វ៉ាស៊ីនតោន — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំនៃសមាគមប្រជាជាតិអាគ្នេយ៍ (អាស៊ាន) មកចូលរួមកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្ររវាងអាមេរិក និងអាស៊ាន ដែលធ្វើឡើងជាលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោន និងនៅសេតវិមាន ពីថ្ងៃទី ១២ ដល់ ១៣ ខែឧសភា។
សេតវិមានបានបញ្ជាក់នៅក្នុងឯកសារការពិតមួយ ដែលចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះ «ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ និងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន ក្នុងការធានាសន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្ស»។
សេតវិមានបានបន្ថែមថា៖ «ផ្អែកលើការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះតំបន់ដ៏សំខាន់នេះ សំណើថវិកាសារពើពន្ធឆ្នាំ ២០២៣ របស់រដ្ឋបាល Biden-Harris រួមបញ្ចូលថវិកាជាង ៨០០ លានដុល្លារជាជំនួយទ្វេភាគីសម្រាប់ដៃគូអាស៊ាន និងជាង ២៥ លានដុល្លារ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាស៊ាន និងលើកកម្ពស់សមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់»។
សេចក្តីប្រកាសរបស់សេតវិមានបន្ថែមថា៖ «ថ្ងៃនេះ សហរដ្ឋអាមេរិក និងអាស៊ាននឹងបើកសករាជថ្មីនៃភាពជាដៃគូ ដែលដឹកនាំដោយគោលបំណងបំពេញបន្ថែមនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងស្មារតីនេះ លោកប្រធានាធិបតី Biden ប្រកាសអំពីគំនិតផ្តួចផ្តើមដែលមានទឹកប្រាក់ជាង ១៥០លានដុល្លារ ដែលយើងរំពឹងថា នឹងប្រមូលថវិកាឯកជនរាប់ពាន់លានបន្ថែមទៀត ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ានកាន់តែស៊ីជម្រៅ ពង្រឹងមជ្ឈភាពអាស៊ាន និងពង្រីកសមត្ថភាពរួមរបស់យើង ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង»។
ការវិនិយោគដែលសេតវិមានប្រកាសមានលើលើសកម្មភាពអាកាសធាតុ ប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ការសិក្សាអប់រំ និងភាពជាដៃគូសន្ទនាផ្នែកដឹកជញ្ជូនអាមេរិក-អាស៊ាន។
លើផ្នែកគមនាគមន៍សហរដ្ឋអាមេរិកប្រកាសថា៖ «ក្រសួងគមនាគមន៍នឹងចាប់ផ្តើមកម្មវិធីដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រថ្មី ដែលលើកកម្ពស់សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងធន់ ការតភ្ជាប់ក្នុងតំបន់ និងបច្ចេកវិទ្យាដឹកជញ្ជូនដែលកំពុងរីកចម្រើន»។
នៅលើផ្នែកអប់រំនិងបណ្តុះបណ្តាលសហរដ្ឋអាមេរិកប្រកាសថា នឹងបង្កើតវិទ្យាស្ថានអាមេរិក-អាស៊ាន សម្រាប់អ្នកដឹកនាំឈានឡើងនៅសាលានៃការសិក្សាអន្តរជាតិជាន់ខ្ពស់ប្រចាំនៅសាកលវិទ្យាល័យ Johns Hopkins។ វាជាកម្មវិធីច្នៃប្រឌិតថ្មីដើម្បីនាំយកមន្ត្រីរាជការពិសេសពីរដ្ឋាភិបាលអាស៊ាន មកកាន់សហរដ្ឋអាមេរិកសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ។ តាមរយៈការផ្តល់មូលនិធិឯកជន រួមទាំងពីក្រុមហ៊ុន Boeing, UPS, PhRMA, និង JPMorgan Chase and Co.។
សេតវិមានបានបន្ថែមថា៖ «កម្មវិធីនឹងឧបត្ថម្ភដល់អ្នកជំនាញផ្នែកសេវាសាធារណៈថ្នាក់កណ្តាលអាជីពរហូតដល់ ៣០ នាក់ ក្នុងមួយឆ្នាំ រហូតដល់បីនាក់មកពីប្រទេសនីមួយៗនៃបណ្តាប្រទេសអាស៊ានទាំង ១០ ដើម្បីចូលរួមកម្មវិធី។ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរយៈពេលច្រើនសប្តាហ៍ដែលសមស្រប និងយកចិត្តទុកដាក់ខ្លាំង។ វិទ្យាស្ថាននឹងលើកកម្ពស់ជំនាញសិក្សា ភាពជាអ្នកដឹកនាំ និងការបង្កើតគោលនយោបាយរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ដែលកំពុងលេចធ្លោ ហើយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ាន រវាងរដ្ឋាភិបាល អាជីវកម្ម និងបុគ្គលសម្រាប់ឆ្នាំខាងមុខ»។
ក្រៅពីនេះនៅមានកម្មវិធីអាហារូបករណ៍ជាច្រើនទៀតដែលមានដូចជាអាហារូបករណ៍ Billion Futures, Fulbright, និង YSEALI ជាដើម។
រីឯវិទ្យាស្ថានក្រុមប្រឹក្សាធុរកិច្ចអាស៊ានរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមមូលនិធិអាហារូបករណ៍មីយ៉ាន់ម៉ា ដើម្បីគាំទ្រដល់និស្សិតនៅសហរដ្ឋអាមេរិក ដែលការសិក្សានៅថ្នាក់ឧត្តមសិក្សាត្រូវបាន រំខានដោយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លើផ្នែកការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ សហរដ្ឋអាមេរិកបានប្តេជ្ញាគាំទ្រការអនុវត្តទស្សនៈវិស័យអាស៊ានលើសសរសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយចំនួន ៦០ លានដុល្លារអាមេរិក នៅក្នុងការផ្តួចផ្តើមដែនសមុទ្រក្នុងតំបន់ថ្មី ដែលភាគច្រើននឹងត្រូវដឹកនាំដោយឆ្មាំឆ្នេរសមុទ្រអាមេរិក (USCG)។
សេតវិមានបន្ថែមថា៖ «ឆ្មាំឆ្នេរសមុទ្រអាមេរិក នឹងដាក់ពង្រាយនាវា និងចាត់តាំងបុគ្គលិកបន្ថែមទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីជួយបំពេញតាមសំណើរបស់ដៃគូសម្រាប់ការហ្វឹកហ្វឺនដែនសមុទ្រ និងការកសាងសមត្ថភាព ដើម្បីរួមបញ្ចូលអនុព័ន្ធឆ្មាំឆ្នេរសមុទ្រអាមេរិក នៅស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន»។
ក្រសួងការបរទេស ក្រសួងការងារ និងឆ្មាំឆ្នេរសមុទ្រអាមេរិក នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីដើម្បីជួយបណ្តាប្រទេសអាស៊ាន ប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរាយការណ៍ និងគ្មានច្បាប់ ព្រមទាំងពង្រឹងសមត្ថភាពរបស់ស្ថាប័នតាមវិស័យអាស៊ាន ក្នុងការទប់ស្កាត់ពលកម្មដោយបង្ខំនៅក្នុង ឧស្សាហកម្មនេសាទ។
ឆ្មាំឆ្នេរសមុទ្រអាមេរិក នឹងដាក់ពង្រាយនាវាល្បាតសមុទ្រមួយគ្រឿងទៅកាន់អាស៊ីអាគ្នេយ៍ និងអូសេអានី សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងដើម្បីធ្វើប្រតិបត្តិការជាវេទិកាបណ្តុះបណ្តាល។ នាវានេះនឹងដាក់ពង្រាយទូទាំងតំបន់ដែលផ្តល់ឱកាសនាវិកពហុជាតិ ធ្វើបេសកកម្មបណ្តុះបណ្តាល និងចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។
ក្នុងនាមជានាវាល្បាតសមុទ្ររបស់ឆ្មាំឆ្នេរសមុទ្រអាមេរិក នឹងផ្តល់សេវាកម្មជាអាទិភាពដល់ការផ្ទេរកប៉ាល់ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីបង្កើនសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្ររបស់ប្រទេសនៅតាមឆ្នេរសមុទ្រ និងលើកកម្ពស់គោលនយោបាយប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ក្រៅពីនេះក៏សហរដ្ឋអាមេរិកក៏នឹងជួយដល់កម្មវិធីលើកកម្ពស់សុខភាពសកល និងសុវត្ថិភាពសុខភាពដោយផ្តោតលើជំងឺកូវីដ ជំងឺអេដស៍និងបង្កាជំងឺឆ្លងក្នុងពេលអនាគត៕