គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់កំហិតសិទ្ធិនៃការចូលទៅក្នុងមណ្ឌលបោះឆ្នោតចំពោះអ្នកដែលមិនមានកិច្ចការ ដើម្បីធានាបានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ នៅក្នុងដំណើរការបោះឆ្នោតជាតិខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
កាលពីថ្ងៃចន្ទ គ.ជ.ប បានចេញសេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៃការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នូវលក្ខខណ្ឌមួយចំនួន។
បើតាមសេចក្តីណែនាំ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត មានដូចជាមន្ត្រីបោះឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប ភ្នាក់ងារគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយគ.ជ.ប អ្នកសារព័ត៌មានដែលមានបណ្ណផ្ដល់ឱ្យដោយគ.ជ.ប អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងឯកសណ្ឋាន និងប្រឡង់ដៃសន្តិសុខបោះឆ្នោតផ្តល់ឱ្យដោយ គ.ជ.ប ចូលការិយាល័យបោះឆ្នោត។
បើតាមសេចក្តីណែនាំ អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមមានសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនយោបាយគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ លើកលែងតែអ្នកទាំងនោះត្រូវបោះឆ្នោត។
កាលពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅ មានសេចក្តីរាយការណ៍អំពីវត្តមានរបស់អាជ្ញាធរនៅក្នុងមណ្ឌលបោះឆ្នោត ដូចជាសមាជិកភូមិ មេភូមិ មេឃុំ និងមន្ត្រីនគរបាល ហើយពួកគេទាំងនោះបានរង់ចាំកត់ចំណាំឈ្មោះអ្នកទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត។
គណបក្សជំទាស់ ដូចជាគណបក្សភ្លើងទៀនបានចាត់ទុកភាពមិនប្រក្រតីនេះថា អាចដាក់សម្ពាធលើប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានជំរុញឱ្យអាជ្ញាធរយល់ពីក្រមសីលធម៌ និងតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានភាពមិនប្រក្រតីនៅក្នុងដំណើរការបោះឆ្នោត។
លោកថ្លែងថា៖ «អ៊ីចឹងសម្រាប់ គ.ជ.ប ស្នើសុំឱ្យមេភូមិ អនុប្រធានភូមិ ឬក៏សមាជិកភូមិដែលចូលរួមក្នុងថ្ងៃបោះឆ្នោតអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌នោះបាទ»។
លោកណែនាំថាប្រសិនបើមានភាពមិនត្រឹមត្រូវណាមួយក្នុងថ្ងៃបោះឆ្នោត គេអាចដាក់ពាក្យបណ្តឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបើកការស៊ីបអង្កេតថាតើពិតជាដូចករណីការរាយកាណ៍នោះ ឬក៏យ៉ាងណា។ លោកបន្ថែមថាប្រសិនបើមានដូចករណីនោះមែន ច្បាប់នឹងដាក់ទោសទណ្ឌចំពោះបុគ្គលដែលប្រព្រឹត្តខុសឆ្គង។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់វីអូអេថាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ មានភាពមិនប្រក្រតីជាច្រើន ភាគច្រើនពីអ្នកមានអំណាចមួយចំនួន ដែលមិនគោរពតាមតួនាទី ដូចជាអាជ្ញាធរ ប៉ូលិស ទាហាន មេភូមិ មេឃុំជាដើម ដែលមិនបានយល់ពីតួនាទីរបស់ខ្លួន ហើយចូលទៅនៅក្នុងបរិវេណការិយាល័យបោះឆ្នោត។
លោកថ្លែងថា៖ «មេឃុំរឿងមេភូមិអីនេះគឺថាល្មមសម្រាកទៅ ដល់ពេលថ្ងៃបោះឆ្នោតហ្នឹង ខ្លួនបោះឆ្នោតហើយមេត្តាអញ្ជើញត្រឡប់ទៅលំនៅឋានទៅបាទ។ ទៅទីកន្លែងទៅ[ផ្សេង] ឬក៏នៅឱ្យឆ្ងាយពីការិយាល័យទៅ ហើយសកម្មភាពទាំងឡាយដែលទាក់ទងរឿងការកត់ឈ្មោះហ្នឹងជាទង្វើមួយដែលមិនត្រឹមត្រូវទេ»។
លោកបន្តទៀតថាស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញចំពោះបញ្ហាទាំងអស់នេះ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើរការការបោះឆ្នោត។
គួរបញ្ជាក់ថា សម្រាប់អ្នកសារព័ត៌មានដែលទៅយកព័ត៌មានក្នុងមណ្ឌលបោះឆ្នោត គឺតម្រូវឱ្យជូនដំណឹងទៅប្រធានមណ្ឌល ឬប្រធានការិយាល័យបោះឆ្នោតជាមុន ទើបអាចយកព័ត៌មានបាន បើទោះបីមានកាត ចុះយកព័ត៌មានចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ។ នេះបើតាមអ្នកនាំពាក្យរបស់គ.ជ.ប៕
គ.ជ.បដាក់កំហិតការចូលក្នុងមណ្ឌលបោះឆ្នោតចំពោះជនណាដែលគ្មានភារកិច្ច
ភ្នំពេញ —