ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិកនិង​ចិនប្រជែង​ដណ្តើម​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា


រូបភាព​ឯកសារ៖ កម្មករ​រោង​ចក្រនៅ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ សី​ហា​ ឆ្នាំ២០០៧
រូបភាព​ឯកសារ៖ កម្មករ​រោង​ចក្រនៅ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ សី​ហា​ ឆ្នាំ២០០៧

​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry)កំពុង​ត្រូវ​បាន​ជំរុញ​ឲ្យ​ធានា​ថា កំណែ​ទម្រង់​តាមប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ត្រូវ​ស្ថិត​នៅក្នុង​របៀបវារៈកំពូល​របស់​លោក នៅ​ពេល​ដែល​លោកជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មេដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ ក្នុង​ទីក្រុង​ភ្នំពេញនៅ​ថ្ងៃ​អង្គារ។

ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី​ កំពុងនិរទេស​ខ្លួន​ឯងនៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ពី​អ្វី​ដែល​គេ​ចាត់ទុក​ជាទូទៅ​ថា​ជា​ការ​ចោទ​ប្រកាន់​ ដែល​មាន​លក្ខណៈ​នយោបាយ ហើយ​សមាជិក​និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​១៧នាក់​កំពុង​ជាប់​ពន្ធ​នាគារ​នោះ​ក្រុម​សិទ្ធិមនុស្ស​និយាយ​ថាការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ការទូត​ត្រូវ​តែ​ភ្ជាប់​ជាមួយ​នឹង​ការ​ធានា​ពី​ភាគី​កម្ពុជា​ឲ្យ​មាន​កំណែទម្រង់។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ដោយសារ​តែ​កម្ពុជា ប្រកែក​មិនព្រម​និយាយ ​ជាមួយ​សមាជិក​ជាច្រើន​ក្នុង​សមាគម​អាស៊ាន អំពី​ការ​ទាមទារ​ដែន​សមុទ្រ​ចិន​ខាងត្បូង​នោះ ប្រទេស​កម្ពុជា ស្ថិត​នៅក្នុង​ទីតាំង​មួយដែល​ជួយ​បង្កើន​អានុភាព​នយោបាយ​នៅក្នុង​ការ​ប្រជែង​គ្នា​រវាង​ចិននិង​ស.រ.អា. ដើម្បី​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ និង​ជា​ស្ថាបនិក​ ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ឈ្មោះ វេទិការ​អនាគត​នោះ មាន​ប្រសាសន៍​ថា «តាម​ពិត​ទៅ​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តូចៗ ដែល​មិន​គួរ​មាន​ឥទ្ធិពល​ច្រើន​ដល់​ម្លឹង​នៅក្នុង​ឆាក​ល្ខោន​នយោបាយ​របស់ប្រទេស​មហា​អំណាច ប៉ុន្តែ​ដោយ​សារ​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​របស់​អាស៊ាន ដូច្នេះ​ហើយ​ទើប​កម្ពុ​ជា​កំពុង​ក្លាយ​ជា​ប្រទេស​ដ៏​សំខាន់​មួយ»។

លោក​ថ្លែ​ង​បន្ថែម​ថា «ប៉ុន្តែ ក៏​ដោយ​សារ​កម្ពុជាមាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន ហើយ​គឺជា​កូនអុកមួយ​របស់​ចិននៅ​ពេល​ដែលអាស៊ាន​រួបរួម​គ្នា​នោះ កម្ពុជា​ឥលូវ​ក៏​ក្លាយ​ទៅ​ជា​ប្រទេស​តូច​ដ៏​សំខាន់​មួយ សម្រាប់​ការ​ងាក​របស់ស.រ.អា. មក​រកតំបន់​អាស៊ី​វិញ​នេះ»។

លោក ឃែរី ​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញដើម្បី​ពិភាក្សាបញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​រឹត​ចំណង​ទំនាក់​ទំនងជាមួយ​រដ្ឋាភិបាល​កម្ពុជានៅ​មុន​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ ក្នុង​រដ្ឋ​កាលី​ហ្វ័រញ៉ា​នៅ​ខែ​ក្រោយ។

ចាប់តាំង​ពី​ដើម​ទសវត្ស​១៩៩០​មក​ ដោយ​មាន​ការ​សម្រួល​ពន្ធ​នាំ​ចេញ​ទៅកាន់​ស.រ.អា. និង​សហភាព​អ៊ឺរ៉ុប ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​របស់​កម្ពុជា​បាន​កើនឡើង​ពី​ជិត​១ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុបទៅដល់​ជិត​១០​ភាគរយនៃផលិតផល​ក្នុង​ស្រុកសរុប​សព្វថ្ងៃ​នេះ។

ក្នុងរយៈពេល​៦ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ វិស័យ​នាំ​ចេញ​របស់​កម្ពុជា គិត​ជា​ទឹក​ប្រាក់​ មាន​តម្លៃ​ជាង​៣ពាន់​លាន​ដុល្លារ ហើយ​ជួល​កម្លាំង​កម្មករ​ជាង​៦០ម៉ឺន​នាក់។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថានេះ​គឺ​ជា​ការ​រួមចំណែក​ខាង​សេដ្ឋកិច្ចដ៏ធំ​ពីស.រ.អា.​ចំពោះ​កម្ពុជា។

ប៉ុន្តែលោក​ ផៃ ស៊ីផាន បន្ថែម​ថា​ការ​រួម​ចំណែក​នេះ ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​ជាច្រើន ដែល​រួម​បញ្ចូល​ទាំង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​និង​ការ​កែទម្រង់​តាមបែប​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ផងដែរ។

ផ្ទុយ​ទៅវិញលោក​ ផៃ ស៊ីផាន ថ្លែង​ថា​ប្រទេស​ចិន​មិន​បាន​ភ្ជាប់លក្ខខណ្ឌ​ដូច​នេះនឹង​កម្ចី​ឥណទាន​របស់​ខ្លួន​ដែល​កម្ពុជា​ត្រូវ​ការ​យ៉ាងខ្លាំងសម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ​ថ្នល់ និង​ទំនប់​វារីអគ្គីសនី​ ដើម្បីដើរ​ឲ្យ​ទាន់​ការ​រីកចម្រើន​យ៉ាងឆាប់​រហ័ស​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាង​គេ​មួយ ក្នុង​តំបន់​អាស៊ី​នេះ៕

XS
SM
MD
LG