តុលាការកំពូលសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងពិចារណាអំពីករណីបទបញ្ជាដាក់កំហិតការធ្វើដំណើររបស់លោកប្រធានាធិបតី Donald Trump ហើយនៅក្នុងចន្លោះពេលនេះ ផ្នែកភាគច្រើននៃបទបញ្ជានេះអាចមានសុពលភាព។
បទបញ្ជាដាក់កំហិតការធ្វើដំណើររបស់លោក Trump ដែលមានការកែសម្រួលឡើងវិញនេះ រារាំងការធ្វើដំណើរចូលក្នុងទឹកដីសហរដ្ឋអាមេរិក ចំពោះពលរដ្ឋមកពីប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមចំនួន ៦ ប្រទេស ដូចជាប្រទេសលីប៊ី អ៊ីរ៉ង់ សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន រយៈពេល ៩០ ថ្ងៃ និងផ្អាកកម្មវិធីទទួលយកជនភៀសខ្លួនរយៈពេល ១២០ ថ្ងៃ។
បទបញ្ជានេះបញ្ជាក់ថា វិធានការដាក់កំហិតទាំងនេះ គឺចាំបាច់ដើម្បីកែប្រែនូវរបៀបនៃការត្រួតពិនិត្យសន្តិសុខ ដើម្បីការពារប្រទេសពីការគំរាមកំហែងពីខាងក្រៅ។
បទបញ្ជាដាក់កំហិតការធ្វើដំណើរនេះ ត្រូវតុលាការសហព័ន្ធពីរផ្សេងគ្នា ក្នុងរដ្ឋ Ohio និងរដ្ឋ Maryland បង្អាក់មិនឲ្យដំណើរការ។ ការសម្រេចរបស់តុលាការសហព័ន្ធទាំងពីរនេះ ត្រូវបានសាលាឧទ្ធរណ៍គាំទ្រផងដែរ។
តុលាការកំពូលសហរដ្ឋអាមេរិកមានទស្សនៈផ្សេងពីនេះ ដោយគាំទ្រចំពោះបទបញ្ជាដាក់កំហិតការធ្វើដំណើរ និងការផ្អាកកម្មវិធីជនភៀសខ្លួននេះ។
ប៉ុន្តែ ចៅក្រមតុលាការកំពូលបាននិយាយថា ការរារាំងការធ្វើដំណើរនេះ មិនអាចអនុវត្តលើ «ជនបរទេសណា ដែលមានទំនាក់ទំនងពិតប្រាកដជាមួយនរណាម្នាក់ ឬក៏អង្គភាពណាមួយនៅក្នុងសហរដ្ឋអាមេរិកនោះទេ»។
លោក Trump និយាយថា បទបញ្ជាដាក់កំហិតការធ្វើដំណើរនេះ នឹងចូលជាធរមានក្នុងរយៈពេល ៧២ ម៉ោងក្រោយមក ក្រោយពីតុលាការកំពូលចេញសេចក្ដីសម្រេច៕