ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី ត្រាំ​៖ សម្ព័ន្ធមិត្ត​អាមេរិក-​ជប៉ុន​ជា​មូលដ្ឋាន​សម្រាប់​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា


ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe នៅខាង​ក្រៅ​ការិយាល័យ​ប្រធានាធិបតី​ នៅ​សេតវិមាន កាល​ពីថ្ងៃ​សុក្រ។
ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe នៅខាង​ក្រៅ​ការិយាល័យ​ប្រធានាធិបតី​ នៅ​សេតវិមាន កាល​ពីថ្ងៃ​សុក្រ។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ​ចំណង​មិត្តភាព​រវាង​អាមេរិក​និង​ជប៉ុន​គឺ​ស៊ី​ជម្រៅ​ខ្លាំង​ណាស់​ ហើយ​លោក​បាន​ប្រកាស​ថា​សម្ព័ន្ធ​មិត្ត​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មូលដ្ឋាន​គ្រឹះ​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា។

លោក ​ត្រាំ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​Shinzo Abe ថា៖ «យើង​បេ្តជ្ញា​ថា​នឹង​ការពារ​សន្តិសុខ​ជប៉ុន​និង​តំបន់​ទាំង​អស់​ ក្រោម​រដ្ឋបាល​គ្រប់​គ្រង​របស់​យើង ហើយ​បេ្តជ្ញា​ថា​នឹង​ពង្រឹង​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​យើង​បន្ថែម​ទៀត‍»។

លោក Abe ​ថ្លែង​ថា​ លោក​និង​លោក ​ត្រាំ ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​នៃ​គ្រោង​ការណ៍​ថ្មី​មួយ​ដែល​ពិភាក្សា​អំពី​សេដ្ឋកិច្ច​ ហើយ​កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ក៏​ជា​ប្រធានាបទ​មួយ​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ផង​ដែរ។ ​លោក​ ត្រាំ​ បាន​ថ្លែង​ថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ណា​ក៏​ដោយ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​តែប្រកប​ដោយ​សេរី យុត្តិធម៌ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក‍។

ជប៉ុន​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក ត្រាំ ទៅ​លើ​តំបន់​អាស៊ី នៅ​ពេល​ដែល​លោក​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP ហើយ​លោក​ក៏​ព្រួយ​បារម្ភ​ទៅ​លើ​យុទ្ធសាស្ត្រ​ «American First‍» ឬ «ការ​ដាក់​អាមេរិកាំង​ជា​អាទិភាព‍» របស់​លោក ត្រាំ ផង​ដែរ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ​បាន​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​រយៈ​ពីរ​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលម៉ិញ​នេះ​ ដែល​បាន​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​ទាំង​ពីរ​រូប​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ការ​ពារ​សន្តិសុខ​ដ៏​យូរ​អង្វែង​និង​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

លោក ត្រាំ​ និង​លោក Abe បាន​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​គ្នា​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី ​ឬ ​Oval Office ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ក្រោយ​មាន​សន្និសីទ​សារព័ត៌មាន​នៅ​ពាក់​កណ្តាល​ថ្ងៃ​ត្រង់​រួច​មក។ មេដឹកនាំ​ទាំង​ពីរ​ក្រោយ​មក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Palm Beach ​រដ្ឋ Florida ដើម្បី​ស្នាក់​នៅ​វិមាន ​Mar-a-Lago របស់​លោក ត្រាំ នៅ​ចុង​សប្តាហ៍​នេះ។

វា​នឹង​ក្លាយ​ជា​ពេល​វេលា​ដ៏​យូរ​បំផុត​សម្រាប់​លោក ត្រាំ​ ក្នុង​ការ​ចំណាយ​ពេល​ជាមួយ​នឹង​មេដឹកនាំ​បរទេស​ ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី២០ ខែ​មករា​មក។ វា​នឹង​ក្លាយ​ជា​កិច្ច​ប្រជុំ​លើក​ទី២ ដែល​លោក ត្រាំ បាន​ជួប​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​ខ្លួន​ដោយ​ផ្ទាល់ បន្ទាប់​ពីលោក​បាន​ជួប​ជា​មួយ​នឹង​លោកស្រី​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Theresa May កាលពី​២សប្តាហ៍​មុន។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Sean Spicer បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​ពិត​ជា​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក Abe ហើយ​លោក​មិន​ត្រឹម​តែ​ចង់​ស្គាល់​ពី​លោក Abe ឲ្យ​បាន​ច្រើន​ជាង​មុន​នោះ​ទេ លោក​ថែម​ទាំង​ចង់​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​ទៅ​ទៀត។ លោក​ Trump ស្គាល់​ពី​សារៈ​សំខាន់​នៃ​តំបន់​នោះ‍»៕

XS
SM
MD
LG