ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បង្កើន​វិធានការ​សន្តិសុខ​សម្រាប់​ជើង​ហោះហើរ​បរទេស​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក


លោក John F. Kelly រដ្ឋ​មន្ត្រី​សន្តិសុខ​មាតុភូមិ​ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
លោក John F. Kelly រដ្ឋ​មន្ត្រី​សន្តិសុខ​មាតុភូមិ​ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​វិធានការ​សន្តិសុខ​បន្ថែម​ទៀត សម្រាប់​ជើង​ហោះហើរ​បរទេស​ទាំង​អស់ ដែល​ហោះ​ចូល​មក​ក្នុង​ប្រលាន​យន្តហោះ​សហរដ្ឋ​អាមេរិក ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​មិន​បន្ថែម​វិធានការ​ហាម​ប្រាម​ចំពោះ​កុំព្យូទ័រ​ដាក់​តាម​ខ្លួន​របស់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ។

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​លោក John Kelly បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​កំហុស​នោះ​ទេ។ សត្រូវ​របស់​យើង​កំពុង​បន្ត​រក​វិធី​ថ្មីៗ ដើម្បី​លាក់​គ្រឿង​ផ្ទុះ ជ្រើសរើស​មនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក​ឲ្យ​ចូល​ក្រុម​ពួកគេ និង​ប្លន់​យន្តហោះ‍»។

លោក Kelly បាន​និយាយ​ថា វិធានការ​ថ្មី​ទាំង​នោះ ទោះបីជា​អ្នក​ធ្វើ​ដំណើរ​ដឹង ឬ​មិន​ដឹង​ក៏​ដោយ នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់ៗ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ត្រូវ​យល់​ថា នឹង​មាន​ការ​ត្រួត​ពិនិត្យ​ទូទៅ​បន្ថែម​ទៀត ការ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​លើ​ឧបករណ៍​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន​របស់​អ្នក​ធ្វើ​ដំណើរ ការ​រឹត​បន្តឹង​សន្តិសុខ​បន្ថែម​ទៀត​នៅ​ជុំវិញ​យន្តហោះ និង​ស្ថានីយ​ធ្វើ​ដំណើរ និង​មាន​សត្វ​ឆ្កែ​ដែល​ទទួល​ការ​ហ្វឹកហាត់​ឲ្យ​ហិត​ដឹង​ក្លិន​គ្រាប់​បែក និង​ជាតិ​គីមី​ផ្សេងៗ​ជា​ដើម។

អាជ្ញាធរ​សហរដ្ឋ​អាមេរិក មាន​គោល​បំណង​ចង់​បន្ថែម​ការ​ហាម​ប្រាម​ដូច​នេះ​ចំពោះ​ជើង​ហោះហើរ​មកពី​ទ្វីប​អឺរ៉ុប ប៉ុន្តែ​ជើង​ហោះហើរ​ខ្លះ​បដិសេធ​មិន​ធ្វើ​តាម។ កុំព្យូទ័រ​យួរ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្នែក​ពាណិជ្ជកម្ម។

វិធានការ​សន្តិសុខ​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​ប៉ះពាល់​ដល់​ប្រលាន​យន្តហោះ​បរទេស​ចំនួន ២៨០ នៅ​ក្នុង​ប្រទេស​ចំនួន ១០៥ ក្នុង​ពិភពលោក។ មនុស្ស​ប្រហែល ៣ សែន ២ ម៉ឺន ៥ ពាន់​នាក់ ធ្វើ​ដំណើរ​ចេញ​ពី​ប្រលាន​យន្តហោះ​ទាំង​នេះ មក​កាន់​សហរដ្ឋ​អាមេរិក ជា​រៀងរាល់​ថ្ងៃ៕

XS
SM
MD
LG