រដ្ឋមន្រ្តីការបរទេសអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០ប្រទេស បានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញ នៅថ្ងៃពុធនេះ ដោយភាគីទាំងពីរបានសន្យាបន្តកសាងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយឈរលើមូលដ្ឋានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលការថ្លែងរបស់លោកត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក។
អ្នកនាំពាក្យរូបនោះបានលើកឡើងថាលោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងអាស៊ានបានសន្យាបន្តកសាងដៃគូយុទ្ធសាស្រ្តអាមេរិក-អាស៊ាន «ដោយឈរលើមូលដ្ឋានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន វិបុលភាពសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរឹងមាំ»។
លោកបន្តថារដ្ឋមន្រ្តីការបរទេសអាមេរិកក៏បានសង្កត់ធ្ងន់នូវការប្តេជ្ញារបស់អាមេរិកមកកាន់អាស៊ាន តួនាទីដ៏សំខាន់របស់អាស៊ានសម្រាប់យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងការធ្វើការជាមួយអាស៊ាន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
លោកក៏បានលើកឡើងអំពីការបដិសេធរបស់អាមេរិកប្រឆាំងនឹងការអះអាងរបស់ចិន«ដោយមិនស្របច្បាប់»ទៅលើដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង និងបញ្ជាក់ជាថ្មីថាអាមេរិកនៅជាមួយប្រទេសភាគីជម្លោះដែលជាសមាជិកអាស៊ាន ដើម្បីតទល់នឹងការបង្ខំរបស់ចិន។ នេះបើតាមអ្នកនាំពាក្យ។
ក្រសួងការបរទេសកម្ពុជាដែលជាភាគីសមាជិកអាស៊ានមួយក្នុងចំណោម១០ប្រទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ដោយលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយផងដែរ។ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់«ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរមា» និងស្វែងរកដំណោះស្រាយចំពោះជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គួរបញ្ជាក់ថាកាលពីដើមខែមិថុនា នៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Wendy Sherman បានអះអាងថាអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធាននៃសមាគមអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗ នៅក្នុងតំបន់ ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។
បន្ថែមពីលើនេះទៀតលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងទៀតថារដ្ឋមន្រ្តីការបរទេសអាមេរិកក៏បានសន្យាក្នុងកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិកដដែលថានឹងបន្តការគាំទ្រតំបន់ទន្លេមេគង្គ ក្រោមកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។ លោកបានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅលើការធ្វើរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ និងអំពាវនាវឲ្យអាស៊ានចាត់វិធានការរឹងមាំមួយ ដើម្បីឲ្យមេដឹកនាំយោធាទទួលខុសត្រូវ៕