ស្ថានទូតសហរដ្ឋអាមេរិកនិងអូស្រ្តាលីប្រចាំនៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើការកាត់ទោសសកម្មជនបរិស្ថានវ័យក្មេង ដោយអាមេរិកអំពាវនាវឲ្យដោះលែងពួកគេ ខណៈអូស្រ្តាលីជំរុញឲ្យធានាសិទ្ធិមនុស្សជាមូលដ្ឋាន។
កាលពីថ្ងៃពុធ ចៅក្រមជំនុំជម្រះនៃតុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមនុស្ស ៥ នាក់ ដែលក្នុងនោះមានសកម្មជនបរិស្ថាន ៤ នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពី ១៨ ខែដល់ ២០ ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេក្នុងការការពារបរិស្ថានកាលពីកន្លងមក។
ក្នុងចំណោមមនុស្ស ៥ នាក់នោះ មានសកម្មជនបរិស្ថាន ៣ នាក់ ដែលកំពុងជាប់ឃុំ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។ ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។
ចំណែកមនុស្ស ២ នាក់ទៀតដែលមិនជាប់ឃុំនោះទេ រួមមានលោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ ២០១៥ និងកញ្ញា ជា គន្ធីន វ័យ ១៨ ឆ្នាំ ជាយុវតីម្នាក់នៃក្រុមយុវជនខ្មែរថាវរៈ។មនុស្សទាំង ៥ នាក់នោះត្រូវបានចោទប្រកាន់ពី «បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលនេះជាបទចោទប្រកាន់មួយដែលអង្គការសង្គមស៊ីវិលលើកឡើងថា ត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
ក្រោយការកាត់ទោសពួកគេ ស្ថានទូតអាមេរិកបានអំពាវនាវឲ្យដោះលែងពួកគេ ដើម្បីឲ្យគ្រប់គ្នាអាចស្តាប់ឮសាររបស់ពួកគេក្នុងការការពារធនធានធម្មជាតិ។
ស្ថានទូតបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធថា៖ «យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការកាត់ទោសដាក់ពន្ធនាគារលើសកម្មជននៃអង្គការមាតាធម្មជាតិនៅកម្ពុជា ដែលបានធ្វើសកម្មភាពប្រកបដោយសន្តិវិធី។ ការនិយាយដើម្បីការពារបរិស្ថានរបស់ប្រទេសកម្ពុជា ដែលរងការគំរាមកំហែងដោយការកាប់និងការធ្វើអាជីវកម្មឈើខុសច្បាប់ គឺជារឿងគួរឲ្យកោតសរសើរ»។
ចំណែកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានបង្ហោះសារលើប្រព័ន្ធTwitter របស់លោកថា លោកបានជួបជាមួយក្រុមគ្រួសាររបស់អ្នកជាប់ឃុំនោះ កាលពីចុងឆ្នាំមុន។ ប៉ុន្តែឥឡូវពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
លោកមានប្រសាសន៍ថា កាលពីថ្ងៃពុធថា៖ «ការហ៊ាននិយាយអំពីប្រធានបទរសើបទាំងនេះ ដោយអហិង្សាគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនញុះញង់នោះទេ»។
VOA មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការលើកឡើងរបស់ស្ថានទូតទាំងពីរនេះជាទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ដែលលោកថា អាស្រ័យលើ«និន្នាការនយោបាយ»។
លោកបញ្ជាក់ថា៖ «តែទោះជាយ៉ាងណា ការបញ្ចេញទស្សនៈសារនយោបាយទាំងឡាយនេះ មិនមានឥទ្ធិពលលើការសម្រេចរបស់តុលាការនោះទេ ដែលជាស្ថាប័នឯករាជ្យ»៕