បន្ទាប់ពីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បានព្យាយាមធ្វើការបញ្ជាក់ឡើងប្រាប់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីភាគឦសាន្តពីការធ្វើទៅតាមពីការផ្លាស់ប្តូរគោលនយោបាយដ៏ធំដែលលោកបានស្នើឡើងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។
លោក Shinzo Abe នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកដោយបានបញ្ជាក់ពីតម្រូវការធ្វើឲ្យមានកិច្ចសហប្រតិបត្តិ ការកាន់តែជិតស្និទ្ធឡើងថែមទៀតរវាងប្រទេសទាំង២ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅទ្វីបអាស៊ី នេះយោងតាមមន្រ្តីម្នាក់នៅក្នុងក្រុងតូក្យូ។ លោកAbe នាយករដ្ឋមន្រ្តីជប៉ុន ក៏មានគម្រោងជួបជាមួយលោក Donald Trump នៅក្នុងខែវិច្ឆិកានេះមុនពេលធ្វើដំណើរទៅកាន់សន្និសីទកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងប្រទេសប៉េរូ។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ ឲ្យដឹងថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយលោកស្រីប្រធានាធិបតី Park Geun-hye នៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយថា «យើងស្ថិតនៅជាមួយអ្នកគ្រប់ពេលវេលា ទាំងអស់ហើយយើងមិនបោះបង់គ្នាចោលទេ»។
ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះ បានបដិសធពុំព្រមនិយាយថាតើលោកនឹងគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះគោលនយោបាយកំញើញរបស់សហរដ្ឋអាមេរិកដើម្បីការពារសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីដើម្បីទប់ទល់នឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ តែផ្ទុយទៅវិញ លោកបានធ្វើការរិះគន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនចំពោះការបង់ប្រាក់ឲ្យបានល្មមគ្រប់គ្រាន់សម្រាប់កងទ័ពសហរដ្ឋអាមេរិកដែលបានបោះទីតាំងនៅក្នុងប្រទេសទាំង២នេះ។ លោក Trumpបានគំរាមកំហែងដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសទាំងនោះ៕