ភ្លាមៗបន្ទាប់ពីលោក William E. Todd ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ប្រកាសពីគម្រោងបង្កើតនូវក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមក្នុងឆ្នាំ២០១២មក វត្តមានរបស់ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិកបានលេចរូបរាងឡើង ដោយមានយុវជនចំនួន១៥រូបត្រូវបានជ្រើសជាសមាជិក។ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលហៅកាត់ថា AYC (The US Ambassador’s Youth Council) នេះ បានបង្កើតឡើងជាង២ឆ្នាំហើយ បើគិតមកត្រឹមចុងឆ្នាំ២០១៤នេះ។
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាជាក្រុមឈានមុខក្នុងចំណោមប្រទេសនេះមានក្រុមប្រឹក្សាដូចគ្នានេះនៅក្នុងប្រទេសជាង៨០។
AYCកម្ពុជា គឺជាក្រុមយុវជនមួយក្នុងចំណោមក្រុមប្រឹក្សាយុវជនរបស់ស្ថានទូតអាមេរិកប្រមាណជា៨០ទៀតជុំវិញពិភពលោក ដែលធ្វើការផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត ដើម្បីយុវជន និងការអភិវឌ្ឍសង្គម។ AYCកម្ពុជាត្រូវវាយតម្លៃថា ជាក្រុមកំពូលមួយក្នុងចំណោមក្រុមប្រឹក្សាយុវជនសកម្ម ទាំង៥ផងដែរ។
លោកលៀវ គឹមឡាយស្ថិតក្នុងវ័យ២៤ឆ្នាំ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះ។
ជានិស្សិតឆ្នាំទី៤ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកម្ពុជា លោកគឹមឡាយ បានធ្វើការស្ម័គ្រចិត្តនៅក្នុងក្រុមប្រឹក្សានេះអស់រយៈពេលប្រមាណជាមួយឆ្នាំ ៣ខែមកហើយ។
រូបលោកផ្ទាល់ ជាអ្នកដែលឲ្យតម្លៃខ្ពស់ចំពោះការងារស្ម័គ្រចិត្ត និងសកម្មភាពសង្គម ដោយចង់ឃើញនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម។
លោកបញ្ជាក់ថា៖ «ការចូលរួមជាសមាជិក AYC នេះជាឱកាសដែលអាចធ្វើឲ្យខ្ញុំចូលរួមសកម្មភាពសង្គមកាន់តែស៊ីជម្រៅជាងដែលខ្ញុំធ្វើកន្លងមក ហើយដោយមើលឃើញថា ក្រុមសមាជិកយុវជនមានសកម្មភាពច្រើន ហើយសកម្មភាពទាំងនោះជាអ្វីដែលខ្ញុំចង់ចូលរួមចែករំលែកឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាយើង»។
ក្រុមប្រឹក្សាយុវជន AYC នេះទទួលបានការគាំទ្រខាងផ្នែកហិរញ្ញវត្ថុទាំងស្រុងពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ពោលគឺស្ថានទូតអាមេរិកដើរតួនាទីដូចជាអាណាព្យាបាលរបស់ AYC មានន័យថា រាល់ការសម្រេចចិត្តរបស់ AYC ត្រូវមានការពិភាក្សាជាមួយស្ថានទូតអាមេរិក។
លោកលៀវ គឹមឡាយ ប្រធានក្រុមប្រឹក្សាយុវជននេះរៀបរាប់បន្តពីគោលបំណងសំខាន់របស់ក្រុមយុវជនខ្លួន៖ «ទី១ដើម្បីបង្កើតឲ្យមានការសហការគ្នា ឲ្យកាន់តែមានប្រសិទ្ធិភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា ទី២គឺដើម្បីបង្កើតឡើងឲ្យមានយុវជនជាអ្នកដឹកនាំទូទាំងប្រទេសកម្ពុជា ទី៣គឺដើម្បីផ្សារភ្ជាប់យុវជនខ្មែរទាំងអស់ជាមួយនឹងបញ្ហាសង្គម តាមរយៈសកម្មភាពស្ម័គ្រចិត្ត ទី៤គឺផ្តល់ជាមតិចំពោះប្រសិទ្ធភាពគោលនយោបាយរបស់អាមេរិកមកលើកម្ពុជា។ ជារៀងរាល់ខែ តែងតែមានការប្រជុំរវាងយុវជន AYC និងអគ្គរដ្ឋទូត។ លោកផ្តោតសំខាន់លើយុវជន»។
ប្រធានបទធំៗ៣សំខាន់ ដែលក្រុមប្រឹក្សាយុវជន AYC បាននិងកំពុងធ្វើការគឺបញ្ហាបរិស្ថាន ការអប់រំ និងការងារ។ មកទល់ពេលនេះ ក្រុមប្រឹក្សាយុវជន AYC បានអនុវត្តគម្រោងផ្ទាល់ខ្លួនបានចំនួន១៧ហើយ ព្រមទាំងនៅមានគម្រោងចំនួន១៥ទៀត ដែលបានអនុវត្តសហការជាដៃគូជាមួយអង្គការយុវជន និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត ដូចជា Winrock សម្ព័ន្ធសត្វព្រៃ United Nations Volunteers (UNV) និង Khmer Youth Association (KYA)ជាដើម។
គម្រោងទាំងនោះរួមមាន៖ គម្រោងផ្តល់កម្មសិក្សាដល់និស្សិតឲ្យទទួលបានបទពិសោធន៍ការងារ និងស្វែងយល់ពីបរិបទការងារ គម្រោង Wild Life Our Life ជាការរៀបចំសិក្ខាសាលាដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការជួញដូរខុសច្បាប់។ មួយវិញទៀត បច្ចុប្បន្ននេះ AYC កំពុងរៀបចំគម្រោងមួយសប្តាហ៍ឆ្ពោះទៅភាពជាសហគ្រិននៅខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីបណ្តុះបណ្តាលយុវជនឲ្យយល់ពីសហគ្រិនភាព និងគម្រោងនៃការប្រគុំតន្ត្រីដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការការពារសត្វព្រៃនៅដើមឆ្នាំ២០១៥នេះផងដែរ។
កញ្ញា ជិន សុភ័ក្រ្តា វ័យ២២ឆ្នាំ ជាមន្ត្រីគម្រោង និងជាសមាជិកស្ម័គ្រចិត្តនៅក្រុមប្រឹក្សាយុវជន AYC នេះ។ សុភ័ក្រ្តា ដែលបានធ្វើការស្ម័គ្រនៅ AYC អស់រយៈពេល២ឆ្នាំមកហើយនេះ គូសបញ្ជាក់បន្ថែមចំពោះសកម្មភាពក្រុមយុវជននេះ។
សុភ័ក្រ្តានិយាយថា៖ «គម្រោងនេះពួកខ្ញុំបានរៀបចំជាដំណាក់កាលៗ។ ដំណាក់កាលទីមួយហ្នឹងគឺពួកខ្ញុំបានរៀបចំសិក្ខាសាលាដើម្បី Raise Awareness [បង្កើនការយល់ដឹង] ដល់យុវជនទាក់ទងទៅនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបន្ទាប់មកយើងរើសយកយុវជនស្ម័គ្រចិត្តសកម្មមួយក្រុមដើម្បីសិក្សាបន្ថែមពីប្រភេទសត្វព្រៃ សិក្សាពីច្បាប់នៃការការពារព្រៃឈើ និងសត្វព្រៃ ទៅសិក្សាពីអ្នកជំនាញនៅភ្នំតាម៉ៅ និងដាំកូនឈើ បន្ទាប់មកយើងរៀបចំដំណើរកម្សាន្តមួយទៀតនៅព្រៃឡង់ក្នុងខេត្តកំពង់ធំដើម្បីស្វែងយល់ពីជីវភាពរបស់ប្រជាជននៅទីហ្នឹង ស្វែងយល់ពីក្រុមសកម្មជនបរិស្ថាន ដែលពួកគាត់ធ្វើការការពារការកាប់ព្រៃឈើខុសច្បាប់នៅតំបន់ព្រៃឡង់»។
ដោយសារតែកញ្ញាត្រូវធ្វើការងារ៣ក្នុងពេលតែមួយ ក្នុងនោះរួមមានការសិក្សានៅវិទ្យាស្ថានភាសាបរទេស ធ្វើការងារក្រៅម៉ោង ព្រមទាំងធ្វើការងារស្ម័គ្រចិត្តឲ្យ AYC ផងនោះ សុភក្ត្រាលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនថា៖ «ទីមួយគឺការបែងចែកពេលវេលា ទី២គឺការធ្វើការជាក្រុម។ ដើម្បីឲ្យលទ្ធផលនៃការសិក្សា ក៏ដូចជាការធ្វើការ ក៏ដូចជាការស្ម័គ្រចិត្ត ឬគម្រោងទាំងនេះ ឲ្យបានជោគជ័យ ខ្ញុំត្រូវធ្វើការងារតាមកាលវិភាគដែលបានចាត់ចែងយ៉ាងច្បាស់លាស់។ ការលំបាកមួយទៀតគឺការធ្វើការជាក្រុម។ Background [ប្រវត្តិបទពិសោធន៍] ផ្សេងៗគ្នា អត្តចរិកខុសៗគ្នា ពេលធ្វើការជាក្រុមដោយមិនបានស្វែងយល់ពីគ្នាគឺមានការពិបាកមែនទែន។ តែក្នុងរយៈពេល២ឆ្នាំហ្នឹងគឺពួកយើងព្យាយាមស្វែងយល់ពីគ្នា ស្តាប់ការផ្លាស់ប្តូរយោបល់ពីគ្នាដើម្បីអភិវឌ្ឍ AYC ឲ្យកាន់តែប្រសើរ គឺយើងត្រូវការ Team Spirit [ស្មារតីជាក្រុម]។ គម្រោងនីមួយៗយើងមិនអាចធ្វើការតែឯងបានទេគឺត្រូវការជួយពីសមាជិកក្រុមផ្សេងៗទៀត»។
ចំពោះបញ្ហាផ្សេងៗទៀតដែលយុវជន AYC ប្រឈមក្នុងពេលអនុវត្តគម្រោងគឺមានដូចជា៖ ការដោះស្រាយបញ្ហាមួយចំនួនក្នុងការសហការគ្នាជាមួយមន្ត្រីថ្នាក់មូលដ្ឋាន ដោយទាមទារឲ្យមានលិខិតស្នាមតាមផ្លូវច្បាប់ ច្បាស់លាស់ដែលមានការអនុញ្ញាតពីរដ្ឋមន្ត្រីជាដើម។ AYC មិនមានបញ្ហាខាងកញ្ចប់ថវិកាដើម្បីអនុវត្តគម្រោងឡើយ ដោយហេតុថា AYC ទទួលបានការឧបត្ថម្ភពីស្ថានទូតអាមេរិកយ៉ាងពេញលេញ។
គួរគូសបញ្ជាក់ផងដែរថា ពីដំបូងឡើយ ក្រុមប្រឹក្សាយុវជន AYC មានសមាជិកតែ១៥រូបតែប៉ុណ្ណោះ។ មួយឆ្នាំបន្ទាប់មកគឺនៅឆ្នាំ២០១៣ ទើប AYC មានសមាជិក១០រូបទៀត ដែលត្រូវបានជ្រើសរើសបន្ថែម។
បច្ចុប្បន្ននេះ សមាជិកសរុបរបស់ AYC មានចំនួន២៥រូប។
អណត្តិរបស់សមាជិករបស់ AYC គឺមានរយៈពេល២ឆ្នាំ មានន័យថា រៀងរាល់២ឆ្នាំម្តង AYC នឹងធ្វើការជ្រើសរើសសមាជិកថ្មីដើម្បីចូលធ្វើសកម្មភាពស្ម័គ្រចិត្តជំនួសសមាជិកចាស់ដែលផុតអាណត្តិ។
លោកគឹមឡាយអះអាងពីភាពលេចធ្លោរបស់ AYCថា៖ «ទីមួយ ដោយសារសកម្មភាពច្រើន មិនត្រឹមតែក្នុងប្រទេសទេ សូម្បីតែប្រៀបធៀបទៅនឹងក្រុមប្រឹក្សាទូទាំងពិភពលោក ដែលមានជាង៨០ប្រទេស ក៏ AYC [កម្ពុជា] ស្ថិតក្នុង AYC សកម្មជាងគេទាំង៥ដែរ។ ហើយបើនិយាយពីសមាជិក AYC កម្ពុជាទាំង២៥រូបវិញ គឺមានការសហការគ្នាល្អមែនទែន ហើយសកម្មភាពទាំងនេះមាន Impacts [លទ្ធផល]ទៀត មានImpacts [លទ្ធផល] ទៅលើការយល់ដឹងរបស់យុវជនទាក់ទងនឹងបញ្ហាការអប់រំ»។
កញ្ញាកូវ ច័ន្ទនិច វ័យ២០ឆ្នាំ ជាយុវជនស្ម័គ្រចិត្តមួយរូបក្នុងគម្រោងWildlife របស់ AYC។ ច័ន្ទនិចយល់ថា ដោយសារតែ AYC ជាផ្នែកមួយរបស់ស្ថានទូតអាមេរិក ហេតុនេះសកម្មភាពរបស់ AYC នឹងមានឥទ្ធិពលវិជ្ជមានខ្លាំងទៅលើសង្គម។ មួយវិញទៀត ច័ន្ទនិចគិតថា ការធ្វើការស្ម័គ្រចិត្តក្នុង AYC អាចជួយបង្កើនសមត្ថភាព និងការទទួលខុសត្រូវរបស់កញ្ញាផ្ទាល់ផងដែរ។
ច័ន្ទនិចលើកឡើងថា៖ «កាលមុនធ្លាប់ Volunteer ឲ្យគេដែរ តែដូចខ្លួនឯងនៅក្មេងនៅឡើយ ធ្វើអីតាមតែគេប្រាប់។ តែដល់ពេលចូលក្នុង AYCគឺគេបង្រៀនយើងឲ្យចេះឯករាជ្យ ហើយចេះគិតច្រើនជាងមុន។ ចេះដឹងច្រើនរបៀបទំនាក់ទំនងដើម្បីឲ្យគម្រោងដំណើរការ។ ស្គាល់គេច្រើន ហើយធ្វើឲ្យខ្ញុំមានការទទួលត្រូវច្រើនជាងមុន»។
លោកគឹមឡាយលើកទឹកចិត្តឲ្យយុវជនចូលរួមសកម្មភាពស្ម័គ្រចិត្ត ដោយសារតែនេះជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាសង្គម និងផ្លាស់ប្តូរសង្គមឲ្យមានភាពរីកចម្រើន។ លោកនិយាយថា៖ «ការណ៍ពិតទៅយុវជនអត់ដឹងថា ខ្លួនឯងអាចធ្វើឲ្យមានការផ្លាស់ប្តូរប៉ុណ្ណាទេ រហូតទាល់តែខ្លួនឯងចូលក្នុងសកម្មភាពសង្គម ទើបដឹងថា ខ្លួនឯងអាចធ្វើបានច្រើន។ ទីមួយគាត់អាចនឹងរៀនពីរបៀបរបបធ្វើការងារជាក្រុម ទី២គឺគាត់អាចសិក្សាពីការធ្វើការងារ ដែលមានជនជាតិបរទេស ទី៣គឺពង្រឹងសមត្ថភាពជាអ្នកដឹកនាំ។ លើសពីហ្នឹងទៅទៀត គាត់អាចរៀនពីរបៀបទំនាក់ទំនង។ កិត្តិនាមរបស់ AYC ត្រូវបានគេទទួលស្គាល់ ដែលអាចឲ្យយុវជនទទួលបានឱកាសការងារល្អ និងឱកាសទៅសិក្សានៅបរទេសជាដើម»៕