កងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពហ្វីលីពីន ដែលគាំទ្រដោយយន្តហោះឈ្លបយកការណ៍របស់កងទ័ពជើងអាកាសអូស្ត្រាលី បានបាញ់រ៉ុក្កែតជាច្រើនដែលមានសមត្ថភាពខ្ពស់អាចត្រូវគោលដៅ បាញ់គ្រាប់ផ្លោង និងធ្វើប្រតិបត្តិការវាយប្រហារតាមអាកាសនៅថ្ងៃពុធនេះ និងបានហាត់សមធ្វើជាបាញ់ពន្លិចនាវារបស់សត្រូវនៅក្នុងផ្នែកមួយនៃសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងនិងជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ការធ្វើសមយុទ្ធនេះបានធ្វើឱ្យរដ្ឋាភិបាលចិនខឹងសម្បា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ត្រីយោធានិងមន្ត្រីការទូតមកពីប្រទេសជាច្រើនបានមើលការបង្ហាញសមត្ថភាពរបស់កងកម្លាំងទាំងនេះពីកំពូលជំរាលភ្នំមួយនៅតាមបណ្ដោយមាត់សមុទ្រក្នុងក្រុង Laoag (ឡូវ៉ាក)នៃខេត្ត Ilocos Norte ដែលជាខេត្តកំណើតរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅភាគខាងជើងប្រទេស។
ទាហានជាង ១៦.០០០ នាក់របស់សហរដ្ឋអាមេរិកនិងហ្វីលីពីន រួមជាមួយនឹងទាហានអូស្ត្រាលីពីរបីរយនាក់និងអ្នកតាមដានកិច្ចការយោធាមកពីប្រទេសចំនួន ១៤ បានចូលរួមនៅក្នុងសមយុទ្ធត្រៀមប្រយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដែលមានន័យថា «ស្មាប្រកៀកស្មា» នេះ។
សមយុទ្ធនេះ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២២ ខែមេសាហើយនឹងបញ្ចប់ទៅនៅថ្ងៃសុក្រខាងមុខ រួមមាននូវសេនារីយ៉ូនៃការឈ្លានពានរបស់បរទេសលើប្រទេសហ្វីលីពីនផងដែរ។
សមយុទ្ធនេះគឺជាសញ្ញាថ្មីចុងក្រោយបង្អស់ដែលបង្ហាញឱ្យឃើញអំពីវិធីដែលសហរដ្ឋអាមេរិកនិងហ្វីលីពីនបានពង្រឹងសម្ព័ន្ធភាពសន្ធិសញ្ញាការពារដែលបានចាប់ផ្ដើមកាលពីទសវត្សរ៍១៩៥០ នៅចំពេលដែលប្រទេសទាំងពីរមានក្ដីបារម្ភក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះអំពីសកម្មភាពគឃ្លើនកើនឡើងរបស់ចិននៅក្នុងទឹកដីដែលមានជម្លោះនៅទ្វីបអាស៊ី៕
កងកម្លាំងអាមេរិកនិងហ្វីលីពីនបាញ់ពន្លិចនាវាក្លែងក្លាយក្នុងពេលហាត់សមយុទ្ធនៅសមុទ្រចិនខាងត្បូង
![កងទ័ពហ្វីលីពីននិងអាមេរិកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំកាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៤។(Photo by Ted ALJIBE / AFP)](https://gdb.voanews.com/dfe626a1-e6de-40f2-a57e-716b971bfda1_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ