ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ចន ឃែរី​ បាន​មក​ដល់​កម្ពុជា​ដើម្បី​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ

US Secretary of State Visits Amid Ongoing Political Tension, Rights Concerns
សូម​រង់ចាំ

No media source currently available

0:00 0:01:05 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បក់​ដៃ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​​ខណៈ​ដែល​លោក​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥​ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ។ (នៅ វណ្ណារិន រាយការណ៍​ជា​វីដេអូ)

លោក​ John Kerry នឹង​មាន​គម្រោង​ចូល​ជួប​ចរចា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​លោក ​ហោ ណាំហុង​ នា​ព្រឹក​ថ្ងៃ​អង្គារ​ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការទូត​ដ៏​សំខាន់​ក្នុង​ប្រទេស​កម្ពុជា។

យន្តហោះ​ American Air Force 2​ ដែល​ដឹក​ប្រមុខ​ការទូត​នៃ​ប្រទេស​មហា​អំណាច​សហរដ្ឋ​អាមេរិក​ គឺ​លោក ចន ឃែរី​ (John Kerry) ​បាន​ចុះ​ចត​នា​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ មុន​ម៉ោង​៧ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ ក្រោយ​ពេល​ដែល​លោក​សំចត​រយៈពេល​ពីរថ្ងៃ​ក្នុង​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ។​

គេ​ឃើញ​មាន​ការ​រឹត​បណ្តឹង​សន្តិ​សុខ​ ​និង​ដាក់​ពង្រាយ​កង​កម្លាំង​ការពារ​សុវត្ថិភាព​ដល់​លោក​ Kerry យ៉ាង​រឹង​មាំ​ផង​ដែរ​ មុន​ពេល​ដែល​លោក​មក​ដល់​នោះ។ លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​មន្ត្រី​កម្ពុជា​ និង​អាមេរិក​សំខាន់ៗ​មួយ​ចំនួន​ រួម​ទាំង​លោក​ អ៊ុច បូរិទ្ធ​ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​គឺ​លោក​ William Heidt​ ផង​ដែរ។

លោក William Heidt ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (ឆ្វេង) ចាប់​ដៃ​ស្វាគមន៍លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ខណៈ​ដែល​លោក​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា​។ (នូវ ពៅលក្ខិណា/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (ឆ្វេង) ចាប់​ដៃ​ស្វាគមន៍លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ខណៈ​ដែល​លោក​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា​។ (នូវ ពៅលក្ខិណា/VOA)

លោក​ John Kerry នឹង​មាន​គម្រោង​ចូល​ជួប​ចរចា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​លោក ​ហោ ណាំហុង​ នា​ព្រឹក​ថ្ងៃ​អង្គារ​ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការទូត​ដ៏​សំខាន់​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​និស្សិត​បញ្ញវន្ត​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Kerry​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួក​គេ​បាន​ប្រាប់​ VOA Khmer​ ​មុន​ដំណើរ​មក​ដល់​របស់​លោក​ John Kerry​យ៉ាង​ដូច្នេះ៖

«ការ​មក​ដល់​របស់​គាត់​គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាងមុន​ ឱ្យ​កាន់​តែស្អិត​រមួត ​និង​មាន​ភាព​ស្និទ្ធស្នាល​ជាងមុន។ ដូចនេះ​យើង​អាច​មើល​ឃើញ​ការសហការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ផ្សេងៗ ​វិស័យ​ទៅលើ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ វិស័យ​សេដ្ឋកិច្ច​ និង​វិស័យ​ជាច្រើន​ទៀត​ ដែល​មាន​សារៈសំខាន់​ចំពោះ​ប្រទេស​ទាំង​ពីរ»។ នេះ​បើ​តាម​សម្តី​របស់​កញ្ញា​ ​អ៊ាន​ សុខសេរី។

ចំណែក​និស្សិត តុម ចាន់នា​ បាន​បន្ថែម៖​«ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក ​ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​។ ហើយ​ខ្ញុំ​គិត​ថា​ សហរដ្ឋ​អាមេរិក​ក៏​គាត់​ចង់​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ដែរ។ ហើយ​មួយ​ទៀត​ ខ្ញុំ​គិត​ថា​ ប្រទេស​កម្ពុជា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​អាស៊ាន​ ហើយ​ខ្ញុំគិត​ថា​ នៅ​ក្នុង​ថ្ងៃ​ខាងមុខ​ហ្នឹង​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន ​និង​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា»។​

លោក William Heidt ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (ឆ្វេង) ដើរ​អម​លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ខណៈ​ដែល​លោក​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា​។ (នូវ ពៅលក្ខិណា/VOA)

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ ​ដែល​បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌​មាន​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា លោក​ ចន ឃែរី ​ក៏​នឹង​គ្រោង​ជួប​«ជាមួយ​តំណាង​សង្គម​ស៊ីវិល​ និង​មន្ត្រី​បក្ស​ប្រឆាំង ​ដើម្បី​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​សិទ្ធិមនុស្ស ​សិទ្ធិ​ស៊ីវិល​ និង​លំហ​នយោបាយ»​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោកស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) បាន​ប្រាប់​ VOA​ មាន​ប៉ុន្មាន​ម៉ោង​មុន​នៃ​ការ​មក​ដល់​របស់​លោក​ John Kerry ​ថា៖​«ក្នុង​នាម​មជ្ឈមណ្ឌល​កម្ពុជា​យើង​ក៏​នឹង​អាច​មាន​ឱកាស​ជួប​គាត់​ផ្ទាល់​ ហើយ​យើង​នឹង​អាច​លើក​យក​បញ្ហា​ដែល​យើង​បានជួប​ប្រទះ​ហើយ​ដែល​យើង​បាន​ធ្វើ​ការ​តស៊ូ​មតិ។ យើង​សង្ឃឹម​ថា​ ជំនួប​នេះ​មិន​ត្រឹម​តែ​ពង្រឹង​ខាង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ទេ​ ប៉ុន្តែ​គួរ​តែ​ធ្វើការ​ជជែក​ និង​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើការ​គោរព​ដល់​គោលការណ៍​សិទ្ធិ​មនុស្ស​ផង​ដែរ»។

លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បក់​ដៃ​ទៅ​កាន់​ក្រុម​អ្នក​កាសែតខណៈ​ដែល​លោក​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥​ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ។ (នូវ ពៅលក្ខិណា/VOA)

អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​រូប​នេះ​ក៏​សង្ឃឹម​ថា​ សហរដ្ឋ​អាមេរិក​ ដែល​ជា​បីតា​ប្រជា​ធិបតេយ្យ​ក៏​នឹង​ជួយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​ប្រកប​ដោយ​សេរី​ យុត្តិធម៌​ និង​គ្មាន​ហិង្សា​ផង​ដែរ។​

ដំណើរ​មក​ដល់​ក្នុង​ទីក្រុង​ភ្នំពេញ​របស់​លោក​ ចន ឃែរី​ គឺ​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​ការទូត​មួយ​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ី ដើម្បី​ពិភាក្សា​ពី​ការ​រៀបចំ​ជា​មុន​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក ​នៅ​កន្លែង​លំហែ​កាយ​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា​ ដែល​នៅ​ទីនោះ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ ​អូបាម៉ា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស៕

XS
SM
MD
LG