ក្រសួងការបរទេសចិនបានប្រាប់ឲ្យដឹងថា ខ្លួនមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីកំណត់សេចក្តីរាយការណ៍ថា តើកូរ៉េខាងជើងបានប្រើប្រាស់ការិយាល័យរបស់ចិន ដើម្បីរៀបចំការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតទៅលើក្រុមហ៊ុន Sony Pictures ជាការពិតឬទេ។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃច័ន្ទនេះថា «ចិនជំទាស់ប្រឆាំងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតគ្រប់ទម្រង់ទាំងអស់» ហើយនឹងមិនធ្វើការសន្និដ្ឋានណាមួយដោយគ្មាន «ភស្តុតាងគ្រប់គ្រាន់» នោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Hua បាននិយាយថា ចិនជំទាស់ប្រឆាំងការវាយប្រហារទៅលើភាគីទី៣ តាមរយៈការប្រើប្រាស់ «ការិយាល័យរបស់ប្រទេសមួយទៀត» ហើយបានប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីឲ្យមាន «ការសន្ទនាជាមួយប្រទេសផ្សេងៗទៀត»។
សហរដ្ឋអាមេរិកកំពុងចរចាជាមួយចិនដើម្បីជួយរារាំងការវាយប្រហារតាមប្រព័ន្ធ អ៊ិនធឺណិតមកពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
សំណើនេះអាចជាបញ្ហាមួយពីព្រោះតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយជាយូរមកហើយថា ការលួចតាមប្រព័ន្ធអ៊ិនធឺណិតរបស់ចិនបានគំរាមកំហែងការសម្ងាត់ខាងវិស័យការពារប្រទេសរបស់សហរដ្ឋអាមេរិក ធ្វើឲ្យប៉ះពាល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនអាមេរិក និងតម្លៃការងាររបស់កម្មករអាមេរិក៕