ក្រសួងប៉ូលិសវិមានសភាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនកំពុងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះដំណឹងស៊ើបការណ៍សម្ងាត់អំពីលទ្ធភាពនៃផែនការរបស់កងជីវពលមួយក្រុម ដើម្បីវាយប្រហារវិមានសភានៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងប៉ូលិសនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានធ្វើឲ្យសន្តិសុខមានភាពប្រសើរឡើងរួចហើយ ដោយរួមបញ្ចូលទាំងការបង្កើតរចនាសម្ព័ន្ធនិងបង្កើនកម្លាំងមនុស្សដើម្បីធានាដល់ការការពារសភា សាធារណជន និងមន្ត្រីប៉ូលិសរបស់យើង»។
អគារដែលជាកន្លែងសភាជួបប្រជុំបានត្រូវជួយការពារដោយឆ្មាំការពារជាតិ ហើយនឹងហ៊ុមព័ទ្ធដោយរបងសន្តិសុខខ្ពស់ៗនៅជុំវិញបរិវេណ ចាប់តាំងពីមានការវាយប្រហារថ្ងៃទី៦ ខែមករាទៅលើវិមានសភាដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump មក។
ការគំរាមកំហែងនេះ បានបណ្តាលឲ្យរដ្ឋសភាផ្អាកសម័យប្រជុំរបស់ខ្លួន តែព្រឹទ្ធសភាមានគម្រោងជួបប្រជុំគ្នា។
ថ្ងៃព្រហស្បតិ៍នេះ ដែលចំថ្ងៃទី៤ ខែមីនា មានជាប់ទាក់ទិនទៅនឹងទ្រឹស្តីនៃគំនិតឃុបឃិតទុច្ចរិតមួយរបស់ក្រុមស្តាំនិយម ដែលថាលោក Trump នឹងវិលត្រឡប់ទៅកាន់អំណាចវិញនៅថ្ងៃទី៤ ខែមីនានេះ ដោយលោកធ្លាប់បានអះអាងមិនពិតម្តងហើយម្តងទៀតពីការលួចបន្លំសន្លឹកឆ្នោតដ៏ច្រើនដែលបានធ្វើឲ្យលោកចាញ់ឆ្នោត។
ថ្ងៃទី៤ ខែមីនា ធ្លាប់ជាថ្ងៃស្បថចូលកាន់តំណែងសម្រាប់ប្រធានាធិបតីអាមេរិក មុនពេលត្រូវប្តូរទៅធ្វើនៅថ្ងៃទី២០ ខែមករាវិញ ក្នុងឆ្នាំ១៩៣៣៕