ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​ឯកភាព​គ្នា​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េ​ខាង​ជើង


លោក Kim Jong Un មេដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​បក់​ដៃ​ទៅ​អ្នក​ចូលរួម​ការ​ដើរ​ក្បួន​មួយ​នៅ​ទីលាន Kim Il Sung ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។
លោក Kim Jong Un មេដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​បក់​ដៃ​ទៅ​អ្នក​ចូលរួម​ការ​ដើរ​ក្បួន​មួយ​នៅ​ទីលាន Kim Il Sung ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

មន្ត្រី​ការទូត​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថ្មី​ទៀត ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ប្រឆាំង​នឹង​កម្មវិធី​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។

មន្ត្រី​ការទូត​រូប​នោះ​បញ្ជាក់​ថា សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ថ្មី​មួយ​អាច​នឹង​ធ្វើ​រួចរាល់​ដើម្បី​ដាក់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ដើម​សប្ដាហ៍​ក្រោយ និង​បាន​ស្នើ​ថា ប្រទេស​ចិន​អាច​បញ្ចុះបញ្ចូល​ប្រទេស​រុស្ស៊ី​កុំ​ឲ្យ​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ។

ចាប់តាំង​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៥ ដែល​ជា​ការ​សាកល្បង​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា កន្លង​មក​នេះ សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ធ្វើ​ការ​ចរចា​អំពី​វិធានការ​តឹងតែង​នានា ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ប្រឆាំង​នឹង​ការ​បន្ត​គម្រោង​ផលិត​គ្រាប់​បរមាណូ​នុយក្លេអ៊ែរ​ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​គឃ្លើន​របស់​ប្រទេស​នេះ។

លោក Stephen Noerper ដែល​ជា​ប្រធាន​គោល​នយោបាយ​ជាន់​ខ្ពស់​របស់​អង្គការ Korea Society បាន​ប្រាប់ VOA ថា ដំណើរ​វិវត្តន៍​ថ្មី​នេះ​គឺ​មាន​សារៈសំខាន់​ចង់​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ខិត​រក​គ្នា​កាន់​តែ​ជិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង។

សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​លើក​នេះ នឹង​ក្លាយ​ជា​បណ្ដុំ​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើក​ទី ៦ ដែល​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ចាប់​តាំង​ពី​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ដំបូង​មក​នៅ​ក្នុង​ឆ្នាំ ២០១៦។

លោក Stephen Noerper ថា ការ​ដាក់​ទណ្ឌកម្ម​លើក​នេះ​គឺ​សំខាន់ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ដាក់​ទណ្ឌកម្ម​លើក​នេះ​អាស្រ័យ​លើ​ប្រទេស​ចិន៕

XS
SM
MD
LG