ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ពិភាក្សា​អំពី​ឥទ្ធិពល​នៃ​ការ​ឆ្លើយ​តប​ពី​លោក​ខាង​លិច​រឿង​បោះឆ្នោត​គ្មាន​ការ​ទទួលស្គាល់​


រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវជាប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញសន្លឹកឆ្នោតដែលលោកបានចូលរួមបោះឆ្នោត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវជាប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញសន្លឹកឆ្នោតដែលលោកបានចូលរួមបោះឆ្នោត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។

សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​ប្រហែល​ជា​មិន​មាន​អានុភាព​ខ្លាំង​លើ​កម្ពុជា​ដូច​មុនៗ​ទេ​ ដោយសារ​កម្ពុជា​ពេល​នេះ​នៅ​ក្នុង​គន្លង​របស់​ប្រទេស​ចិន។ ​ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​អាច​ជំរុញ​ឱ្យ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​លោក​ខាង​លិច​កាន់តែ​យ៉ាប់យឺន។​

ហើយ​ការធ្លាក់​ចុះ​ទំនាក់​ទំនង​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ធម្មតា​ ជា​ជាង​ឥស្សរជន​គណបក្ស​កាន់​អំណាច​ ដែល​មន្ត្រី​លោក​ខាងលិច​បន្ទោស​ថា​ បាន​ធ្វើ​ឲ្យ​មាន​ការ​ដើរ​ថយ​ក្រោយ​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ នេះបើ​តាម​ពលរដ្ឋ​ខ្មែរអា​មេរិកាំង​មួយ​ចំនួន​ដែល​ចូលរួម​នយោបាយ ​ហើយ​រស់​នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់ វីអូអេ​ភាសា​ខ្មែរ។​

ទិដ្ឋភាព​ដ៏​ចម្រូង​ចម្រាស​បំផុត​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​គឺ​ការ​សម្រេច​ចិត្ត​កាលពី​ខែ​មុន​ដើម្បី​រារាំង​មិន៌​ឱ្យ​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូល​រួម​ការ​បោះឆ្នោត។​

មេដឹកនាំ​បក្ស​ជំទាស់ដ៏​លេច​ធ្លោ​បំផុត​របស់​កម្ពុជា​ ក៏​នៅតែ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ ​និង​និរទេស​ខ្លួន​ ខណៈ​ក្រុម​មន្ត្រី​បក្ស ជំទាស់​ជាច្រើន​នាក់​ត្រូវ​ចាប់​ដាក់​គុក ​ឬ​បំភិតបំ​ភ័យ​ឲ្យ​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់ ​ឬ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​អំណាច។​

លោក ​ឡារី សេង ​រស់​នៅ​ជិត​ទីក្រុង ​Seattle ​រដ្ឋ​ Washington ​ហើយ​ជា​អ្នក​គាំទ្រ​ក្រុម​ជំទាស់បាន​និយាយ​ថា​ ការ​បោះឆ្នោត​ខាង​មុខ​គ្មាន​ការ​ប្រជែង​ត្រឹមត្រូវ​ទេ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​យ៉ាង​ច្បាស់​ថាលទ្ធផល​នៃ​ការ​បោះឆ្នោត​ហ្នឹង​មិន​អាច​យក​ជា​ការ​បាន​ទេ​ ទោះបី​មាន​គណបក្ស​ជាច្រើន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក៏ដោយ​ ក៏​គណបក្ស​ទាំងអស់​នោះ​មិនមែន​ជា​ដៃគូ​ក្នុង​ការ​ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ដែរ»។​

លោក​បារម្ភ​ថា ​វិធានការ​សំខាន់ៗ​ដែល​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​អាច​ធ្វើ​បាន​គឺ ការ​កាត់​ឬ​ការ​ដាក់​កំហិត​លើ​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម ​ដែល​នេះ​ជា​ហានិភ័យ​មួយ​ផ្នែក​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​និង​ប្រជាជន​កម្ពុជា ​ពិសេស​អ្នក​ធ្វើការ​ជា​ច្រើន ​ខណៈ​ពេល​ដែល​រឿង​នេះ ​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​តិចតួច​ដល់​ក្រុម​មេ​ដឹកនាំ​ប្រទេស​កម្ពុជា។​

លោក​បន្ត​ថា៖ «គំនាប​របស់​អន្តរជាតិ​ហ្នឹង​មិនមាន​អ្វី​ធំ​ក្រៅពី​សម្ពាធ​សេដ្ឋកិច្ច​ទេ ​ហើយ​សម្ពាធ​សេដ្ឋកិច្ច​ហ្នឹង​ធ្វើឲ្យ​ប៉ះពាល់​ខ្មែរ ​អ្នក​ដែល​ក្រខ្សត់ ​អ្នក​ដែល​មិន​សូវ​មាន​ធនធាន ​ធ្វើ​ឲ្យ​គ្នា​រស់ក្នុង​ភាព​លំបាក​ វេទនា​ កាន់តែ​ខ្លាំង​ឡើងៗ។ ​ហ្នឹង​ខ្ញុំ​យល់​ឃើញ​អ៊ីចឹង»។​

លោក​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​«មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ទេ ​ដរាបណា​សមាជិក​នៃ​គណបក្ស​ឬ​ក្រុម​របស់​គេរស់​នៅ​បាន​សុខ​ស្រួល» ​ដោយសារ​មាន​ការ​បន្ត​គាំទ្រ​ពី​ប្រទេស​កុម្មុយនីស្ត ​ដូចជា​វៀតណាម ​និង​ចិន។​

ចាប់តាំង​ពី​ឆ្នាំ​២០១៧​ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាប់​ផ្តើម​ការ​បង្រ្កាប​លើ​គណបក្ស​ប្រឆាំង ​និង​បាន​អនុម័ត​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់ ​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​ប្រជា​ធិបតេយ្យ​ឡើង​វិញ ​និង​គោរព​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន។​

ចំណុច​សំខាន់​គឺ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​រៀងៗ​ខ្លួន​ដូច​ជា​ អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​សព្វាវុធ ​(EBA) ​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP) ​សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ទាប​ ដែលមាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​ជារៀង​រាល់ឆ្នាំ​ដល់​វិស័យ​នាំ​ចេញ​របស់​កម្ពុជា។​

ហើយ​មួយ​វិញ​ទៀត​ ប្រទេស​លោក​ខាងលិច​បាន​ធ្វើ​កិច្ចការ​ដែល​ក្រុម​ជំទាស់​ពេញ​ចិត្ត​នេះ​រួច​ហើយ​រឿង​គំរាម​កំហែង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វិល​មក​កាន់​អំណាច​ឯកបក្ស​វិញ​យ៉ាង​មាន​ប្រសិទ្ធភាព​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨។​

សហភាព​អឺរ៉ុប​បាន​ព្យួរ​ជា​ផ្លូវការ​នូវ​សិទ្ធិ​ពាណិជ្ជកម្ម​ឬ​កូតា​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ចំនួន​ ២០​ ភាគរយ ​ដែល​ការណ៍​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ ​ស្បែកជើង ​ទំនិញ​ធ្វើ​ដំណើរ​ និង​ស្ករស​ ដែល​ជារួម​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ ​១​លាន​នាក់។​

ទន្ទឹម​នឹង​នោះ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​ផុត​កំណត់​ក្នុង​ខែ​ធ្នូ​ ឆ្នាំ ​២០២០​ ហើយ​មិន​ត្រូវ​បាន​បន្ត​ទេ ​មាន​ន័យ​ថា​ កម្ពុជា​កំពុង​ខាតបង់​ប្រាក់​ច្រើន​រយ​លាន​ក្នុង​ការ​នាំចេញ​ដោយ​គ្មាន​បង់ពន្ធ​ ឬ​បង់ពន្ធ​ទាប ​ក្នុង​គ្រា​ដែល​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា។​

សភា​អឺរ៉ុប​កាលពី​ខែ​មីនា​បាន​អនុម័ត​សេចក្តី​សម្រេច​ថ្មីមួយ​ដែល​គំរាម​កំហែង​ដល់​ការ​រឹតបន្តឹង​ថែម​ទៀត​លើ​សិទ្ធិ​នាំ​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​តាម​ក្រម​ខណ្ឌ EBA ​សម្រាប់​ប្រទេស​កម្ពុជា ​«ប្រសិន​បើ​ការ​បោះឆ្នោត​ឆ្នាំ ​២០២៣​ខុសពី​ស្តង់ដារ​អន្តរជាតិ​ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅតែ​បន្ត»។​

ទោះយ៉ាង​ណាក្តី ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មិន​ចុះញ៉ម​នឹង​ការ​គំរាម​កំហែង​របស់​ប្រទេស​ លោក​ខាងលិច​ទេ ​ហើយនៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​កម្មករ​រោងចក្រ​កាលពី​ខែ​មិថុនា ​លោក​បាន​បញ្ជាក់​ថា ​នឹង​គ្មាន​ផល​ប៉ះពាល់​ទេ ​ទោះជា​គ្មាន​ EBA​ នៅ​ឆ្នាំ​ខាង​មុខៗ​ក្តី។​

លោកបន្ត​ថា៖​ «ហើយ ​EBA ​ហ្នឹង ​វា​គង់​តែ​បាត់​ទេ។ ឆ្នាំ ​២០២៧​ វា​បាត់​ហើយ។ ​ អ៊ីចឹង​បើ​បាន​វា​បាត់ ក៏​វា​អត់​បញ្ហា​ទេ។ ​យើង​ប្រឹង​ខ្លួន​ឯង​ទៅ ​កុំ​ប្រើ​អ៊ុកស៊ីហ្សែន​ ​គេ​ច្រើន​ពេក​ ក្រែង​លោ​គេ​ដក​អ៊ុកស៊ីហ្សែន​ទៅ ​ វា​ដាច់​ខ្យល់ៗ»។​

លោក ​អ៊ុន សុខុម ​រស់​នៅ​ក្នុង​ទីក្រុង​ Lowell (ឡូវែល) ​រដ្ឋ​ Massachusetts (ម៉ាស្សាជូសេដ្ឋ)​ និង​ជា​អតីត​មន្ត្រី​គណបក្ស​ជំទាស់​បាន​និយាយ​ថា ​ការ​ពឹង​ផ្អែក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​ប្រទេស​ចិន​ គឺ​ជា​ហេតុផល​ដែល​លោក​ ហ៊ុន សែន ​មិន​ខ្វល់​នឹង​ការ​បាត់បង់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក។​

លោក​ថ្លែង​ថា៖ ​«វា​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទេ ​ប៉ុន្តែ​សំខាន់​ជាង​នេះ​វា​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ»។​

អ្នកគាំទ្រ​គណបក្ស​ជំទាស់​ជាច្រើន​កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​លោក​ខាងលិច​ដែល​ប្រកាន់​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​បដិសេធ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ លុះត្រាតែ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ យល់​ព្រម​ផ្តល់​សម្បទាន​នានា​ ដែល​រួមទាំង​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ក្នុង​ការ​បោះឆ្នោត។​

លោក​បន្តថា៖ «ហើយ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​ច្បាស់​ថា​ មិនមែន​ចំពោះ​តែ​ខ្លួន​ខ្ញុំ​មួយ​ទេ​ គឺ​ថា​ ពលរដ្ឋ​ខ្មែរ​យើង​ជាច្រើន​ មាន​ជំនឿ​មិន​ខុស​ពី​ខ្ញុំ​ទេ​ ហើយ​សហគមន៍​អន្តរជាតិ​ទៀត​សោត​ក៏​គេ​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​ទិដ្ឋភាព​សព្វ​ថ្ងៃ​នេះ។ ​ខ្ញុំយល់​ឃើញ​ថា​ គេនឹង​មិន​ទទួល​ស្គាល់​(លទ្ធផល)​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​ទេ»។​

ទោះ​ជា​យ៉ាង​ណា ​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ច្រាន​ចោល​លទ្ធភាព​នោះ​ក្នុង​បទ​សម្ភាសន៍​ជាមួយ វីអូអេ​ភាសាខ្មែរ។​

លោក​បញ្ជាក់​ថា៖ «មាន​រឿង​អី​ត្រូវ​ព្រួយ​បារម្ភ​ ព្រោះ​អាហ្នឹង​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ​ការ​សម្រេច​ ឆន្ទ:​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​ជា​សិទ្ធិ​សម្រេច​របស់​កម្ពុជា​ក្នុង​អធិប​តេយ្យ​របស់​ខ្លួន។​ អាហ្នឹង​ហើយ​ជា​របប​ប្រជា​ធិបតេយ្យ»។​

លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​ទោះ​បី​ជា​មាន​ការ​ខឹង​សម្បា​មិន​ទទួល​ស្គាល់​ពី​ប្រទេស​មួយ​ចំនួន​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ​២០១៨​ ក៏​ដោយ​ ក៏​គ្មាន​ប្រទេស​ណា​មួយ​បដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែរ។​

រូបឯកសារ៖ បុរសម្នាក់ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ បុរសម្នាក់ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

ហើយ​លោក​បាន​បញ្ជាក់​ថា​ ទាំង​សហរដ្ឋ​អាមេរិក​ និ​ងសហភាព​អឺរ៉ុប ​ចាប់​តាំង​ពី​ពេល​នោះ​មក​ បាន​ទទួល​ស្វាគមន៍​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​រួម ជាមួយនឹ​ង​មេ​ដឹកនាំ​អាស៊ី​ផ្សេង​ទៀត​ ខណៈ​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ​ទៅ​ផង​ដែរ​ ដែល​កម្ពុជា​បាន​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​តំបន់​និង​សហគមន៍​អន្តរជាតិ។​

លោក ​អ៊ិន សួន ​មន្ត្រី​សន្តិសុខ​សង្គម​ នៅ​ក្នុង​ទីក្រុង Stockton (ស្តុកតុន) ​រដ្ឋ California (កាលីហ្វ័រញ៉ា) និង​ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ ​បាន​និយាយ​ថា ​លោក​មិន​ជឿ​ដូច​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កំពុង​កាន់​អំណាច​នោះ​ទេ។ ​លោក​អះ​អាង​ថា​ ការ​ខូច​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ពលរដ្ឋ​និង​បក្ស​កាន់​អំណាច​ដែរ។​

លោក​បញ្ជាក់​ថា៖ «ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​គ្នា​វេទនា​ណាស់។ ​កុំ​ថា​តែ​ប្រជា​ពលរដ្ឋ ​សូម្បី​អ្នក​រក​ស៊ី ​ឈ្មួញ​ជួញ​ដូរ​ធម្មតា​ក៏​អញ្ចឹង​ដែរ ​ ដោយសារ​តែ​វា​បាត់​សិទ្ធិ​សេរីភាព​តវ៉ា​ រិះរក​ផ្លូវ​ច្បាប់​ រិះរក​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ជំនួញ​សេដ្ឋកិច្ច​អី​ផ្សេងៗ​ហ្នឹង​ណា៎»។​

លោក​បាន​បញ្ជាក់​អះអាង​ទៀត​ថា៖​ «ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា​ហ្នឹង​ថាអូ!​ មិន​បាច់​ពឹង​ពាក់​ប្រទេស​លោក​សេរី​អី​ទេ ​អាច​រស់​ទៅ​បាន​ ...​ខាង​ក្រៅ​និយាយ ​ក៏​ពិត​មែន ​តែ​រឿង​ជាក់ស្តែង​វា​អត់​អ៊ីចឹង​ទេ»។

លោក ​អ៊ិន សួន​បន្ថែម​ថា ​សហរដ្ឋ​អាមេរិក ​និង​ សហភាព​អឺរ៉ុប​នៅ​តែ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ ដូចជា​ផលិត​ផល​កសិកម្ម ​កីឡា ​សម្លៀក​បំពាក់​ ដែល​គ្មាន​ប្រទេស​ណា ​អាច​ជំនួស​បាន​រួមទាំង​ប្រទេស​ក្នុង​តំបន់​ក្តី។​

លោក ​សេក កុសល ​ប្រធាន​អង្គការ​ IKARE ​នៅ​ក្រុង​ St Paul ​រដ្ឋ​ Minnesota (មីនីសូតា) ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​ឱកាស​ដ៏​ធំធេង​ក្នុង​ការ​បង្កើត​សុច្ឆន្ទៈ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជុំវិញ​ពិភពលោក​ ប្រសិន​បើ​បើក​លំហ​នយោបាយ​សម្រាប់​គ្រប់​ភាគី​រួម​ទាំង​អ្នក​ដែល​ជំទាស់​នឹង​រដ្ឋាភិបាល​ ឲ្យ​បាន​ចូល​រួម​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ​ខែ​កក្កដា។​

លោក​បាន​ប្រៀប​ធៀប​ស្ថានការណ៍​នយោបាយ​កម្ពុជា​ទៅ​នឹង​នយោបាយ​សហ​រដ្ឋ​អាមេរិក​ ដែល​គណបក្ស​ធំៗ​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​ជា​ច្រើន​លើសលុប​ តែ​ជាទូទៅ​គេ​ស្វែង​រក​ចំណុច​ប្រសព្វ​គ្នា​មក​ជជែក​និង​ដោះ​ស្រាយ​រួមគ្នា​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​និង​ប្រជាជន។​

លោក​ថ្លែង​ថា៖ «ដូច្នេះ​ប្រទេស​កម្ពុជា​យើង​អ៊ីចឹង​បើ​ថា​ យើង​មិន​ពេញចិត្ត​គណបក្ស​ប្រឆាំង​៨០​ទៅ​៩០​ភាគរយ​ ឬ​ក៏​បើ​ថា​ ខាង​ប្រឆាំង​មិន​ចូល​ចិត្ត​គណបក្ស​គ្រប់​គ្រង​ប្រទេស​៩០​ភាគ​រយ​ទេ​ តើ​យើង​អាច​រក​១០​ភាគ​រយ​ណា​ដែល​យើង​អាច​ធ្វើការ​ជាមួយ​គ្នា ​ហើយ​យើង​ផ្តោត​ពេល​វេលា​យើង​ទៅ​ធ្វើ​១០​ភាគ​រយ​ហ្នឹង​ទៅ»។​

លោក​ សេក កុសល​ ថា​ គណបក្ស​ប្រជាជន​កម្ពុជា​គួរ​បញ្ឈប់​ការ​ដាក់​គំនាប​លើ ​«គណបក្ស​ប្រឆាំង»​ ថា​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស។​

លោក​ថ្លែង​ថា៖ «ដូច្នេះ​ពាក្យ​«ប្រឆាំង»​ហ្នឹង​មិនមែន​មាន​ន័យ​ថា​ គេ​ប្រឆាំង​ប្រទេស​ជាតិ​យើង​ទេ។​ គេ​ប្រឆាំង​លើ​អ្វី​ដែល​គេ​មើល​មិន​ឃើញ។ ​គេ​ប្រឆាំង​ដែល​អត់​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​។​ គេ​ប្រឆាំង​លើ​បញ្ហា​សិទ្ធិ​មនុស្ស។​ គេ​ប្រឆាំង​ទៅ​លើ​បញ្ហា​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​ជាតិ​យើង​ទាំងមូល​ ហើយ​ប្រសិន​បើ​សិន​ជា​យើង​មាន​ចំណុច​សំខាន់ៗ​ហ្នឹង​វា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ដទៃ​ទៀត ​ប្រទេស​ដទៃ​ទៀត​គេ​ឲ្យ​តម្លៃ​យើង​តាម​ហ្នឹង»។​

ទោះយ៉ាង​ណា​ក៏​ដោយ ​លោក ​ទូច វិបុល ​រស់​នៅ​ទីក្រុង ​High Point ​រដ្ឋ​ North Carolina​ ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​យូរ​មក​ហើយ​ តែ​បាន​ប្តូរ​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច​វិញ​ពេល​នេះ​បាន​និយាយ​ថា​ សំណួរ​នៃ​ការ​ទទួល​ស្គាល់​អំពី​ភាព​ស្របច្បាប់​ពី​អន្តរជាតិ​នឹង​មាន​ផល​ប៉ះពាល់​តិចតួច​លើ​សកម្មភាព​របស់​ គណបក្ស​ប្រជាជន​កម្ពុជា ​ជុំវិញ​ការ​បោះឆ្នោត ។​

លោក​ថ្លែង​ថា៖ «ខ្ញុំមិន​ជឿ​ជាក់​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​ដក​ស្ថានទូត​ចេញពី​កម្ពុជា​ ឬ​ក៏​ប្រទេស​ដទៃៗ​ទៀត​នៅ​អឺរ៉ុប​នឹង​ដកស្ថានទូត​ចេញ​ពី​កម្ពុជា​ទេ។​ ខ្ញុំ​មិន​ជឿដល់​ចំណុច​ហ្នឹង​ទេ»។​

លោក ហាន ណូយ ​រួមចំណែក​រាយ​ការណ៍​ព័ត៌មាន​នេះពី​រាជធានី​ភ្នំពេញ

XS
SM
MD
LG