លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងអាចជាបេក្ខជនប្រធានាធិបតីម្នាក់ កំពុងតែប្រឈមនឹងភាពចម្រូងចម្រាស់មួយទាក់ទងនឹងការប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនសម្រាប់ការងារផ្លូវការក្នុងអំឡុងពេលដែលលោកស្រីបំពេញការងារជារដ្ឋមន្ត្រីក្រសួងការបរទេស។ សមាជិកគណបក្សសាធារណរដ្ឋកំពុងខំដំឡើងភាពចម្រូងចម្រាស់នេះ ខណៈដែលសមាជិកគណបក្សប្រជាធិបតេយ្យរំពឹងរង់ចាំការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតជាប្រធានាធិបតីរបស់លោកស្រី Clinton នៅចុងឆ្នាំនេះ។
ភាពចម្រូងចម្រាស់នេះបានកើតឡើង នៅពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោកស្រី Clinton បានប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួន ជំនួសអ៊ីមែលរបស់រដ្ឋាភិបាល ដើម្បីបំពេញកិច្ចការរដ្ឋាភិបាល ក្នុងអំឡុងពេលដែលលោកស្រីជារដ្ឋមន្ត្រីក្រសួងការបរទេស។
មន្ត្រីក្រសួងការបរទេស និយាយថា ការប្រើអ៊ីមែលផ្ទាល់ខ្លួនមិនត្រូវហាមឃាត់ទេ ហើយថា លោកស្រី គ្លីនតុន មិនដែលចែករំលែកព័ត៌មានសម្ងាត់នៅក្នុងអ៊ីមែលនេះទេ។ ប៉ុន្តែ ក្រុមអ្នករិះគន់ និយាយថា នេះអាចជាមធ្យោបាយមួយ ដែលលោកស្រីលាក់បាំងសារគមនាគមន៍របស់លោកស្រី។
នៅលើទំព័រ Twitter របស់លោកស្រី Clinton លោកស្រីបាននិយាយថា គាត់ចង់ឲ្យ«សាធារណជនមើលអ៊ីមែលរបស់ខ្ញុំ» ហើយថា លោកស្រីបានស្នើឲ្យក្រសួងការបរទេសបង្ហាញអ៊ីមែលទាំងអស់នោះជាសាធារណៈ។ មន្ត្រីក្រសួងការបរទេស ឲ្យដឹងថា ការពិនិត្យមើលអ៊ីមែលរាប់ពាន់នេះទើបតែចាប់ផ្តើម ហើយត្រូវការពេលជាច្រើនខែ។
ព័ត៌មានដែលថា លោកស្រី Clinton បានប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួននេះបានបណ្តាលឲ្យមានការរិះគន់ពីសមាជិកសភានៃគណបក្សសាធារណរដ្ឋ រួមមានសមាជិកនៃគណៈកម្មាធិការសភាតំណាងរាស្ត្រពិសេសមួយ ដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតលើការវាយប្រហារភេរវកម្មឆ្នាំ២០១២ មកលើស្ថានទូតសហរដ្ឋអាមេរិកនៅក្រុង Benghazi ប្រទេស លីប៊ី។ លោក Chris Stevens ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងជនជាតិអាមេរិក៣នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារនោះ ហើយសមាជិកសភានៃគណបក្សសាធារណរដ្ឋបាននិយាយថា លោកស្រី Clinton គួរតែអាចធ្វើច្រើនជាងនេះក្នុងនាមជារដ្ឋមន្ត្រីការបរទេស ដើម្បីការពារអ្នកទាំងនោះ។
លោក Trey Gowdy សមាជិកសភាតំណាងរាស្ត្ររដ្ឋ South Carolina និងជាប្រធានគណៈកម្មាធិការឲ្យដឹងថា លោកចង់មើលអ៊ីមែលទាំងអស់នោះ។
លោក Gowdy ថា៖ «មានតែលោកស្រី Clinton ទេដែលមានបញ្ជីអ៊ីមែលទាំងនោះ ដូច្នេះ គណៈកម្មាធិការត្រូវតែទៅជួបគាត់ និងមេធាវីរបស់គាត់ និងអ្នកផ្តល់សេវាកម្មអ៊ីមែលនោះ ដើម្បីធានាថា យើងអាចមើលអ៊ីមែលទាំងអស់នោះបាន ដែលពលរដ្ឋអាមេរិកគ្រប់រូបមានសិទ្ធិដឹងឮអំពីរឿងនេះ»។
ភាពចម្រូងចម្រាស់លើអ៊ីមែលនេះកំពុងតែកើតមានឡើង ខណៈដែលសមាជិកសភានៃគណបក្សប្រជាធិបតេយ្យរំពឹងថា លោកស្រី Clinton នឹងប្រកាសការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងអំឡុងប៉ុន្មានខែខាងមុខនេះ។ លោកស្រី Clinton ទំនងជាផ្តល់តម្រុយម្តងទៀតនៅក្នុងសប្តាហ៍នេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សមាគម Emily's List ដែលជាក្រុមអ្នកនយោបាយដែលគាំទ្របេក្ខជនឈរឈ្មោះបោះឆ្នោតជាស្ត្រី។
លោកស្រី Clinton មានប្រសាសន៍ថា៖ «តើអ្នកមិនចង់ឃើញបេក្ខជនជាស្ត្រីឈរឈ្មោះបោះឆ្នោតជាតំណាងរដ្ឋសភាទេឬ? ហើយវាសមហេតុផល ដែលខ្ញុំអាចនិយាយបានថា តើអ្នកមិនចង់ឃើញប្រធានាធិបតីអាមេរិកជាស្ត្រីទេឬ»?
កាលពីអតីតកាល លោកស្រី Clinton និងស្វាមីរបស់លោកស្រី គឺលោក Bill Clinton ដែលជាអតីតប្រធានាធិបតីអាមេរិក ត្រូវបានរិះគន់ពីការលាក់បាំងព័ត៌មាន។ លោក Larry Sabato អ្នកវិភាគខាងនយោបាយម្នាក់នៃសាកលវិទ្យាល័យ Virginia ឲ្យដឹងថា៖
«យើងក៏ដឹងថា អ្នកទាំងពីរមានទំនោរខាងលាក់បាំងរឿងសម្ងាត់ ដូច្នេះរឿងតម្លាភាពគឺមិនត្រូវគ្នានឹងអ្នកទាំងពីរទេ។ ជាញឹកញាប់ ពួកគាត់ជឿលើគំរូច្បាប់ពីរ។ មួយគឺសម្រាប់គាត់ទាំងពីរ និងមួយទៀតគឺសម្រាប់អ្នកផ្សេងទៀត»។
ប៉ុន្តែ លោក Sabato បន្ថែមទៀតថា យើងមិនអាចដឹងពីផលប៉ះពាល់នៃភាពចម្រូងចម្រាស់នេះមកលើលោកស្រី Clinton នៅឡើយទេ ខណៈដែលលោកស្រី Clinton រៀបចំខ្លួន ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០១៦ ដែលមនុស្សជាច្រើនបានរំពឹងទុកនោះ។
លោក Sabato ឲ្យដឹងថា៖ «ប្រតិកម្មខាងនយោបាយដ៏សំខាន់មួយគឺ ក្នុងករណីអ៊ីមែលដែលនឹងផ្សព្វផ្សាយនោះមានផ្ទុកនូវព័ត៌មានដ៏គ្រោះថ្នាក់អ្វីមួយ។ បើសិនជាអ៊ីមែលទាំងនោះគ្មានព័ត៌មានអ្វីសំខាន់ទេនោះ ភាពចម្រូងចម្រាស់នេះនឹងសាបរលាបទៅវិញ ដូចគ្នានឹងបញ្ហាផ្សេងៗដែលហាក់ដូចជាសំខាន់នៅពេលនោះតែប៉ុណ្ណោះ»។
អ្នកវិភាគផ្សេងៗទៀតឲ្យដឹងថា ភាពចម្រូងចម្រាស់លើអ៊ីមែលនេះអាចនឹងជាសញ្ញានៃបញ្ហានយោបាយសម្រាប់លោកស្រី Clinton។ លោក Tom DeFrank អ្នកវិភាគនយោបាយជើងចាស់ម្នាក់នៃទិន្នានុប្បវត្តិជាតិ បានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «បញ្ហាជុំវិញសារព័ត៌មាន»របស់ VOA។
លោក Tom ឲ្យដឹងថា៖ «ការនិយាយដែលថាទាំងលោកស្រី Clinton និងស្វាមីរបស់លោកស្រីមានទំនោរទៅលើការលាក់បាំងព័ត៌មានសម្ងាត់អាចជាការនិយាយបន្ថយ។អ្នកទាំងពីរគិតតែពីការលាក់បាំងព័ត៌មាន ហើយវាត្រូវតាមការលើកឡើងដែលថា អ្នកទាំងពីរតែងតែមិនអាកាត់សេចក្តីឲ្យដាច់អំពីបញ្ហាវិបត្តិ និងគ្រោះមហន្តរាយនោះ។ ខ្ញុំគិតថា នេះមិនបង្ហាញការឈ្លាសវៃទេ»។
ការសិក្សាថ្មីមួយ បង្ហាញថា លោកស្រី Clinton គឺជាបេក្ខជនពេញនិយមជាងគេសម្រាប់ការតែងតាំងជាបេក្ខនារីប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ភាពចម្រូងចម្រាស់លើអ៊ីមែលនេះបានធ្វើឲ្យសកម្មជនគណបក្សប្រជាធិបតេយ្យខ្លះព្រួយបារម្ភ ហើយអាចនឹងស្វែងរកសមាជិកបម្រុងម្នាក់ជំនួសលោកស្រី Clinton ។ ក្នុងចំណោមសមាជិកនៃគណបក្សប្រជាធិបតេយ្យដែលមានចំណាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី គឺលោក Joe Biden អនុប្រធានាធិបតី លោក Martin O'Malley អតីតអភិបាលរដ្ឋ Maryland លោក Jim Webb អតីតសមាជិកព្រឹទ្ធសភារដ្ឋ Virginia និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាឯករាជ្យម្នាក់តំណាងឲ្យរដ្ឋ Vermont៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត