ចៅក្រមជំនុំជម្រះនៃតុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមនុស្ស ៥ នាក់ ដែលក្នុងនោះមានសកម្មជនបរិស្ថាន ៤ នាក់ឲ្យជាប់ពន្ធនាគារយ៉ាងតិច ១៨ ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេក្នុងការការពារបរិស្ថានកាលពីកន្លងមក។
ក្នុងចំណោមមនុស្ស ៥ នាក់ដែលត្រូវបានផ្តន្ទាទោសនោះ មានសកម្មជនបរិស្ថាន ៣ នាក់ដែលកំពុងជាប់ឃុំ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។
ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។
ពួកគេត្រូវបានចោទប្រកាន់ពី «បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលនេះជាបទចោទប្រកាន់មួយ ដែលអង្គការសង្គមស៊ីវិលលើកឡើងថា ត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
ចំណែកមនុស្ស ២ នាក់ទៀត ដែលមិនជាប់ឃុំនោះទេ រួមមានលោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិ ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ ២០១៥ និងកញ្ញា ជា គន្ធីន វ័យ ១៨ ឆ្នាំ ជាយុវតីម្នាក់នៃក្រុមយុវជនខ្មែរថាវរៈ។
បើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូដែលបានតាមដានការកាត់ទោសនេះ ចៅក្រមជំនុំជម្រះ លោក លិ សុខា នៅព្រឹកថ្ងៃពុធ បានសម្រេចផ្តន្ទាទោសសកម្មជន កញ្ញា ឡុង គន្ធា អាយុ ២២ ឆ្នាំ និងកញ្ញា ភួន កែវរស្មី អាយុ ១ ៩ឆ្នាំ ឲ្យជាប់ពន្ធនាគារ ១៨ ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀល។
ចំណែកសកម្មជនទី៣គឺលោក ថុន រដ្ឋា អាយុ ២៩ ឆ្នាំ ដែលបានបដិសេធក្នុងពេលសវនាការថាលោកមិនបានធ្វើសកម្មភាពញុះញង់ដូចការចោទប្រកាន់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀលក្រោមបទចោទដូចគ្នា។ ចំណែកសកម្មជន ២ នាក់ផ្សេងទៀតត្រូវបានកាត់ទោសដោយកំបាំងមុខក្រោមបទចោទដូចគ្នា ដោយតុលាការបានចេញដីកាចាប់ខ្លួនពួកគេ។
លោក អាឡិច សញ្ជាតិអេស្ប៉ាញនិងជាស្ថាបនិកនៃចលនាមាតាធម្មជាតិ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ ខែ ខណៈកញ្ញា ជា គន្ធីន ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ ខែ។ អ្នកទាំងពីរត្រូវបានពិន័យជាប្រាក់ម្នាក់ៗចំនួន ៤ លានរៀលដូចគ្នា។ នេះបើតាមអង្គការលីកាដូ។
បើតាមអង្គការលីកាដូសកម្មជនទាំងនោះគ្រោងរៀបចំការដើរក្បួនពីវត្តភ្នំឆ្ពោះទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញពីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងការចាក់លុបយ៉ាងឆាប់រហ័សនៃបឹងតាមោក ដែលជាបឹងធំជាងគេមួយនៅសេសសល់ក្នុងរាជធានីភ្នំពេញ ។
អង្គការលីកាដូបញ្ជាក់ថា ផ្នែកជាច្រើននៃបឹងនេះត្រូវបានកាត់ចេញនិងផ្ដល់ទៅឲ្យស្ថាប័នរដ្ឋនិងបុគ្គល ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាច នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អង្គការលីកាដូបញ្ជាក់ថា ការជំនុំជម្រះក្ដីនៃសកម្មជនទាំងនេះកាលពីកន្លងមក មានការសួរដេញដោលជាច្រើនទាក់ទិននឹងគណនីហ្វេសប៊ុកមាតាធម្មជាតិ ដែលជាអ្នកផ្ដល់ជំនួយដល់អ្នកការពារបរិស្ថានទាំងនេះ និងព័ត៌មានទាំងឡាយដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការលីកាដូបញ្ជាក់ថា៖ «ក្រុមសង្គមស៊ីវិលបានអំពាវនាវឲ្យដោះលែងសកម្មជនទាំងនេះឲ្យបានឆាប់ ខណៈដែលគ្រួសាររបស់ពួកគេបានកត់សម្គាល់ថា ស្ថានភាពចង្អៀតនៅក្នុងពន្ធនាគារ គឺប៉ះពាល់សុខភាពនិងសុវត្ថិភាពរបស់អ្នកការពារបរិស្ថានវ័យក្មេងទាំងនេះខ្លាំងណាស់»។
នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការផ្តន្ទាទោសនេះ «ធ្ងន់ធ្ងន់» និង «អយុត្តិធម៌» សម្រាប់ពួកគេ។ លោកបញ្ជាក់ថា ការសាកសួរអំពីវីដេអូរបស់សកម្មជនទាំងនោះ គឺជាសកម្មភាពចូលរួមរបស់ពួកគេក្នុងការការពារបរិស្ថានតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងមើលទៅក្នុងដំណាក់កាលនៃការជជែកដេញដោលនៅក្នុងអង្គសវនាការ វាហាក់ដូចជាមិនមានភស្តុតាងណាមួយ ដែលអាចនឹងបញ្ជាក់ថា អ្នកទាំងអស់ហ្នឹងប្រព្រឹត្តដូចការចោទប្រកាន់ហ្នឹង»។
លោកបន្ថែមថា៖ «យើងមើលទៅសាលក្រមនេះវាជាសារមួយព្រមាន ឬក៏ជាការបំភិតបំភ័យគំរាមកំហែងដល់អ្នកដែលធ្វើការការពារធនធានធម្មជាតិ»។
លោក ភួន ពុទ្ធារិទ្ធ អាយុ ២៩ ឆ្នាំ ជាបងប្រុសរបស់សកម្មជនម្នាក់ឈ្មោះ ភួន កែវរស្មី បានចាត់ទុកការកាត់ទោសនេះ អយុត្តិធម៌សម្រាប់ប្អូនស្រីនិងសកម្មជនផ្សេងទៀត ដោយលើកឡើងថា តុលាការមិនឯករាជ្យនោះទេ។ លោកបន្ថែមថា សកម្មភាពរបស់ប្អូនស្រីនិងសកម្មជនផ្សេងទៀត គឺមានបំណងការពារបរិស្ថានក្នុងប្រទេសកម្ពុជា។
លោកប្រាប់ VOA នៅថ្ងៃពុធថា៖ «អាហ្នឹងគ្រាន់តែជាឆាកល្ខោនគេចោទអញ្ចឹងទៅហ្នឹង។ ដូចអ្វីដែលបានកើតឡើងនៅក្នុងតុលាការ។ ប្អូនស្រីខ្ញុំ ក៏ដូចជាអ្នកទាំង ២ ផ្សេងទៀតហ្នឹង បាននិយាយហើយថា សកម្មភាពទាំងអស់ហ្នឹង គឺគាត់លះបង់ដើម្បីតែបរិស្ថាននៅក្នុងប្រទេសខ្មែរទេ លះបង់ដើម្បីប្រជាជាតិខ្មែរទាំងអស់គ្នាទេ»។
VOA មិនអាចសុំការឆ្លើយតបពីចៅក្រមជំនុំជម្រះ លោក លិ សុខា និងអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេនៅថ្ងៃពុធនេះ។
លោក អាឡិច ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិ ប្រាប់ VOA នៅថ្ងៃពុធនេះថា នេះជាការកាត់ក្តី ដោយអយុត្តិធម៌លើសកម្មជនបរិស្ថានស្លូតត្រង់ ដើម្បីបំបិទសំឡេងរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «គោលដៅ គឺដើម្បីបំបែកស្មារតីរបស់ក្រុមមនុស្សដែលមានឆន្ទៈក្នុងការនិយាយការពិត និងការពារផលប្រយោជន៍រួម។ ការកាត់ទោសនេះធ្វើឲ្យមនុស្សលែងសកម្ម និងរក្សាភាពស្ងៀមស្ងាត់ ដែលវាពិតជាអំណោយផលដល់របបផ្តាច់ការរបស់លោក ហ៊ុន សែន»។
កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានកំណត់ឲ្យដោះលែងពីពន្ធនាគារវិញនៅខែមីនាឆ្នាំ ២០២២ ខណៈលោក ថុន រដ្ឋានឹងត្រូវដោះលែងវិញក្នុងខែឧសភា ឆ្នាំ ២០២២។ នេះបើតាមអង្គការលីកាដូ៕