ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​និង​អង់គ្លេស​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​នាវា​ដឹក​ប្រេង


រូបឯកសារ៖ នាវា​ដឹកប្រេង Mercer Street ដែល​មាន​ដោត​ទង់ជាតិ​លីប៊ី ស្ថិត​នៅ​ក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
រូបឯកសារ៖ នាវា​ដឹកប្រេង Mercer Street ដែល​មាន​ដោត​ទង់ជាតិ​លីប៊ី ស្ថិត​នៅ​ក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​កាលពី​ថ្ងៃ​អាទិត្យ​បាន​បន្ទោស​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​កាលពី​សប្តាហ៍​មុន​លើ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នៅ​សមុទ្រ​អូម៉ង់​ដែល​បាន​សម្លាប់​មនុស្ស​ពីរ​នាក់។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​ជឿជាក់​ថា​ អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ»។ លោក​ថ្លែង​ដូច្នេះ​ ខណៈ​លោក​ចោទ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ថា បាន​ដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក​កាន់តែ​ច្រើន​នៅ​ទូទាំង​តំបន់។

អ្នក​ការទូត​កំពូល​អាមេរិក​រូប​នេះ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នៅ​សមុទ្រ​អារ៉ាប់​ភាគ​ខាង​ជើង​លើ​នាវា​ដឹក​ប្រេង​ឈ្មោះ​ Mercer Street មិន​មាន​យុត្តិកម្ម​ទេ។ កប៉ាល់​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Zodiac Maritime ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​របស់​មហា​សេដ្ឋី​អ៊ីស្រាអែល​ឈ្មោះ Eyal Ofer។

លោកBlinken បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​គំរាម​កំហែង​សេរីភាព​នាវាចរណ៍​តាម​ផ្លូវទឹក​ដ៏​សំខាន់​នេះ ការដឹក​ជញ្ជូន​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ហើយនឹង​ជីវិត​របស់​អ្នក​នៅ​លើ​កប៉ាល់។​ លោក​ថា​ សហ​រដ្ឋ​អាមេរិក​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធ​មិត្ត​និង​រដ្ឋាភិបាល​នៅ​មជ្ឈិមបូព៌ា​«ស្តីពី​វិធានការ​ឆ្លើយតប​សមស្រប​នាពេល​ខាង​មុខ»។​

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោក ​Dominic Raab ​បាន​និយាយ​ថា៖ « យើង​ជឿជាក់​ថា​ ការវាយ​ប្រហារ​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​មាន​ចេតនា​ច្បាស់លាស់​ដោយ​ប្រទេស​អ៊ីរ៉ង់»។​

លោក​បាន​និយាយ​ថា​ យន្តហោះ​គ្មាន​មនុស្សបើក​មួយ​ឬ​ច្រើន​គ្រឿង​ត្រូវ​បាន​ប្រើ​នៅក្នុង​ការ​វាយ​ប្រហារ​នេះ។​

មិន​មាន​អ្នក​អះអាង​ទទួល​ខុស​ត្រូវ​ទេ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​លោកSaeed Khatibzadeh ​ថា​ ការ​ចោទ​ថា ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​ចោទ​គ្មាន​មូលដ្ឋាន។​

សហ​រដ្ឋ​អាមេរិក​អង់គ្លេស​និង​អ៊ីស្រាអែល​មិន​ទាន់​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​ឬ​ព័ត៌មាន​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​មូលហេតុ​បន្ទោស​ប្រទេស​អ៊ីរ៉ង់​ទេ។​ ប្រទេស​អ៊ីស្រាអែល​ក៏បាន​បន្ទោស​ប្រទេស​អ៊ីរ៉ង់​ដែរ​ ហើយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោកNaftali Bennett បាន​គំរាម​សងសឹក៕

(សេចក្តីរាយការណ៍​នេះ​មាន​ព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មាន AP និង AFP)

XS
SM
MD
LG