៅថាជាការចោទប្រកាន់បែបនយោបាយ ហើយមានសមាជិកគណបក្សរបស់ខ្លួន និងសកម្មជនចំនួន១៧នាក់ ត្រូវជាប់ពន្ធនាគារនោះ អង្គការសិទ្ធិមនុស្សបានថ្លែងថា ការរឹតចំណងការទូតត្រូវតែធ្វើឡើងជាមួយនឹងការធានារបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការបដិសេធក្នុងការនិយាយជំទាស់ដូចប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា ASEAN មួយចំនួន ជុំវិញការទាមទារដែនដីនៅសមុទ្រចិនខាងត្បូងនោះ ប្រទេសកម្ពុជាយល់ថា ខ្លួនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែលមានអានុភាពនយោបាយកាន់តែខ្លាំងចំពោះការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ដើម្បីទទួលបានឥទ្ធិពលនៅក្នុងតំបន់។
លោក អ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយ និងស្ថាបនិកនៃវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយបានមានប្រសាសន៍ថា«ប្រទេសកម្ពុជាគឺជាប្រទេសដ៏តូចមួយ ដែលមិនគួរមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឆាកនយោបាយមហាអំណាចនេះទេ ប៉ុន្តែដោយសារប្រទេសកម្ពុជាគឺសមាជិករបស់ ASEAN។ ហេតុដូច្នេះហើយទើបកម្ពុជាក្លាយជាប្រទេសសំខាន់មួយ។ ប៉ុន្តែក៏ដោយសារប្រទេសកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសចិន និងក៏ជាកូនអុករបស់ចិននៅក្នុងស្មារតីឯកភាព ASEAN។ ឥឡូវនេះប្រទេសកម្ពុជាបានក្លាយជាប្រទេសតូចមួយដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការងាកមកកាន់តំបន់អាស៊ី»។
លោក ឃែរី បានធ្វើដំណើរមកដល់រាជធានីភ្នំពេញដើម្បីពិភាក្សាពីពាណិជ្ជកម្មទ្វេភាគីនិងការពង្រឹងចំណងទាក់ទងជាមួយនឹងរដ្ឋាភិបាលកម្ពុជា មុននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយនឹងបណ្តាមេដឹកនាំ ASEAN និងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅរដ្ឋ California នៅខែក្រោយនេះ។
ចាប់តាំងពីដើមទសវត្សរ៍១៩៩០មក ជំនួយតាមរយៈការអនុគ្រោះពន្ធលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឧស្សាហកម្មកាត់ដេររបស់កម្ពុជាបានរីកចម្រើនពីជិត១ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) ទៅជិត១០ភាគរយនៃ GDP នាពេលបច្ចុប្បន្ននេះ។ នៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៥ ការនាំចេញនៅក្នុងវិស័យកាត់ដេរមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ និងបានផ្តល់ការងារដល់កម្មករជាង៦សែននាក់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកដ៏ខ្លាំងក្លាបំផុតពីរដ្ឋាភិបាលអាមេរិកដល់ប្រទេសកម្ពុជា។
ប៉ុន្តែលោក ស៊ីផាន បានបន្ថែមថា ជំនួយនោះគឺមានលក្ខខណ្ឌ ដោយរួមមានទាំងការលើកកម្ពស់សិទ្ធិមនុស្ស និងកែទម្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសផងដែរ។
លោក ស៊ីផាន បានបន្តថា ផ្ទុយទៅវិញ ប្រទេសចិនមិនបានដាក់លក្ខខណ្ឌដូចគ្នានេះទៅលើប្រាក់កម្ចីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់ និងទំនប់ទឹកដើម្បីជួយសម្រួលដល់ប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីនេះទេ៖
«យើងយល់ពីប្រទេសលោកខាងលិច ថាវាជានិរន្តរភាពដែលយើងចង់បាន ហើយយើងក៏គោរពទៅតាមនោះដែរ។ ហើយចំពោះប្រទេសចិន យើងមិនប្រកាន់ទេពីវិធីដែលគេគ្រប់គ្រងប្រទេសរបស់គេ។ ប៉ុន្តែយើងចង់ឲ្យមានដៃគូល្អមួយដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងដើរទៅមុខបន្តទៀត»។
លោក ស៊ីផាន បានការពាររដ្ឋាភិបាលទាក់ទិនទៅនឹងការចោទប្រកាន់នានាទៅលើការរំលោភសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែកែប្រែ«គោលនយោបាយមួយសម្រាប់ទាំងអស់គ្នា» របស់ខ្លួន និងគួរតែមានការយល់ដឹងស៊ីជម្រៅជាងមុនទៅលើភាពចម្រុះគ្នារបស់ ASEAN។
លោក ស៊ីផាន បានថ្លែងថា៖«យើងទទួលបានការអប់រំមកពីសហរដ្ឋអាមេរិក។ ហើយយើងក៏យល់អំពីបញ្ហានេះដែរ។ ប៉ុន្តែអាមេរិកមិនអាចបង្ខំឲ្យមនុស្សគ្រប់គ្នាបរិភោគ hamburgers បាននោះទេ»។ ហើយលោកបានបន្ថែមថា កម្ពុជានៅតែមានអព្យាក្រឹត្យភាពតាមរដ្ឋធម្មនុញ្ញនៅក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
វាមិនភ្ញាក់ផ្អើលនោះទេ ដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងយល់ឃើញខុសពីនេះ។
យោងតាម លោក សុន ឆ័យ អ្នកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន យល់ឃើញថា គោលនយោបាយការបរទេសរបស់អាមេរិកគឺរំលោភទៅលើអធិបតេយ្យភាពរបស់ខ្លួន ដែលជាហេតុធ្វើឲ្យគណបក្សកាន់អំណាចទោរទន់ទៅរកប្រទេសចិន ហើយគោលនយោបាយនេះគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាបានតិចតួចប៉ុណ្ណោះ។
លោក សុន ឆ័យ មានប្រសាសន៍ថា៖«គោលបំណងរបស់ចិនគឺកេងប្រវ័ញ្ចធនធានរបស់កម្ពុជា។ ពួកគេមិនចាប់អារម្មណ៍លើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬពាណិជ្ជកម្មស្មើភាពនោះទេ។ ពួកគេមើលមកកម្ពុជាជាប្រទេសមួយដែលពួកគេអាចកេងប្រវ័ញ្ចបាន ដើម្បីទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បានដើម្បីសេដ្ឋកិច្ចរបស់គេ»។
លោក ឆ័យ ឯកភាពថា ប្រទេសកម្ពុជាត្រូវតែអព្យាក្រឹត្យ ប៉ុន្តែលោកបានថ្លែងថា គុណតម្លៃនៃគណបក្សរបស់លោកគឺស្របទៅនឹងគុណតម្លៃរបស់សហរដ្ឋអាមេរិក ដែលលោកយល់ថា គួរតែមានកាតព្វកិច្ចគាំទ្រនៅក្នុងប្រទេសកម្ពុជា។
លោក ឆ័យ បានបន្ថែមថា៖ «អ្នកមិនអាចប្រើប្រាស់កម្ពុជា និងព្យាយាមធ្វើល្អ ហើយធ្វើមិនដឹងអ្វី នៅពេលដែលនិយាយដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាចិននោះទេ»។
ខណៈពេលជាមួយគ្នានោះដែរ បន្ទាប់ពីជ័យជម្នះដ៏ប្រកៀកប្រកិតរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ក្រុមអ្នកវិភាគបាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងស្វែងរកទំនាក់ទំនងសាធារណៈក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋ Californiaនៅខែក្រោយនេះ។
លោក Sebastian Strangio អ្នកសារព័ត៌មានប្រចាំនៅភ្នំពេញ និងជាអ្នកនិពន្ធសៀវភៅ«កម្ពុជារបស់លោកហ៊ុន សែន» បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់ដល់លោកនូវកិត្យានុភាព និងភាពស្របច្បាប់ ហើយដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋ California នៅខែក្រោយនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិកនិង ASEAN សម្រាប់រដ្ឋាភិបាលកម្ពុជាគឺជាជ័យជម្នះមួយ»។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ បាននិយាយថា សហរដ្ឋអាមេរិកនឹងរំពឹងនូវការផ្តល់មកវិញមួយចំនួនពីលោក ហ៊ុន សែន ចំពោះភាពស្របច្បាប់ ដែលលោកនាយករដ្ឋមន្រ្តីបានគ្រោងទុកជាមុនចំពោះការចោទប្រកាន់ទៅលើគណបក្សប្រឆាំងនោះ។
លោក វីរៈ បានថ្លែងថា៖«សំណួរគឺនៅត្រង់ថា តើលោក ឃែរី អាចទទួលបាននូវការប្តេជ្ញារបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយមួយដែលគ្រប់គ្រាន់ តាមមធ្យោបាយមួយដែលនឹងនៅបានយូរអង្វែងគ្រប់គ្រាន់ និងសំខាន់គ្រប់គ្រាន់ក្នុងការកំណត់អនាគតនៃសន្តិសុខក្នុងតំបន់ឬទេ?» ៕
ប្រែសម្រួលដោយនាង ហុង ចិន្តា