សមាជិកព្រឹទ្ធសភានៃរដ្ឋ Utah លោក Mitt Romney បានទស្សន៍ទាយថា លោក Donald Trump នឹងទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ប្រសិនបើលោកសម្រេចចិត្តឈរឈ្មោះនៅឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាននានាដែលរួមមានទាំងសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន Independent ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសផងដែរ។
លោក Romney គឺជាអតីតបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ២០១២។
លោក Romney បានប្រាប់កាសែត The New York Times កាលពីយប់ថ្ងៃអង្គារថា៖ «ខ្ញុំមិនដឹងថាតើលោក Trump នឹងឈរឈ្មោះនៅឆ្នាំ២០២៤ ឬក៏អត់នោះទេ ប៉ុន្តែប្រសិនបើលោកឈរឈ្មោះ ខ្ញុំប្រាកដថា លោកនឹងទទួលបានការតែងតាំងពីគណបក្សជាមិនខាន»។
លោក Romney បាននិយាយទៀតថា ការស្ទង់មតិនានាបង្ហាញថា «ប្រសិនបើលោក Trump ប្រកួតប្រជែងនៅក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋដទៃទៀត នោះលោក Trump នឹងឈ្នះដាច់គេតែម្ដង»។
ថ្វីបើមានការទស្សន៍ទាយនេះក៏ពិតមែន ក៏លោក Romney ដែលជាអ្នករិះគន់លោក Trump ជារឿយៗ គឺជាសមាជិកគណបក្សសាធារណរដ្ឋតែម្នាក់គត់ ដែលបានបោះឆ្នោតគាំទ្រឲ្យមានការកាត់ទោសលោក Trump នៅក្នុងសវនាការកាត់ទោសលោក Trump ទាំង២លើក។
លោក Romney បាននិយាយទៀតថា៖ «ខ្ញុំនឹងមិនបោះឆ្នោតឲ្យលោក Trump ម្តងទៀតទេ។ ហើយខ្ញុំ ក៏មិនបានបោះឆ្នោតឲ្យលោកដែរកាលពីមុន»។
លោកបានលើកឡើងថា៖ «ខ្ញុំប្រហែលជានឹងគាំទ្រនរណាម្នាក់ ដែលខ្ញុំគិតថា អាចតំណាងឲ្យគណបក្សសាធារណរដ្ឋរបស់ខ្ញុំបាន»។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលោក Trump នឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ឬក៏អត់នោះ។
លោក Romney បានថ្លែងប្រាប់កាសែត The New York Times កាលពីថ្ងៃអង្គារថា បើទោះជាលោក Trump ចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទីពីរ និងត្រូវបានកាត់ទោសជាលើកទីពីរនៅក្នុងរដ្ឋសភាក៏ដោយ ក៏លោក«ប្រាកដ»ថា លោក Trump នឹងនៅតែបន្ដមានឥទ្ធិពលនៅក្នុងគណបក្សសាធារណរដ្ឋដដែល។
លោក Romney បានថ្លែងសំដៅដល់លោក Trump ទៀតថា៖ «មកទល់នឹងពេលនេះ លោក Trump គឺជាអ្នកដែលមានសំឡេងខ្លាំងជាងគេ ហើយមានឥទ្ធិពលធំបំផុតនៅក្នុងគណបក្សរបស់ខ្ញុំ»។ លោកបានបញ្ជាក់ទៀតថា៖ «ខ្ញុំមិនដឹងអំពីសមាជិកគ្រួសាររបស់លោក Trump នោះទេថា តើពួកគេមានបំណងនឹងបន្ដ[ប្រឡូកក្នុងនយោបាយ]ទៀត ឬក៏អត់នោះ ប៉ុន្តែសម្រាប់លោក [Trump] ខ្ញុំរំពឹងថា លោកនឹងនៅតែបន្ដដើរតួនាទីដ៏សំខាន់មួយ»៕